ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០២៤

បិទខ្ទប់ផ្សារទួលសង្កែក្នុងខណ្ឌឬស្សីកែវ និងកំណាត់ផ្លូវលេខ១១៣ ក្នុងខណ្ឌ៧មករា ក្រោយមានការឆ្លងរាលដាលមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា

០៥ សីហា ២០២១ | ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៥ខែសីហានេះ បានសម្រេចបិទខ្ទប់ផ្សារទួលសង្កែ ក្នុងខណ្ឌឬស្សីកែវ និងកំណាត់ផ្លូវចំនួន៣ ក្នុងខណ្ឌ៧មករា ក្រោយមានការឆ្លងរាលដាលមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា។ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានកំណត់នៅ ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ចប់ ត្រូវបានហាមឃាត់រាល់ការចេញ-ចូល និងរាល់ការជួបជុំ ប្រមូលផ្តុំមនុស្ស ចំពោះបុគ្គល ល្មើសនឹងត្រូវចាត់វិធានការតាមផ្លូវច្បាប់ ដោយផ្តន្ទាទោសដាក់ពន្ធនាគារ និងទោសពិន័យជាប្រាក់។

 

 

ផ្សារទួលសង្កែ ក្នុងខណ្ឌឬស្សី និងកំណាត់ផ្លូវលេខ ១១៣ ចន្លោះផ្លូវលេខ ២៣២ និងផ្លូវលេខ ២៤២ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ សម្រេចបិទខ្ទប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី១៨ ខែសីហា ដើម្បីទប់ស្កាត់ និងកាត់ផ្តាច់ការឆ្លងរាលដាលនូវមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា នៅក្នុងសហគមន៍។

 

ការបិទខ្ទប់ទីតាំងផ្សារទួលសង្កែ រដ្ឋបាលរាជធានីភ្នំពេញតម្រូវ អោយសន្តិសុខ បុគ្គលិកកម្មករ អាជីវករ អតិថិជន និងអ្នកពាក់ព័ន្ធ ត្រូវចូលរួមសហការ ជាមួយអាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ និងមន្ត្រីសុខាភិបាល ដើម្បីទៅយកសំណាកវិភាគរកមេរោគ និងត្រូវធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។

 

 

ក្នុងករណីមិនព្រមសហការទៅយកសំណាកវិភាគរកមេរោគកូវីដ-១៩ ឬ មិនអនុវត្តវិធានចត្តាឡីស័ក នឹងត្រូវប្រឈមមុខទៅនឹងការពិន័យអន្តរការណ៍ ក្នុងកម្រិតទឹកប្រាក់ចន្លោះពី មួយលានរៀល ដល់ ដប់លានរៀល និងមិនអនុញ្ញាតឱ្យបន្តអាជីវកម្មលក់ដូរ ឬ ចេញ-ចូលមកបម្រើការងារឡើយ នៅពេលដែលផ្សារត្រូវបានបើកដំណើរការជាប្រក្រតីឡើងវិញ។

ដោយឡែកចំពោះការបិទខ្ទប់កំណាត់ផ្លូវលេខ ១១៣ ចន្លោះផ្លូវលេខ ២៣២ និងផ្លូវលេខ ២៤២ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រដ្ឋបាលរាជធានីភ្នំពេញ ក៏បានកំណត់ហាមឃាត់រាល់ការចេញ-ចូល និងរាល់ការជួបជុំ ឬ ការប្រមូលផ្តុំមនុស្ស ក្នុងទីតាំងខាងលើ លើកលែងតែករណីចាំបាច់មួយចំនួនរួមមាន ការចេញ-ចូល ដោយមូលហេតុសុខភាពបន្ទន់ ការផ្ដល់វត្ថុសំណាកធ្វើតេស្ដរកជំងឺកូវីដ-១៩ ការវិលត្រឡប់ទៅលំនៅឋាន ឬ ទីសំណាក់របស់ខ្លួនវិញរបស់បុគ្គលដែលបានបញ្ចប់ការធ្វើចត្តាឡីស័ក និង អ្នកជំងឺចេញពីមន្ទីរពេទ្យ ឬ កន្លែងសម្រាកព្យាបាល ការជួបជុំរបស់បុគ្គលិកសុខាភិបាល ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីផ្គត់ផ្គត់គ្រឿងឧបភោគ-បរិភោគចាំបាច់ និងបំពេញការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់។

 

 

គួរបញ្ជាក់ថា ដើម្បីទប់ស្កាត់ និងកាត់ផ្តាច់ការឆ្លងរាលដាលនូវមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា នៅក្នុងសហគមន៍ កាលពីថ្ងៃទី០២ ខែសីហា រដ្ឋបាលរាជធានីភ្នំពេញ ក៏បានសម្រេចបិទខ្ទប់កំណាត់ផ្លូវមួយចំនួនមិនមានការចេញ-ចូល ក្រោយមានការសង្ស័យជាប់ពាក់ព័ន្ធនឹងមេរោគបំប្លែងខ្លួនថ្មីនេះ។

កំណាត់ផ្លូវដែលសម្រេចបិទខ្ទប់នោះរួមមាន កំណាត់ផ្លូវលេខ៩៣ ចាប់ពីចំណុចសាលាបឋមសិក្សា ពញាក្រែក រហូតដល់ចំណុចផ្ទះលេខ១១៦ រួមទាំងលំនៅឋានក្នុងបុរីខេស៊ី (KC) ស្ថិតក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ និងច្រកផ្លូវលេខ ៣៧២ ៣៧២Z និងផ្លូវលេខ ៣៦២ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក៕

 

អត្ថបទ៖ សន រដ្ឋា រូបភាព៖ ញិល សុជា

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024