ថ្ងៃពុធ ទី២៨ ខែឧសភា ឆ្នាំ២០២៥

ឈើម៉ៃសាក់ជាង១៣០ ហិកតា ផ្តើមកែច្នៃគ្រឿងសង្ហារឹមដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងការនាំចេញ

០៤ មីនា ២០២២ | សេដ្ឋកិច្ច


ក្នុងរបរដាំដើមឈើម៉ៃសាក់ជាង២០ឆ្នាំមកនេះលោក ឈុន វីរៈជាម្ចាស់ចំការឈើម៉ៃសាក់ជាង ១៣០ ហិកតាបានប្រាប់ក្រុមការងារសេដ្ឋកិច្ចភីអិនអិនថា ហេតុផលដំបូងដែលលោកសម្រេចចាប់ផ្តើមរបរដាំដើមម៉ៃសាក់នេះរំពឹងទទួលបានផលត្រឡប់មកវិញក្រោយពីឈើម៉ៃសាក់ឲ្យផល ប៉ុន្តែមកដល់ពេលនេះគឺរយៈពេលជាង២០ឆ្នាំមកហើយ តែឈើម៉ៃសាក់ក៏មិនទាន់ផ្តល់ផល ដូច្នេះទើបលោកសម្រេចយកឈើម៉ៃសាក់ដែលខ្លួនដាំបានច្នៃជាគ្រឿងសង្ហារឹមដើម្បីផ្គត់ផ្គង់ទីផ្សារ ខណៈមើលឃើញថាទីផ្សារក្នុងស្រុក និងការនាំចេញកំពុងពេញនិយមមានតម្រូវការខ្ពស់។


លោក ឈុន វីរៈ បានអះអាងបន្តថា គិតមកដល់ពេលនេះគឺលោកបានចាប់យកការធ្វើកសិកម្មដាំឈើម៉ៃសាក់នេះអស់រយ: ពេល២០ឆ្នាំជាងមកហើយ នៅលើផ្ទៃដី១៣០ហិកតា ដោយបានដាំដើមឈើម៉ៃសាក់ប្រមាណ២០ម៉ឺនដើម និងដើម្បីទាញយកផលចំនេញលោកក៏សម្រេចបង្កើតឲ្យមានរោងជាងសម្រាប់កែច្នៃចេញជាគ្រឿងសង្ហារឹមដូចជា សាឡុង គ្រែ តុ ទូ កៅអី ត្បាល់ ជ្រញ់ ជាច្រើនមុខផ្សេងៗទៀតដោយខ្លួនឯង ដើម្បីលើកកម្ពស់ផ្នែកកសិកម្មដាំដើមឈើម៉ៃសាក់ក្នុងប្រទេសផង និងសម្រាប់យកមកកែច្នៃចេញជាគ្រឿងសង្ហារឹមគ្រប់ប្រភេទផង។

 


លោក ឈុន វីរៈ ក៏បានបន្ថែមអំពីហេតុផលខ្លះទៀតចំពោះការផ្តើមងាកមកច្នៃឈើម៉ៃសាក់ដោយបានលើកឡើងថា រយះពេលជាង២០ឆ្នាំមកនេះ លោកពុំទាន់ទទួលបានផលអ្វីពីឈើម៉ៃសាក់នៅឡើយទេ មានតែអស់ថវិការទៅវិញ ដោយលោកត្រូវចំណាយពេលវេលារួមទាំងថវិការដើម្បីថែទាំវា។ លោកថា ពីរមួយទៅមួយឆ្នាំ វាកាន់តែមានសភាពយូរទៅៗមិនងាយនិងធំលឿន លោកក៍បានសម្រេចចិត្តកែច្នៃដើមម៉ៃសាក់ចេញជាគ្រឿងសង្ហារិម និងគ្រឿងដេគ័រផ្សេងៗដើម្បីជាការដាក់តាំងលម្អការិយាល័យធ្វើការ និងផ្ទះសម្បែងខ្លួន ដោយទើបតែ ផ្តើមកែច្នៃឈើម៉ៃសាក់នេះនៅឆ្នាំ ២០២១។ 

