ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

ឱសថខុសច្បាប់ និងផលិតផលក្លែងក្លាយ ជាង ១៣០តោន ត្រូវបានកម្ទេចចោល

០៥ មិថុនា ២០២០ | ព័ត៌មានជាតិ

គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៅថ្ងៃទី៤ ខែមិថុនានេះ បានកម្ទេចឱសថខុសច្បាប់ និងផលិតផលក្លែងក្លាយចំនួនជាង ១៣០តោន នៅទីលានចាក់សំរាម ស្ថិតនៅសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោមវត្តមានឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល។


ឯកឧត្តម មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានលើកឡើងថា ឱសថខុសច្បាប់ និងផលិតផលក្លែងក្លាយ ដែលត្រូវបានកម្ទេចចោលនាពេលនេះ ជាចំនួនដ៏ច្រើនមិនធ្លាប់មាន បន្ទាប់ពីកម្លាំងសមត្ថកិច្ចចម្រុះបង្កើនការបង្ក្រាបកាលពីអំឡុងឆ្នាំ២០១៩ និងដើមឆ្នាំ២០២០នេះ។

 


ឯកឧត្តម មៀច សុផាន់ណា បានបញ្ជាក់ថា ទោះបីជាមានការខិតខំប្រឹងប្រែងទប់ស្កាត់ពីគ្រប់សមត្ថកិច្ចពាក់ព័ន្ធក្តី ក៏ជនល្មើសនៅតែព្យាយាមបន្តប្រព្រឹត្ត ព្រោះថា ការផលិត និងចែកចាយផលិតផលក្លែងក្លាយ គេនឹងទទួលបានប្រាក់ចំណេញយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយការដាក់ទោសទណ្ឌលើបទល្មើសនេះនៅមានកម្រិតស្រាល ស្របពេលដែលការយល់ដឹងរបស់សមត្ថកិច្ចក៏នៅមានកម្រិតផងនោះ។


ឯកឧត្តមបន្តថា ការរៀបចំកម្ទេចចោលនាពេលនេះ ជាសាររំលឹកដល់ជនខិលខូចមួយចំនួន ដែលផលិត និងចែកចាយផលិតផលបំផ្លាញដល់សុខភាពប្រជាជន ហើយគណៈកម្មាធិការប្តេជ្ញាបន្តបង្កើនការទប់ស្កាត់ និងរឹបអូសយកមកកម្ទេចចោល ដោយមិនមានការលើកលែង ឬបន្ធូរបន្ថយជាដាច់ខាត។

 


គួរជម្រាបថា ឱសថខុសច្បាប់ និងផលិតផលក្លែងក្លាយទូទៅជាង ១៣០តោននេះ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះធ្វើការស៊ើបអង្កេត និងបង្ក្រាបនៅក្នុងភូមិសាស្ត្រារាជធានីភ្នំពេញ។ ក្នុងចំណោមផលិតផលដែលដកហួតបានយកមកកម្ទេចចោលនេះរួមមាន ឱសថហួសសុពលភាពចំនួន ២២៥មុខ ស្មើនឹង៦តោន និងឱសថបូរាណចិន អាហាបំប៉ន គ្រឿងសំអាងក្លែងក្លាយទូទៅ រួមទាំងផលិតផលគ្រឿឧបភោគ បរិភោគខូចគុណភាពជាច្រើនប្រភេទទៀត៕

 

អត្ថបទ៖ អឿន ភារ៉ា រូបភាព៖ សុខ ពិសិដ្ឋ

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024