ថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភា ឆ្នាំ២០២៥

កម្ពុជា-ថៃ ដាក់គោលដៅទំហំពាណិជ្ជកម្ម ១៥ពាន់លានដុល្លារ នៅឆ្នាំ ២០២៧

២៧ ឧសភា ២០២៥ | សេដ្ឋកិច្ច

 

ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងក្រសួងការបរទេសថៃ បានកំណត់គោលដៅទំហំពាណិជ្ជកម្មរវាងប្រទេសទាំង ២ រហូតដល់ ១៥ពាន់លានដុល្លារ នៅឆ្នាំ ២០២៧ខាងមុខ។

 

 

នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបង្ហាញពី លទ្ធផលនៃកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការក្នុង ទម្រង់ពង្រីក ស្តីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច ដែលក្នុងនោះរួមមាន ភាគីកម្ពុជា និងថៃ បានកំណត់គោលដៅពាណិជ្ជកម្មទ្វេភាគីប្រមាណ ១៥ពាន់លានដុល្លារអាមេរិក នៅឆ្នាំ ២០២៧ខាងមុខ។

 


ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងឯកឧត្តម ម៉ារីស សានគៀមពង្សា រដ្ឋមន្ត្រីក្រសួងការបរទេសថៃ បានផ្លាស់ប្តូរយោបល់ និងពិភាក្សាស៊ីជម្រៅលើ វិស័យកិច្ចសហប្រតិបត្តិការដែលមានសក្តានុពល រួមមានការកំណត់គោលដៅទំហំពាណិជ្ជកម្មទ្វេភាគី ការជំរុញវិស័យទេសចរណ៍ កសិកម្ម និងវប្បធម៌ ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសតាមបណ្តោយព្រំដែនប្រទេសទាំង ២ និងកិច្ចសហការដោះស្រាយ បញ្ហាសន្តិសុខមិនប្រពៃណីនានា។

 


លើសពីនេះ ភាគីទាំង ២ ក៏បានពិភាក្សាលើការត្រៀមរៀបចំ កិច្ចប្រជុំគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ថៃ, កិច្ចប្រជុំគណៈរដ្ឋមន្ត្រីចម្រុះ រវាងព្រះរាជាណាចក្រទាំង ២ និងពិធីសម្ពោធដាក់ឱ្យដំណើរការស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ពានស្ទឹងបត់-បានណងអៀន)។បើមើលទៅលើ តួលេខពាណិជ្ជកម្មរវាងប្រទេសទាំង ២ ឃើញថា ក្នុងរយៈពេល ៤ខែ ដើមឆ្នាំ ២០២៥នេះ ប្រទេសថៃ ឈរនៅលំដាប់ទី ៤ ដែលសម្រេចបាននូវទំហំពាណិជ្ជកម្មទ្វេភាគីជាមួយ កម្ពុជា ជិត ១ពាន់ ៥រយលានដុល្លារ ក្នុងនោះកម្ពុជា នាំចេញទៅកាន់ថៃប្រមាណ ៣២៧លានដុល្លារ និងនាំចូលមកវិញប្រមាណ ១ពាន់លានដុល្លារអាមេរិក។

 


សូមជម្រាបថា ក្នុងឆ្នាំ ២០២៤កន្លងទៅនេះ ប្រទេសកម្ពុជា សម្រេចបាននូវ ការនាំចេញ-នាំចូលទំនិញទៅកាន់ទីផ្សារប្រទេសថៃ ប្រមាណ ៤ពាន់ ២រយលានដុល្លារអាមេរិក មានការកើនឡើង ១៥% ដោយ កម្ពុជា សម្រេចបានការនាំចេញជាង ៨៤៤លានដុល្លារអាមេរិក កើនឡើង ៣% និងការនាំចូលមកវិញ ប្រមាណ ៣ពាន់ ៤រយលានដុល្លារអាមេរិក ដែលមានការកើនឡើង ប្រហែល ១៨% ហើយវាបានធ្វើឲ្យ កម្ពុជា សម្រេចឱនភាពពាណិជ្ជកម្មប្រមាណ ២ពាន់ ៥រយលានដុល្លារអាមេរិក៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025