 


លោក ឈុន វីរៈ បានឲ្យដឹងទៀតថា ការវិនិយោគលើចម្ការឈើ ពិតជាមានសារៈសំខាន់ព្រោះវានឹងជួយកាត់បន្ថយសម្ពាធមកលើការប្រើប្រាស់ឈើធម្មជាតិ ហើយការបង្កើតឱ្យមានឧស្សាហកម្មកែច្នៃឈើនេះ ក៏នឹងជួយបង្កើតការងារ និងបង្កើនចំណូលជូនប្រជាពលរដ្ឋនៅក្នុងតំបន់នោះ ចូលរួមក្នុងកំណើនសេដ្ឋកិច្ចជាតិ។ លោកបន្ថែមថា ការបង្កើតចម្ការដាំឈើ គឺជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាព ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងចូលរួមពង្រឹងការអភិរក្សធនធានធម្មជាតិ ដែលកម្ពុជាមាននាពេលបច្ចុប្បន្ន។

 


ក្នុងនាមជាប្រជាពលរដ្ឋដែលមានបទពិសោធន៍ជាមួយចំការម៉ៃសាក់នេះ សូមណែនាំ ពលរដ្ឋទូទៅដែលមានបំណងដំាដើមម៉ៃសាក់ ដោយដី១ហិកតាអាចដាំពី ៥០០ដើមទៅ ៦០០ដើម ចំពោះស្តង់ដារលក់ដែលត្រឹមត្រូវគឺមានទំហំ ៣០សង់ទីម៉ែត្រឡើងទៅគឺ អាចលក់១ដើមបានតម្លៃ ១០០ដុល្លារ ដូច្នេះក្នុង១ហិកតាគឺអាចរកចំណូលបានជាង ៥ម៉ឺនដុល្លារឯណោះប្រសិនជាដាំដល់៦០០ដើមនិងថែទាំតាមបច្ចេកទេសត្រឹមត្រូវ។ 

 


យោងតាមក្រសួងបរិស្ថាន តម្រូវការនៃការប្រើប្រាស់ឈើដែលបានមកពីចម្ការឈើដាំ ដូចជាឈើអាកាស្សា ម៉ៃសាក់ ប្រេងខ្យល់ជាដើមសម្រាប់ផលិតគ្រឿងសង្ហារឹម មានការកើនឡើងគួរឱ្យកត់សម្គាល់។ ក្រសួងបរិស្ថានបានអនុញ្ញាតឱ្យប្រជាសហគមន៍អាស្រ័យផលលើផ្ទៃដីរដ្ឋក្នុងទំហំមួយសមស្រប ដែលផ្ទៃដីនេះពួកគាត់អាចសហការជាមួយក្រុមហ៊ុនឯកជនក្នុងដាំអាកាស្សា ដើមម៉ៃសាក់ ដើម្បីរកចំណូលដល់សហគមន៍ និងដើម្បីអភិរក្សជីវ :ចម្រុះ។ 

 


តាមកិច្ចផ្តួចផ្តើមនេះ សហគមន៍តាសាលនៅក្នុងខេត្តកំពង់ស្ពឺ បានសហការជាមួយក្រុមហ៊ុន អ៊ីស្រាអែលដាំដើមម៉ៃសាក់ លើផ្ទៃដី ៣៥០ ហិកតា និងក្រុមហ៊ុន មួយ ទៀតនឹងដាំអាកាស្សាលើផ្ទៃដី ៨៥០ហិកតា។ បន្ថែមលើនេះ ក្រសួងបរិស្ថាន បាននិងកំពុង ផ្តល់ កូនអាកាស្សាចំនួន ១លានដើម ក្នុងឆ្នាំ២០២១ ដល់ឃុំចំនួន ៨ ក្នុងស្រុកពារាំង ខេត្តព្រៃវែង និងទីកន្លែងផ្សេងទៀត ដែលជាកិច្ចសហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីជំរុញការងារនេះ៕
 

 

អត្ថបទ: ថុន សុកេតុមាលា រូបភាព ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025