ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

កូរ៉េខាងត្បូងសម្ដែងការសោកស្ដាយយ៉ាងខ្លាំង បន្ទាប់ពីប្រទេសជប៉ុនត្រៀមបង្ហូរទឹកកាកសំណល់ដែលមានសារធាតុវិទ្យុសកម្មចូលទៅក្នុងសមុទ្រ

 

 

 

 

ប្រទេសកូរ៉េខាងត្បូងសម្ដែងការសោកស្ដាយ និងខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីទទួលដំណឹងថារដ្ឋាភិបាលជប៉ុនបានសម្រេចចិត្តបង្ហូរទឹកកាកសំណល់ដែលមានសារធាតុវិទ្យុសកម្មនៅក្នុងនោះចូលទៅក្នុងសមុទ្រ។ ទឹកទាំងនោះបន្សល់ទុកតាំងពីជំនាន់ដែលតំបន់រោងចក្រនុយក្លេអ៊ែរនៅហ្វ៊ូគូស៊ីម៉ាទទួលរងគ្រោះដោយសាររលកយក្សស៊ូណាមីកាលពីឆ្នាំ២០១១។

 

 

 

មន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូងថ្លែងថាខ្លួននឹងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីថែរក្សាសុវត្ថិភាពជូនពលរដ្ឋ។ កូរ៉េខាងត្បូងចាត់ទុកថាការសម្រេចចិត្តរបស់ជប៉ុនជារឿងដែលមិនអាចទទួលយកបានទាល់តែសោះ។ កូរ៉េខាងត្បូងសូមជំរុញឲ្យមានការលាតត្រដាងរឿងនេះជាសាធារណៈប្រកបដោយតម្លាភាព ក្រោមការត្រួតពិនិត្យឲ្យបានត្រឹមត្រូវពីសំណាក់សហគមន៍អន្តរជាតិ។

 

 


តាមគម្រោង, ប្រទេសជប៉ុននឹងបង្ហូរទឹកមានសារធាតុវិទ្យុសកម្មជាង១លានតោន ដែលបន្សល់ទុកពីរោងចក្រនុយក្លេអ៊ែរហ្វ៊ូគូស៊ីម៉ា។ ចំណាត់ការនេះកំពុងទទួលរងការរិះគន់ និងប្រឆាំងជំទាស់ជាបណ្ដើរៗពីសំណាក់សហគមន៍អ្នកនេសាទនៅប្រទេសជប៉ុន និងប្រទេសជិតខាង។ នៅក្នុងចំណោមនោះ ប្រទេសកូរ៉េខាងត្បូងចេញមុខប្រឆាំងមុនគេ។

 

 

 

កូរ៉េខាងត្បូងបានកោះប្រជុំអន្តរក្រសួងដែលពាក់ព័ន្ធនឹងបញ្ហានេះ ដើម្បីដាក់ចេញវិធានការឆ្លើយតបជាបន្ទាន់។ កូរ៉េខាងត្បូងកំពុងរៀបចំសំណុំបែបបទ ដើម្បីពាំនាំក្ដីកង្វល់ និងការជំទាស់របស់ពលរដ្ឋខ្លួនឲ្យរដ្ឋាភិបាលជប៉ុនបានជ្រាបអំពីរឿងនេះ៕

 

 

 

 

 

 

ប្រែសម្រួល៖អនសំអាង

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024