ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

សម្ដេចតេជោ បង្កើតឃុំយាយម៉ៅពេជ្រនិល នៅកំពង់ស្ពឺ និងសង្កាត់ ២ទៀត នៅប៉ោយប៉ែត

០១ កញ្ញា ២០២១ | ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបង្កើតឃុំថ្មីមួយទៀត នៅខេត្តកំពង់ស្ពឺ គឺឃុំយាយម៉ៅពេជ្រនិល និងសង្កាត់ចំនួន ២ទៀត នៅក្រុងប៉ោយប៉ែត  ខេត្តបន្ទាយមានជ័យ។ នេះបើតាមអនុក្រឹត្យរបស់សម្ដេចតេជោ។

 


ផ្អែកតាមអនុក្រឹត្យរបស់សម្ដេចតេជោនាយកមន្រ្តី ឃុំយាយម៉ៅពេជ្រនិល នឹងក្លាយជាដែនដីរដ្ឋបាលឃុំទី១២ចំណុះឱ្យរដ្ឋបាលស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ។ អនុក្រឹត្យបានឱ្យដឹងថាភូមិទាំង៩ដែលត្រូវបានកាត់ពីឃុំត្រែងត្រយឹង មកបង្កើតជារដ្ឋបាលឃុំយាយម៉ៅពេជ្រនិលនេះ រួមមានទី៣ ភូមិទី៦ ភូមិចំការចេក ភូមិទឹកចេញ ភូមិព្រីង ភូមិកងមាស ភូមិវាលធំ ភូមិសម្បទានសែនជ័យ និងភូមិស្រល់។ 


អនុក្រឹត្យរបស់សម្តេចតេជោ ហ៊ុន សែន បានកំណត់ថា ទីតាំងសាលាឃុំយាយម៉ៅពេជ្រនិល នឹស្ថិតនៅក្នុងភូមិចំការចេក។ យ៉ាងណាក៏ដោយ ថ្វីដ្បិតថាឃុំយាយម៉ៅពេជ្រនិលត្រូវបានបង្កើតឡើង ប៉ុន្តែមិនមានការរៀបចំការបោះឆ្នោតដាច់ដោយឡែកដើម្បីបង្កើតក្រុមប្រឹក្សាឃុំថ្មីនេះទេ។ អនុក្រឹត្យបានតម្រូវឱ្យក្រុមប្រឹក្សាឃុំត្រែងត្រយឹង នៅតែត្រូវបន្តគ្រប់គ្រងភូមិទាំង៩ដដែល រហូតដល់មានក្រុមប្រឹក្សាឃុំយាយម៉ៅពេជ្រនិល មកជំនួស។

 


ក្នុងអនុក្រឹត្យមួយទៀត សម្ដេចតេជោក៏បានសម្រេចបង្កើតសង្កាត់ចំនួន២បន្ថែមទៀត ក្នុងក្រុងប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ។ បើតាមអនុក្រឹត្យ សង្កាត់អូរជ្រៅ បានកាត់ភូមិចំនួន៧ភូមិពីសង្កាត់ប៉ោយប៉ែត រួមមាន ភូមិអូរជ្រៅ ភូមិក្បាលកោះ ភូមិក្បាលស្ពាន១ ភូមិក្បាលស្ពាន២ ភូមិសាមគ្គីមានជ័យ ភូមិព្រៃព្រិច និងភូមិប៉ោយប៉ែត ព្រមទាំងកំណត់ទីតាំងសាលាសង្កាត់អូរជ្រៅស្ថិតក្នុងភូមិព្រៃព្រិច។ 


ចំណែកសង្កាត់អូរឬស្សីវិញ បានកាត់ភូមិចំនួន៥ពីសង្កាត់ផ្សារកណ្តាល រួមមាន ភូមិអូរឬស្សី ភូមិប្រជាធម្មកើត ភូមិទួលពង្រ ភូមិអូរនាង និងភូមិព្រៃគប់ ព្រមទាំងកំណត់ទីតាំងសាលាសង្កាត់អូរឬស្សីត្រូវស្ថិតក្នុងភូមិទួលពង្រ។ 

 


ដោយឡែក សម្ដេចប្រមុខរាជរាជរដ្ឋាភិបាលកម្ពុជា ក៏បានចេញអនុក្រឹត្យស្ដីពីការកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងឃុំបឹងល្វា ជាមួយឃុំកំពង់ថ្ម និងឃុំប្រាសាទ នៃស្រុកសន្ទុក ខេត្តកំពង់ធំផងដែរ។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានកំណត់កាលបរិច្ឆេទរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សឃុំសង្កាត់នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ខាងមុខនេះហើយ។

 


យោងតាមរបាយការណ៍ក្រសួងមហាផ្ទៃ កម្ពុជាមានឃុំចំនួន១៤០៥ និងសង្កាត់ចំនួន២៤១។ ឃុំយាយម៉ៅពេជ្រនិល នឹងក្លាយជាឃុំទី១៤០៦ នៅកម្ពុជា។ តាមទ្រឹស្ដីរដ្ឋបាល ការបំបែក ឬបង្កើតរដ្ឋបាលឃុំសង្កាត់ថ្មីៗ ត្រូវបានផ្អែកលើកត្តា ២ គឺកត្តាប្រជាសាស្រ្ត និងភូមិសាស្រ្ត ក្នុងន័យដើម្បីឱ្យការបំរើសេវាសាធារណៈ ជូនពលរដ្ឋ បានកាន់តែល្អប្រសើរ៕
 

អត្ថបទ៖ រ៉េន រតនៈ  រូបភាព៖ ឯកសារ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024