ថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភា ឆ្នាំ២០២៥
នៅសប្តាហ៍ទី ៤ ខែឧសភានេះ តម្លៃប្រេងឆៅសកល បានកើនឡើងបន្តិច បន្ទាប់ពី សហរដ្ឋអាមេរិក ពន្យារពេលដំឡើងពន្ធលើការនាំចូលពី សហភាពអឺរ៉ុប។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានអន្តរជាតិធំៗ នៅថ្ងៃនេះ។
នៅលើទីផ្សារប្រេងសកល ក្នុងសប្តាហ៍ទី ៤ ខែឧសភានេះ តម្លៃប្រេងឆៅ Brent របស់អង់គ្លេស ស្ថិតនៅរង្វង់ ៦៥ដុល្លារអាមេរិកក្នុងមួយបារ៉ែល បន្ទាប់ពីកើនឡើង ធ្លាក់ចុះ ០,៤% ខណៈប្រេងឆៅ West Texas Intermediate របស់អាមេរិក ស្ថិតនៅចន្លោះ ៦១ដុល្លារអាមេរិកក្នុងមួយបារ៉ែល ដែលមានការកើនឡើងប្រមាណ ០,៤%។
តម្លៃប្រេង បានកើនឡើងបន្តិច បន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានពន្យាពេលកំណត់សម្រាប់កិច្ចចរចាពាណិជ្ជកម្មជាមួយ សហភាពអឺរ៉ុប ដោយបន្ធូរបន្ថយការព្រួយបារម្ភអំពីពន្ធរបស់សហរដ្ឋអាមេរិកលើប្លុកអឺរ៉ុប ដែលអាចប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក និងតម្រូវការប្រេងឥន្ធនៈ។
យ៉ាងណាក៏ដោយ ការកើនឡើងនេះ ត្រូវបានដាក់សម្ពាធ ដោយការរំពឹងទុកថា អង្គការនៃប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្តរបស់ពួកគេ ដែលជាក្រុមដែលគេស្គាល់ថាជា OPEC+ អាចសម្រេចចិត្តបង្កើនទិន្នផល ៤សែនបារ៉ែលក្នុងមួយថ្ងៃ សម្រាប់ខែកក្កដា ក្នុងកិច្ចប្រជុំសប្តាហ៍ក្រោយ។ជាចុងក្រោយ ក្រុមអ្នកវិភាគ បានបញ្ជាក់ថា ទីផ្សារប្រេង កំពុងដោះស្រាយជាមួយនឹង ភាពមិនច្បាស់លាស់នៃតម្រូវការ ហើយការផ្គត់ផ្គង់ប្រេងឆៅ កាន់តែកើនឡើង អាចនឹងលើសពីតម្រូវការ៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