ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

សមត្ថកិច្ចជំនាញសូមឱ្យប្រុងប្រយ័ត្នក្នុងទិញ អាល់កុល ឬ ជែល សម្លាប់មេរោគ

០៤ សីហា ២០២១ | ព័ត៌មានជាតិ

រយៈពេល ៧ខែនៃឆ្នាំ ២០២១នេះ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធចុះរឹបអូស អាល់កុលក្លែងក្លាយបានជាង ៩ម៉ឺន ១ពាន់លីត្រយកទៅបំផ្លាញចោល ហើយមន្ត្រីជំនាញបានអំពាវនាវដល់អ្នកប្រើប្រាស់ទាំងអស់ មុននឹងទិញ ត្រូវពិនិត្យមើលអាល់កុល ដែលមានស្លាកសញ្ញា និងប្រភពឱ្យបានច្បាស់លាស់ ហើយប្រសិនបើមានព័ត៌មាន ឬត្រូវការព័ត៌មាន សូមទំនាក់ទំនងទៅអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ។

 

 

ជាទូទៅ គេមិនអាចមើលដឹងដោយភ្នែកទទេ ឬ ការដោយហិតក្លិន ដើម្បី សម្គាល់ អេទីលអាល់កុល គឺអាល់កុលធម្មតា និង មេតាណុល គឺអាល់កុលពុល បានឡើយ ។ មិនអាចមើល ឬ ហិតក្លិនដឹងបានដោយហេតុថា សារធាតុទាំង ២ នេះ មានលក្ខណៈរូបស្រដៀងគ្នាណាស់ គឺស្រដៀងគ្នាទាំងពណ៌ ទាំងក្លិន ។ ហេតុនេះ អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំ នៃ ក្រសួងពាណិជ្ជកម្ម សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ទាំងអស់ សូមរក្សាការប្រុងប្រយ័ត្នជាប់ជានិច្ច មុននឹងទិញអាល់កុល ឬ ជែល យកទៅប្រើប្រាស់ក្នុងគោលបំណងសម្លាប់មេរោគ សូមពិនិត្យ និង ជ្រើសរើសផលិតផលដែលមានស្លាកសញ្ញា និង ប្រភពច្បាស់លាស់ត្រឹមត្រូវ ។ ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានក្តីមន្ទិលសង្ស័យជាយថាហេតុ ពាក់ព័ន្ធនឹងគុណភាពអាល់កុល ឬ មានព័ត៌មានអំពីការស្តុកទុក ការចរាចរ ឬ ចែកចាយអាល់កុលក្លែងក្លាយ សូមផ្តល់ព័ត៌មានមក អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំ  តាមទូរស័ព្ទលេខ ០២៣ ២៣១ ៨៥៦ ឬ ទូរស័ព្ទលេខ ០៩២ ៨៣០ ៨៥៦ ។ សូមជម្រាបជូនម្តងទៀត ទូរស័ព្ទលេខ ០២៣ ២៣១ ៨៥៦ ឬ ទូរស័ព្ទលេខ ០៩២ ៨៣០ ៨៥៦ ។ នេះគឺជាការពន្យល់ និង អំពាវនាវរបស់ មន្ត្រីអ្នកផ្តល់ព័ត៌មាន នៃ អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំ នៃ ក្រសួងពាណិជ្ជកម្ម តាមរយៈការឆ្លើយឆ្លងគ្នាតាម តេឡេហ្ក្រាម ជាមួយ PNN នៅថ្ងៃទី ៤ ខែ សីហា ឆ្នាំ ២០២១ នេះ ។

 

 

បើតាម មន្ត្រីអ្នកផ្តល់ព័ត៌មាន ដដែល បានអះអាងថា គិតត្រឹមតែរយៈពេល ៧ ខែ គឺពីខែ មករា ដល់ដំណាច់ខែ កក្កដា ឆ្នាំ ២០២១ នេះ អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំ ហៅកាត់ថា  CCF នៃ ក្រសួងពាណិជ្ជកម្ម  ដោយទទួលបានការណែនាំពីឯកឧត្តម ប៉ាន សូរស័ក្ត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានសហការជាមួយគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និង សមត្ថកិច្ច នៃ ក្រសួងស្ថាប័នពាក់ព័ន្ធនៅតាមរាជធានី ខេត្ត នៅទូទាំងប្រទេស ចុះស្រាវជ្រាវ បង្ក្រាបបាន ៧០ ករណី និង រឹបអូសអាល់កុលក្លែងក្លាយ អាល់កុលមានគុណភាពមិនត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស និង មេតាណុល ឬ អាល់កុលពុល បាន សរុប ៩ ម៉ឺន ១ ពាន់ និង ៥៣៩ លីត្រ ពីតាមបណ្តាឃ្លាំងស្តុក ឱសថស្ថាន និង ម៉ាត ជាដើម យកទៅកម្ទេចចោល ខណៈអ្នកពាក់ព័ន្ធត្រូវបានសមត្ថកិច្ចអប់រំណែនាំ ឬ កសាងសំណុំរឿង ដើម្បី ដោះស្រាយទៅតាមច្បាប់ ។

 

 

ការប្រើប្រាស់អាល់កុលក្លែងក្លាយ អាល់កុលដែលមានគុណភាពមិនត្រឹមត្រូវតាមស្តង់ដារ បច្ចេកទេស ដូចជាអាល់កុលដែលមានសារធាតុមេតាណុល និង អេតាណុល មិនគ្រប់កម្រិត ឬ លើសកម្រិតជាដើមនោះ មិនមែនគ្រាន់តែខាតបង់ថវិការបស់អ្នកទិញប៉ុណ្ណោះទេ ប៉ុន្តែកត្តាសំខាន់ជាងនោះទៅទៀត វាគ្មានប្រសិទ្ធភាពក្នុងការប្រើប្រាស់ ដូចជាមិនអាចសម្លាប់មេរោគបាន ហើយកាន់តែអាក្រក់ទៅទៀតនោះ គឺវាប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ដូចជាពុល និង ខ្វាក់ភ្នែកជាដើមទៀតផង ៕

 

អត្ថបទ៖ ខឿន សាឃាង រូបភាព៖ CCF

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024