ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ស្នើសុំកិច្ចសហការពីក្រុមហ៊ុនដៃគូ និងប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់បទល្មើសទំនិញក្លែងក្លាយ និងខូចគុណភាព

២៩ កក្កដា ២០២០ | ព័ត៌មានជាតិ

មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ស្នើសុំកិច្ចសហការពីក្រុមហ៊ុនដៃគូ និងប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់បទល្មើសទំនិញក្លែងក្លាយ និងខូចគុណភាព នៅលើទិផ្សារ ដើម្បីធានាឲ្យបាននូវសុខុមាលភាពជូនប្រជាពលរដ្ឋទូទាំងប្រទេស ជៀសផុតពីការប្រើប្រាស់ផ្លូវ ដែលខូចគុណភាព។

 

 


ឧត្ដមសេនីយ៍ឯក តាន់ សុខវិជ្ជា ប្រធានលេខាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានអំពាវនាវទៅដល់ ទៅដល់ម្ចាស់ក្រុមហ៊ុន និងសាធារណជនទាំងអស់ ចូលរួមសហការផ្ដល់ព័ត៌មាន និង រាយការណ៍ អំពីទីតាំងអំពីមុខសញ្ញា គោលដៅផលិត និងគោលដៅដែលឈ្មួញបានលក់ចែកចាយ នូវផលិតផលខុសច្បាប់ មកដល់អាជ្ញាធរពាក់ព័ន្ធ ដើម្បីចាត់មន្រ្តីជំនាញចុះទៅត្រួតពិនិត្យ និងបង្រ្កាបឲ្យបានមុនផលិតផលក្លែងក្លាយ និងខូចគុណភាពទាំងអស់នោះ ចរាចរនៅលើទីផ្សារ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។

 


ឧត្ដមសេនីយ៍ឯក បានថ្លែងបញ្ជាក់ថា ការបង្កើនកិច្ចសហការល្អ ជាមួយភាគីពាក់ព័ន្ធនេះ គឺជាការរួមគ្នាទប់ស្កាត់ និងបង្រ្កាប ផលិតផលក្លែងបន្លំ ដែលគ្មានគុណភាពគ្រប់ប្រភេទ ដូចជា ផលិតផលវិជ្ជសាស្រ្ត ឱសថសាស្រ្ត គ្រឿងសំអាង និង គ្រឿងឧបភោគបរិភោគជាដើម ដើម្បីធានាសុវត្ថិភាព សុខភាព ជូនប្រជាពលរដ្ឋ ក៏ដូចជា ការការពារអ្នកវិនិយោគសុច្ចរិត និងសហគ្រាសទាំងឡាយដែលប្រកបរបរស្របច្បាប់ មានភាពស្មោះត្រង់ និងមានភាពត្រឹមត្រូវ ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ។ 

 


លោក វណ្ណ សុភានោ តំណាងក្រុមហ៊ុនឯកជនបានង្ហាញការគាំទ្រចំពោះការ រួមគ្នាទប់ស្កាត់ និងបង្រ្កាប ផលិតផលក្លែងបន្លំ ដែលគ្មានគុណភាពគ្រប់ប្រភេទ ដែលកំពុងចរាចរនៅលើទីផ្សារក្នុងប្រទេសកម្ពុជា។ ទន្ទឹមនិងនេះ លោកក៏បានស្នើឲ្យភាគីពាក់ព័ន្ធទាំងអស់ បង្កើនការរឹតបន្តឹងបន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ផលិតផលរំលោភលើកម្មសិទ្ធិបញ្ញា និងសិទ្ធិប្រហាក់ប្រហែលដទៃទៀត ដើម្បី ការពារអ្នកវិនិយោគសុច្ចរិត និងសហគ្រាសទាំងឡាយដែលប្រកបរបរស្របច្បាប់ មានភាពស្មោះត្រង់ និងមានភាពត្រឹមត្រូវចំពោះមុខច្បាប់ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងផ្ដល់សុវត្ថិភាព សុខភាពដល់ប្រជាជនកម្ពុជាផងដែរ។ 

 


សូមបញ្ជាក់ថា ផលិតផលក្លែងក្លាយ ដែលសមត្ថកិច្ចជំនាញរឹបអូសបានភាគច្រើន ជាប្រភេទ គ្រឿងសំអាង ផលិតផលធ្វើឲ្យស្បែកស សាប៊ូ ថ្នាំជក់ជាដើម ត្រូវបានឈ្មួញទុច្ចរិតនាំចូលតាមរូបភាពផ្សេងៗ។ កាលពីដើមខែមិថុនា២០២០ គណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបានដុកកម្ទេចចោល ឱសថក្លែងក្លាយ អន់គុណភាព និងផលិតផលក្លែងក្លាយខុសច្បាប់ជាង ១៣០តោន ដែលកម្លាំង សមត្ថកិច្ចចម្រុះនៃ គណៈកម្មាធិការបានបង្ក្រាប និង រឹបអូសរក្សាទុកនាពេលកន្លងមកផងដែរ៕

អត្ថបទ៖ សំ ជំនាញ     រូបភាព៖ និន សុខលី
 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024