ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

អគារមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព កម្ពស់ ១៨ជាន់ សាងសង់សម្រេចបាន ៧៥ភាគរយ

២២ ឧសភា ២០២០ | ព័ត៌មានជាតិ

អគារកម្ពស់ ១៨ជាន់របស់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ស្ថិតក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានដំណើរការសាងសង់សម្រេចបានលទ្ធផលប្រមាណជា ៧៥ភាគរយ ដោយគ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរ នាអំឡុងខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ។ នេះបើតាមឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាក់សំណល់សង្គ្រាម ។

 


ក្នុងដំណើរចុះត្រួតពិនិត្យលទ្ធផលការងារស្ថាបនាអគារនេះ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបញ្ជាក់ថា អគារកម្ពស់១៨ជាន់នេះជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្តល់ជូនដល់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។ នាយឧត្តមសេនីយ៍ រំពឹងថា ក្រោយពេលសាងសង់ចប់ អគារនេះនឹងផ្តល់ភាពងាយស្រួល ដល់ស្ថាប័នកងកម្លាំងមួកខៀវកម្ពុជា សម្រាប់ប្រតិបត្តិការការងារជាមួយរស្ថាប័នពាក់ព័ន្ធទាំងក្នុងប្រទេសនិងជាមួយបណ្តាប្រទេសលើពិភពលោក ក្នុងកិច្ចការចូលរួមបេសកកម្មរបស់អង្គការសហប្រជាជាតិ។

 


គួរបញ្ជាក់ថា ក្រៅពីការសាងសង់អគារមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពកម្ពស់១៨ជាន់នៅរាជធានីភ្នំពេញនេះ មជ្ឈមណ្ឌលជាតិក៏បានបង្កើនកិច្ចខិតខំប្រឹងប្រែងសាងសង់បន្ថែមអគារមួយចំនួន នៅវិទ្យាស្ថានហ្វឹកហ្វឺន បណ្តុះបណ្តាលកងកម្លាំងរក្សាសន្តិភាព ក្នុងស្រុកឧដុង្គ និងសាលាហ្វឹកហ្វឺនកងកម្លាំងពហុសាសន៍ ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺផងដែរ៕


អត្ថបទ និងរូបភាព៖ សន រដ្ឋា

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024