ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

កាន់ ម៉េងហុង ថាចាញ់មិនទាន់អស់ចិត្ត ខណៈ ធន់ ស៊ីហុង ប្រកាសស្វាគមន៍ជំនួបសងសឹក 

០២ មិថុនា ២០២០ | កីឡា

ក្រោយសងសឹកបានសម្រេច ក្នុងជំនួបប៉ះគ្នាពីរលើក នៅសង្វៀន “អធិរាជគុនខ្មែរ ISI PALM-ISI PIPE”នៅភីអិនអិន កាលពីថ្ងៃអាទិត្យ ទី៣១ ខែឧសភា ថ្នាលគុនខ្មែរកំពុងលេចធ្លោទម្ងន់ស្រាល ធន់ ស៊ីហុង អះអាងថា ខ្លួនរីករាយ និងស្វាគមន៍ជានិច្ចចំពោះ កាន់ ម៉េងហុង ប្រសិនចង់ជម្រះបញ្ជីជាមួយខ្លួនជាថ្មី។ ខណៈ កូននាគខ្មៅ កាន់ ម៉េងហុង វិញក៏បញ្ជាក់ថា ខ្លួននៅតែចិញ្ចឹមចិត្តប៉ងប៉ះ ធន់ ស៊ីហុង សារជាថ្មីផងដែរ បើមានឱកាស ព្រោះចាញ់នៅមិនទាន់អស់ចិត្តនៅឡើយ។ 

 


ប្រាប់ភីអិនអិន ក្រោយចប់ការប្រកួត អ្នកប្រយុទ្ធគុនខ្មែររលកថ្មី ធន់ ស៊ីហុង លើកឡើងថា៖ « ពិបាកវាយជាមួយគ្នាដែរ ព្រោះអីគាត់ខ្លាំង ហើយវាយទៅវាយមកខ្លាំងដូចគ្នា។ ខុសពីមុន ដោយលើកមុនវាយ ៥ទឹក តែសារនេះវាយ ៣ទឹក អ៊ីចឹងត្រូវវាយរហ័ស ទើបវាយទាន់គេ។ ខ្ញុំវាយលឿនជាគាត់មែន តែគាត់ចេញមួយៗធ្ងន់។ ខ្ញុំព្យាយាមដើរបុករហូត ទាត់ធាក់ៗ។ បើគាត់ចង់ប្រកួតទៀត អត់អីទេ ខ្ញុំស្វាគមន៍ជានិច្ច។ គាត់ខ្លាំងដែរ វាយគាត់មិនងាយសន្លប់ទេ ព្រោះអីខ្ញុំក៏ខំ គាត់ក៏ខំ។ ហើយសារនេះ វាយបានលុយច្រើនទៀត។ រាល់ដងបានតែ៣០ ឬ៤០ម៉ឺនទេ តែនេះបាន១លាន២០ម៉ឺន។ បានលុយច្រើនអ៊ីចឹង វាយលើកក្រោយទៀត មានទឹកចិត្តហាត់កាន់តែខ្លាំង»។

 


ចំណែកម្ចាស់មេដាយមាសថ្នាក់ជាតិ កាន់ ម៉េងហុង រៀបរាប់ថា៖ «ខ្ញុំទទួលស្គាល់ថា ពិបាកវាយជាមួយគាត់ ព្រោះអីគាត់ខ្ពស់។ ជើងគាត់វែង វាយទៅគាត់ធាក់កាត់ ហើយដៃខ្ញុំខ្លីជាងទៀត។ បើកម្ពស់ដូចគ្នា អត់អីទេ តែនេះខ្ញុំទាបជាងគាត់។ ខ្ញុំខំឆាកចូលវាយដៃ ហើយខំប្រឹងចាប់ តែគាត់វាយក្បាច់ដូច ប៊ុន សុធា។ រាល់ដងគាត់ទន់ជាងខ្ញុំទេ តែថ្ងៃហ្នឹង គាត់ខំប្រឹងចាប់ខ្លាំងជាងមុន។ បើចាប់ឲ្យវាយជាមួយគាត់ ខ្ញុំវាយទៀត ឲ្យតែគីឡូប៉ុនគ្នា ព្រោះខ្ញុំនៅតែ មិនទាន់អស់ចិត្ត។ ម្យ៉ាងបើមិនប៉ងវាយទៀត គេអាចថាយើងអន់ អ៊ីចឹងទោះគាត់ខ្លាំងយ៉ាងម៉េចក៏ត្រូវវាយទៀតដែរ»។

 


   

សូមបញ្ជាក់ថា ក្នុងការប៉ះគ្នាបីលើកកន្លងមក ធន់ ស៊ីហុង យកឈ្នះពិន្ទុ កាន់ ម៉េងហុង ចំនួនពីរលើក ដោយការប្រឈមគ្នាចុងក្រោយ ធ្វើឡើងនៅសង្វៀន «អធិរាជគុនខ្មែរ ISI PALM-ISI PIP» នៅភីអិនអិន កាលពីថ្ងៃអាទិត្យ ទី៣១ ខែឧសភា ក្នុងការប្រកួតបីទឹក៕


អត្ថបទ និងរូបភាព៖ នូ ពៅ 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024