ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

ពេលវេលាដែលត្រូវបញ្ចប់សង្គ្រាម៖លោកបៃឌិននឹងចាប់ផ្តើមដកយោធាអាមេរិកពីអាហ្គានីស្ថាននៅថ្ងៃ១ឧសភា

 

លោកប្រធានាធិបតីអាមេរិកចូបៃឌិន បានលើកឡើងនៅថ្ងៃពុធថា លោកនឹងចាប់ផ្តើមដកយោធាអាមេរិកចេញពីប្រទេសអាហ្គានីស្ថាននៅថ្ងៃទី១ខែឧសភាខាងមុខនេះ ដើម្បីបញ្ចប់សង្គ្រាមដែលមានរយៈពេលយូរបំផុតរបស់សហរដ្ឋអាមេរិក។ ការដកយោធាចេញពីប្រទេសអាហ្គានីស្ថានរបស់សហរដ្ឋអាមេរិក ជាការបដិសេធមួយចំពោះការអំពាវនាវដែលសុំអោយយោធាអាមេរិកបន្តរក្សាវត្តមាននៅប្រទេសអាហ្គានីស្ថានដើម្បីធានាដល់ដំណោះស្រាយសន្តិភាពចំពោះប្រទេសដែលរុំព័ទ្ធទៅដោយការប៉ះទង្គិច
ផ្ទៃក្នុងមួយនេះ។

 

 

 

 

 

 

ក្នុងសន្ទរកថានៅសេតវិមាន លោកបៃឌិន បានទទួលស្គាល់ថា កម្មវត្ថុរបស់អាមេរិកនៅក្នុងប្រទេសអាហ្គានីស្ថាន បានក្លាយទៅជាភាពមិនច្បាស់លាស់កាន់តែច្រើនឡើងក្នុងពេលជាច្រើនឆ្នាំកន្លងមក។ លោកបៃឌិនបានកំណត់កាលបរិច្ឆេទដកយោធាអាមេរិកទាំងអស់២៥០០នាក់ ដែលកំពុងមានវត្តមាននៅប្រទេសអាហ្គានីស្ថានអោយអស់នៅត្រឹមថ្ងៃទី១១ខែកញ្ញា។ នេះជាពេលវេលា២០ឆ្នាំ ក្រោយពីការវាយប្រហារពីសំណាក់ក្រុមអាល់កៃដា លើអាមេរិកដែលបាននាំអោយកើតមានសង្គ្រាមឡើង។ 

 

 

សង្គ្រាម បានធ្វើអោយអាមេរិកបាត់បង់យោធា២៤៤៨នាក់ និងខាតបង់ទឹកប្រាក់ប្រមាណជា២ទ្រីលានដុល្លារអាមេរិក។ វត្តមានយោធាអាមេរិកនៅក្នុងប្រទេសអាហ្គានីស្ថានបានកើនឡើងខ្ពស់នៅឆ្នាំ២០១១ដែលមានរហូតដល់ទៅច្រើនជាង១០០,០០០នាក់។

 

 

 

ប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ បានប្រឈមនឹងថ្ងៃផុតកំណត់ដកយោធាចេញពីប្រទេសអាហ្គានីស្ថាននៅថ្ងៃទី១ខែឧសភា ដែលជាពេលវេលាកំណត់ដោយប្រធានាធិបតីអណ្ណត្តិមុនមកពីគណបក្សសាធារណៈលោកដូណលត្រាំ។ លោកត្រាំបានព្យាយាមដកយោធាចេញពីអាហ្គានីស្ថាន ប៉ុន្តែត្រូវបរាជ័យក្នុងការដកយោធាចេញពីសង្គ្រាមមុនពេលលោកចប់អណ្ណត្តិជាប្រធានាធិបតីអាមេរិកនៅខែមករា។ ជំនួសមកវិញ លោកបៃឌិននិយាយថា ការដកយោធាចេញពីអាហ្គានីស្ថាន នឹងចាប់ផ្តើមនៅថ្ងៃទី១ខែឧសភា ហើយបញ្ចប់នៅត្រឹមថ្ងៃទី១១ខែកញ្ញាខាងមុខ។

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024