ថ្ងៃសុក្រ ទី០៦ ខែមិថុនា ឆ្នាំ២០២៥

រាជធានីភ្នំពេញ នឹងរៀបចំពិព័រណ៍វប្បធម៌ ទេសចរណ៍ និងកីឡា នៅពហុកីឡដ្ឋានជាតិមរតកតេជោ 

០៥ មេសា ២០២២ | ព័ត៌មានជាតិ


ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ អាជ្ញាធររាជធានីភ្នំពេញ នឹងរៀបចំព្រឹត្តិការណ៍ ពិព័រណ៍ វប្បធម៌ ទេសចរណ៌ និងកីឡា ដែលប្រព្រឹត្តទៅរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ ខាងមុខ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ព្រឹត្តិការណ៍នេះ ធ្វើឡើងក្នុងគោលបំណងលើកស្ទួយវប្បធម៌ និងប្រពៃណីជាតិ លើកកម្ពស់ផលិតផលក្នុងស្រុក ជំរុញការចូលរួមក្នុងវិស័យកីឡា ផ្សព្វផ្សាយអំពីវិស័យទេសចរណ៍ និងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

 


ខណៈកម្មវិធីសង្រ្កាន្ត នៅតាមបណ្ដាខេត្តនានា កំពុងរៀបចំឡើងដើម្បីបង្កើតបរិយាកាសសប្បាយដល់ប្រជាពលរដ្ឋទូទៅ ក៏ដូចជាអបអរបុណ្យឆ្នាំចូលឆ្នាំថ្មីដែលនឹងមកដល់ក្នុងពេលខាងមុខ  នៅរាជធានីភ្នំពេញ ឯណេះវិញក៏បានត្រៀមរៀបចំពិព័រណ៍វប្បធម៌ ទេសចរណ៍ និងកីឡា នៅពហុកីឡដ្ឋានជាតិមរតកតេជោ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ខាងមុខ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ដូចគ្នាដែរ។ 

 


បើតាមឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ព្រឹត្តិការណ៍ ពិព័រណ៌វប្បធម៌ ទេសចរណ៍ និងកីឡានេះ ធ្វើឡើងក្នុងគោលបំណងលើកស្ទួយ វប្បធម៌ និងប្រពៃណីជាតិ លើកកម្ពស់ផលិតផលក្នុងស្រុក ជម្រុញការចូលរួមក្នុងវិស័យកីឡា និងទាក់ទាញមហាជនមកទស្សនាពហុកីឡដ្ឋាន ជាតិមរតកតេជោ ដែលជាពហុកីឡដ្ឋាន លំដាប់អន្តរជាតិប្រចាំតំបន់អាស៊ីអាគ្នេយ៍ ផ្សព្វផ្សាយអំពីវិស័យទេសចរណ៍ និងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

 


ឯកឧត្តម បានបន្ថែមថា ព្រឹត្តិការណ៍នេះ នឹងក្លាយជាផលិតផលទេសចរណ៍មួយដ៏សំខាន់ក្នុងការផ្ដល់ជូនការកម្សាន្តរបស់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងមកពីខេត្តនានា ។ ទីតាំងពហុកីឡដ្ឋានជាតិមរតកតេជោ គឺជាទីតាំងដ៏សក្តិសមបំផុតមួយសម្រាប់រៀបចំព្រឹត្តិការណ៍នានា ដោយនៅទីនោះមានទាំងវិមានឈ្នះ-ឈ្នះ សួនសត្វសាហ្វឺរី និងសួនទឹក Garden City Waterpark ដែលសុទ្ធតែជាផលិតផលទេសចរណ៍ទាក់ទាញយ៉ាងសំខាន់។

 


គួរបញ្ជាក់ថា ព្រឹត្តិការណ៍ ពិព័រណ៌វប្បធម៌ ទេសចរណ៍ និងកីឡា រៀបចំឡើងដោយវិស័យឯកជន សហការជាមួយពហុកីឡដ្ឋានជាតិមរតកតេជោ រដ្ឋបាលរាជធានីភ្នំពេញ ក្រសួងទេសចរណ៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ។ កម្មវិធីនានា ក្នុងព្រឹត្តិការណ៍នេះ រួមមាន ការតាំងពិព័រណ៍ផលិតផល កម្មវិធីសម្ដែងរបាំប្រពៃណី កម្មវិធីលេងល្បែងប្រជាប្រិយខ្មែរចម្រុះ កម្មវិធីចម្រៀង និងរាំលេងកម្សាន្តតាមចង្វាក់ប្រពៃណីខ្មែរ និងកម្មវិធីសម្ដែងសិល្បៈគុនខ្មែរ និងកម្មវិធីប្រឡងចម្រៀង ការសម្ដែងរបាំឆៃយ៉ាំ និងរបាំគ្រុឌ កម្មវិធីប្រឡងបវរកញ្ញាមជ្ឈឹមសម័យជាដើម៕

 

 

អត្ថបទ៖ សន រដ្ឋា  រូបភាព៖ ញិល សុជា 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025