ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

ក្នុងខែកក្កដា សមត្ថកិច្ចបង្ក្រាបអាល់កុលក្លែងក្លាយ បានជាង ៣៤០០០លីត្រ

៣០ កក្កដា ២០២១ | ព័ត៌មានជាតិ

ក្នុងខែកក្កដា ឆ្នាំ២០២១ នេះ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ សហការជាមួយសមត្ថកិច្ចនៃក្រសួងស្ថាប័នពាក់ព័ន្ធ បានចុះរឹបអូសបានអាល់កុលក្លែងក្លាយ ឬអាល់កុល ដែលមានគុណភាព មិនត្រឹមត្រូវ បានចំនួនជាង ៣ម៉ឺន ៤ពាន់លីត្រ និងបានបំផ្លាញចោលនូវអាល់ក្លែងក្លាយប្រមាណជា ៥តោន។

 


អាល់កុលក្លែងក្លាយ អាល់កុលមានគុណភាពមិនត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសមេតាណុល និងអេតាណុល សរុបប្រមាណជា ៣ម៉ឺន ៤ពាន់លីត្រ ត្រូវបានអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ថា  CCF នៃក្រសួងពាណិជ្ជកម្ម សហការជាមួយគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងសមត្ថកិច្ច នៃក្រសួងស្ថាប័នពាក់ព័ន្ធនៅតាមរាជធានីខេត្តនានា ទូទាំងប្រទេស ចុះស្រាវជ្រាវ និងរឹបអូសបានពីតាមបណ្តាឃ្លាំងស្តុក ឱសថស្ថាន ម៉ាត និងផ្ទះលក់ទំនិញនានា នៅក្នុងរយៈពេល ១ខែកក្កដា ឆ្នាំ២០២១ នេះ ខណៈអ្នកពាក់ព័ន្ធ ត្រូវបានសមត្ថកិច្ចអប់រំណែនាំ ឬកសាងសំណុំរឿង ដើម្បីដោះស្រាយទៅតាមនីតិវិធី។ នេះបើតាមការអះអាងរបស់អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំ ហៅកាត់ថា  CCF ។

 


សូមជម្រាបជូនផងដែរថា កាលពីដើម ខែ កក្កដា ឆ្នាំ ២០២១ នេះ មន្រ្តីអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំ នៃ ក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពីសមត្ថកិច្ច នៃ ការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ចកិច្ច នៃ ស្នងការដ្ឋាននគរបាល រាជធានី ភ្នំពេញ ផង បាននាំយកអាល់កុលក្លែងក្លាយ ឬ មេតាណុលប្រមាណជិត ៥ តោន ទៅបំផ្លាញចោលនៅទីលានចាក់សំរាម ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។ 


ការប្រើប្រាស់អាល់កុលក្លែងក្លាយ អាល់កុលដែលមានគុណភាពមិនត្រឹមត្រូវតាមស្តង់ដារ បច្ចេកទេស ដូចជាអាល់កុលដែលមានសារធាតុមេតាណុល និង អេតាណុល មិនគ្រប់កម្រិត ឬ លើសកម្រិតជាដើមនោះ មិនមែនគ្រាន់តែខាតបង់ថវិការបស់អ្នកទិញប៉ុណ្ណោះទេ ប៉ុន្តែកត្តាសំខាន់ជាងនោះទៅទៀត វាគ្មានប្រសិទ្ធភាពក្នុងការប្រើប្រាស់ ដូចជាមិនអាចសម្លាប់មេរោគបាន ហើយកាន់តែអាក្រក់ទៅទៀតនោះ គឺវាប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ដូចជាពុល និង ខ្វាក់ភ្នែកជាដើម ហេតុនេះ តម្រូវឱ្យអ្នកទិញយកចិត្តទុកដាក់ពិនិត្យឱ្យបានច្បាស់លាស់មុននឹងទិញអាល់កុលយកទៅប្រើប្រាស់ ៕


អត្ថបទ៖ ខឿន សាឃាង  រូបភាព៖ CCF

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024