ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០២៤

រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបើកផ្សារបឹងកេងកេងឡើងវិញ និងបិទផ្សារកណ្តាលចំនួន ១៤ថ្ងៃ

១៤ កក្កដា ២០២១ | ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចអនុញ្ញាតឲ្យបើកដំណើរការផ្សារបឹងកេងកងឡើងវិញ ក្រោយផ្អាករយៈពេល ១៤ថ្ងៃ។ ទន្ទឹមគ្នានឹងការបើកផ្សារបឹងកេងកេងឡើងវិញនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានសម្រេចបិទផ្សារកណ្តាលបណ្តោះអាសន្នរយៈពេល ១៤ថ្ងៃ បន្ទាប់ពីរកឃើញកម្មករ និងអាជីវករ ១៧នាក់ ឆ្លងកូវីដ១៩ កាលពីថ្ងៃទី១២ ខែកក្កដា ម្សិលមិញ។

 


ការបើកដំណើរការផ្សារបឹងកេងកងឡើងវិញ អាជ្ញាធររាជធានីភ្នំពេញ តម្រូវអោយអាជីវករ សន្តិសុខ បុគ្គលិកកម្មករ និងអ្នកពាក់ព័ន្ធ ត្រូវទៅយកសំណាកវិភាគរកមេរោគកូវីដ១៩ លើកទី២ តាមកាលកំណត់របស់មន្ត្រីមានសមត្ថកិច្ច និងត្រូវបង្ហាញលទ្ធផលតេស្តអវិជ្ជមាន ដើម្បីបញ្ជាក់ពីស្ថានភាពសុខភាពរបស់ខ្លួន និងដើម្បីជៀសវាងការឆ្លងរាលជាថ្មី។
 


ក្នុងអំឡុងពេលនៃការចាប់ផ្តើមបើកដំណើរការផ្សារឡើងវិញ  អាជ្ញាធររាជធានីភ្នំពេញ ក៏តម្រូវអោយអាជីវករ សន្តិសុខ បុគ្គលិក-កម្មករ អតិថិជន និងជនទាំងឡាយដែលមានវត្តមានក្នុងបរិវេណផ្សារ ត្រូវមានកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពជាចាំបាច់។ ក្នុងករណីមិនពាក់ម៉ាស ឬ ពាក់ម៉ាសមិនបានត្រឹមត្រូវ ឬ មិនរក្សាគម្លាតសុវត្ថិភាពទេនោះ គណៈកម្មការផ្សារ ត្រូវសហការជាមួយ មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ដើម្បីអនុវត្តការផាកពិន័យជាបន្ទាន់ចំពោះបុគ្គលល្មើស ក្នុងកម្រិត ទឹកប្រាក់ពិន័យអន្តរការណ៍ចន្លោះពី ២០ម៉ឺនរៀលដល់ ១លានរៀល។


ស្របគ្នានឹងការបើកដំណើរការផ្សារបឹងកេងកងឡើងវិញនេះ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបិទផ្សារកណ្តាលដែលមានទីតាំងស្ថិតក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ជាបណ្តោះអាសន្នរយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២៦ ខែកក្កដា បន្ទាប់ពីរកឃើញកម្មករ និងអាជីវករ បានឆ្លងជំងឺកូវីដ១៩ ។

 


រដ្ឋបាលរាជធានីភ្នំពេញ ក៏តម្រូវអោយសន្តិសុខ បុគ្គលិក-កម្មករ អាជីវករ អតិថិជន និងអ្នកពាក់ព័ន្ធ ត្រូវចូលរួមសហការ ជាមួយអាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញនិងមន្ត្រីសុខាភិបាល ដើម្បីទៅយកសំណាកវិភាគរកមេរោគ និងត្រូវធ្វើចត្តាឡីស័កឱ្យបាន ត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។ 


គួរបញ្ជាក់ថា គិតមកដល់ពេលនេះ មានផ្សារចំនួន៣ហើយ នៅរាជធានីភ្នំពេញ បានកំពុងបិទផ្អាកជាបណ្តោះអាសន្នមានការផ្ទុះឆ្លងជំងឺកូវីដ១៩លើកម្មករ បុគ្គលិក និងអាជីវករក្នុងផ្សារ។ ផ្សារចំនួន៣នេះ រួមមាន ផ្សារអូឡាំពិក ក្នុងខណ្ឌបឹងកេងកង  ផ្សារដើមស្រល់ ក្នុងខណ្ឌជ្រោយចង្វា និងផ្សារកណ្តាល ក្នុងខណ្ឌដូនពេញ៕


អត្ថបទ៖ សន រដ្ឋា     រូបភាព៖ ញិល សុជា
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024