ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ផ្សារកណ្តាលបើកឡើងវិញ តែអាជីវករត្រូវបង្ហាញលទ្ធផលធ្វើតេស្តលើកទី២ អវិជ្ជមាន ទើបអាចចូលលក់បាន

២៩ កក្កដា ២០២១ | ព័ត៌មានជាតិ

ចាប់ពីថ្ងៃទី២៧ ខែកក្កដានេះ ផ្សារកណ្តាល ដែលស្ថិតក្នុងខណ្ឌដូនពេញ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ សម្រេចបើកអោយដំណើរការឡើងវិញហើយ  ក្រោយផ្អាករយៈពេល ១៤ថ្ងៃ។ ការអនុញ្ញាត អោយបើកឡើងវិញនេះ អាជ្ញាធរក៏តម្រូវអោយអាជីវករ ត្រូវទៅយកសំណាកវិភាគរកមេរោគកូវីដ១៩ លើកទី២ ហើយលទ្ធផលអវិជ្ជមាន ទើបអាចអោយចូលលក់ក្នុងផ្សារកណ្តាល ឡើងវិញបាន។

 


ការអនុញ្ញាតអោយផ្សារកណ្តាល ដែលស្ថិតក្នុងខណ្ឌដូនពេញ បើកឡើងវិញ ចាប់ពីថ្ងៃទី២៧ កក្កដានេះ ក៏ពិតមែន ប៉ុន្តែអាជ្ញាធររាជធានីភ្នំពេញ ក៏តម្រូវអោយអាជីវករ ទាំងអស់ត្រូវយកសំណាកវិភាគរកមេរោគកូវីដ១៩ លើកទី២  និងបង្ហាញលទ្ធផលតេស្តអវិជ្ជមាន ទើបអាចអោយចូលលក់បាន។


ក្នុងអំឡុងពេលនៃការចាប់ផ្តើមបើកដំណើរការផ្សារឡើងវិញ  អាជ្ញាធររាជធានីភ្នំពេញ ក៏តម្រូវអោយអាជីវករ សន្តិសុខ បុគ្គលិក-កម្មករ អតិថិជន និងជនទាំងឡាយដែលមានវត្តមានក្នុងបរិវេណផ្សារ ត្រូវមានកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពជាចាំបាច់។ ក្នុងករណីមិនពាក់ម៉ាស ឬ ពាក់ម៉ាសមិនបានត្រឹមត្រូវ ឬមិនរក្សាគម្លាតសុវត្ថិភាពទេនោះ គណៈកម្មការផ្សារត្រូវសហការជាមួយមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ដើម្បីអនុវត្តការផាកពិន័យជាបន្ទាន់ចំពោះបុគ្គលល្មើស ក្នុងកម្រិតទឹកប្រាក់ពិន័យអន្តរការណ៍ចន្លោះពី ២០ម៉ឺនរៀលដល់ ១លានរៀល។

 


ជាមួយគ្នានេះ អាជ្ញាធររាជធានីភ្នំពេញ ក៏បានណែនាំអោយគណៈកម្មការផ្សារ ត្រូវរៀបចំកន្លែងលាងដៃ និងផ្គត់ផ្គង់សាប៊ូ ដាក់អាល់កុល-ជែល  ឱ្យបានច្រើនទីតាំងក្នុងផ្សារ ដើម្បីឱ្យអាជីវករ និងអតិថិជនប្រើប្រាស់ និងត្រូវបាញ់ថ្នាំសម្លាប់មេរោគជាប្រចាំនៅបរិវេណជុំវិញផ្សារ និងផ្នែកខាងក្នុងផ្សារជាដើម។


គួរបញ្ជាក់ថា មួយរយៈចុងក្រោយនេះ នៅរាជធានីភ្នំពេញបានរកឃើញមានការផ្ទុះឆ្លងជំងឺកូវីដ-១៩ នៅតាមបណ្តាផ្សារនានា ដោយអ្នកឆ្លងជាកម្មករ បុគ្គលិក និងអាជីវករក្នុងផ្សារ។ ដោយឡែក ដើម្បីទប់ស្កាត់និងកាត់ផ្តាច់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ កាលពីថ្ងៃទី២៣ ខែកក្កដា អាជ្ញាធរក៏បានសម្រេចបន្តដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្តោះអាសន្ន ចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និងការជួបជុំឬ ការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជនរយៈពេល ១៤ថ្ងៃ រហូតដល់ថ្ងៃទី ០៦ ខែសីហា៕


អត្ថបទ៖ សន រដ្ឋា  រូបភាព៖ ញិល សុជា
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024