ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

ប្រទេស​នូវែលហ្សេឡង់​​ប្រកាស​ហាម​ឃាត់​អ្នក​ដំណើរ​​ពី​ប្រទេស​ឥណ្ឌាបន្ទាប់ពី​​​រក​ឃើញ​​អ្នក​​ជំងឺខូវីដ​១៩​​ច្រើន​ជាង​មុន​​​​

 

 

 

 

ប្រទេស​នូវែលហ្សេឡង់​សម្រេច​ចិត្ត​បិទ​ច្រក​ព្រំដែន​ មិន​ទទួល​យក​អ្នក​ធ្វើ​ដំណើរ​ពី​ប្រទេស​ឥណ្ឌា​ជា​បណ្ដោះ​អាសន្ន​​។ សូម្បី​តែ​ពលរដ្ឋ​នូវែល​ហ្សេឡង់​ក៏​​​ស្ថិត​នៅ​ក្នុង​បញ្ជី​​​ហាម​ឃាត់​ផង​ដែរ​។ ការ​សម្រេ​ច​ចិត្ត​​នេះ​កើត​មាន​ឡើង​បន្ទាប់ពី​​នូវែលហ្សេឡង់​សង្កេត​ឃើញ​ថា​​ជំងឺ​ខូវីដ​១៩​កំពុង​តែ​ឆ្លងរាលដាល​​ខ្លាំង​មែន​ទែន​​នៅ​ប្រទេស​ឥណ្ឌា​ ​​នា​​ដំណាក់​កាល​ចុង​ក្រោយ​។

 

 

ចំណាត់​ការ​របស់​នូវែលហ្សេឡង់​​កើត​មាន​ឡើង​ បន្ទាប់​ពី​គេ​រក​ឃើញ​អ្នក​ឆ្លង​​ជំងឺខូវីដ​១៩ចំនួន​​២៣​នាក់។ ក្នុង​​​នោះ ​គ្រាន់​តែ​អ្នក​​ដំណើរ​ពី​ប្រទេស​ឥណ្ឌា​មាន​​រហូត​ដល់​​១៧​នាក់​។ ប្រទេស​ឥណ្ឌា​រង​គ្រោះ​ខ្លាំង​ដោយ​សារ​ជំងឺ​ខូវីដ​១៩​រលក​ទី​២​​​ដែល​ឆ្លង​ខ្លាំង​ជាង​លើក​ទី១​។

 

 

គម្រោង​ហាម​ឃាត់​អ្នក​ធ្វើ​ដំណើរ​ពី​ឥណ្ឌា​ទៅ​នូវែល​ហ្សេឡង់​នឹង​ចាប់​អនុវត្ត​ពី​ម៉ោង​៤​រសៀល​ថ្ងៃទី​១១ ខែ​មេសា​ រហូត​ដល់​ថ្ងៃ​២៨ ​ខែ​មេសា​។ នៅ​ក្នុង​អំឡុង​ពេល​នេះ រដ្ឋាភិបាល​នូវែល​ហ្សេឡង់​នឹង​ពិនិត្យ​មើល​វិធានការ​រឹត​បន្តឹងផ្សេង​ៗ ​ដើម្បី​ពិចារណា​លើ​ការ​ដក​ចេញ​បម្រាម​នេះ​វិញ​ក្រោយ​ពេល​ផុត​កាល​កំណត់​។​

 

 

ប្រទេស​នូវែលហ្សេឡង់​អាច​ទប់​ទល់​នឹង​ជំងឺ​ខូវីដ​១៩​បាន​ល្អ​គ្រាន់បើ​ ដោយ​​អាច​កាត់​បន្ថយ​​ការ​ឆ្លង​នៅ​ក្នុង​សហគមន៍​ដល់​កម្រិត​សូន្យ​​នា​រយៈ​ពេល​៤០​ថ្ងៃ​​។ ប៉ុន្តែ​ប្រទេស​នេះ​ចាប់​ផ្ដើម​រឹត​បន្តឹង​ការ​ឆ្លង​ដែន​ឡើង​វិញ​ បន្ទាប់ពីមាន​អ្នក​ឆ្លង​ជា​បន្ត​បន្ទាប់។​ ជា​ពិសេស​ អ្នក​​ធ្វើ​ដំណើរ​​ពី​ប្រទេស​ឥណ្ឌា​។​ ថ្ងៃនេះ នូវែល​ហ្សេឡង់​​រក​ឃើញ​អ្នក​ឆ្ល​ងនៅ​ក្នុង​សហគមន៍​ម្នាក់​ ដែល​ជា​បុគ្គលិក​បម្រើ​ការ​នៅ​​​មណ្ឌល​ចត្តាឡីស័ក​៕

 

 

 

 

 

ប្រែសម្រួល៖អនសំអាង

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024