ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៤

គ្រូសូហ្វតេន្នីសថា អាចចាយពេល២ទៅ៣ខែ ដើម្បីជួយស្រោចស្រង់គុណផលជម្រើសជាតិឲ្យដូចដើម

២១ ឧសភា ២០២០ | កីឡា

គ្រូបង្វឹកជម្រើសជាតិសូហ្វតេន្នីសកម្ពុជា លោក យី សារិន បានអះអាងថា យ៉ាងហោចណាស់សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា ត្រូវប្រើប្រាស់ពេលវេលាចន្លោះ២ទៅ៣ខែដែរ ដើម្បីជួយស្រោចស្រង់គុណផលអត្តពលិកជម្រើសជាតិរបស់ខ្លួនឱ្យដូចដើមវិញ ក្រោយពីពួកគេបាត់បង់បច្ចេកទេសជាច្រើន អំឡុងផ្អាកប្រមូលផ្តុំការហ្វឹកហាត់ដោយសារវិបត្តិកូវីដ១៩មួយរយៈពេលធំ។

 


គ្រូបង្វឹករូបនេះ បានសង្កេតឃើញបច្ចេកទេសបាត់បង់មួយចំនួនធំដែលជម្រើសជាតិរបស់ខ្លួន បាននឹងកំពុងជួបប្រទះ ក្រោយពីពួកគេ ផ្តើមហ្វឹកហាត់ឡើងវិញ រយៈពេលមួយសប្តាហ៍មកនេះ។ គុណផលបាត់បងដែលត្រូវបានរកឃើញដូចជា៖ ការបាត់បង់កម្លាំង សន្ទុះយឺតខ្លាំង ឆាប់ហត់ បច្ចេកទេសប្រយុទ្ធ និងបច្ចេកទេសសម្លាប់គូសត្រូវជាដើម។

 


«មួយរយៈពេលដែលយើងខកខានហ្វឹកហាត់នេះ ខ្ញុំសង្កេតឃើញថា កីឡាករ កីឡាការិនីរបស់យើង តាមរយៈការចូលហ្វឹកហាត់ឡើងវិញហ្នឹង គឺថា កម្លាំងរបស់ពួកគាត់ធ្លាក់ខ្លាំង ហើយឆាប់ហត់មែនទែន ឯកម្លាំងប្រយុទ្ធ និងបច្ចេកទេសប្រយុទ្ធ ក្បាច់សម្លាប់គូសត្រូវក៏បាត់បង់ខ្លះដែរ។ ហើយពេលនេះ យើងផ្តល់ការហ្វឹកហាត់ដល់ពួកគាត់ ដោយផ្តោតលើបច្ចេកទេសឱ្យបានច្រើនជាងគេ ។ យើងត្រូវតែបង្ហាត់គាត់វាយបាល់ប្រកួត ក្បាច់សម្លាប់ហ្មង យើងអត់បង្ហាត់ឱ្យគាត់វាយបាល់ស្លូតៗទេ។ ខ្ញុំគិតថា យើងអាចចាយពេល២ទៅ៣ខែ ដើម្បីឱ្យកីឡាករយើងដូចដើមវិញ។ ពេលវេលាប៉ុន្នេះ ខ្ញុំគិតថាគ្រប់គ្រាន់ បើយើងហាត់រាល់ថ្ងៃ និងទៀងទាត់»។

 


គួរបញ្ជាក់ថា គិតមកទល់ពេលនេះ ក្រុមជម្រើសជាតិសូហ្វតិន្នីសកម្ពុជា   ផ្តើមប្រមូលផ្តុំហ្វឹកហាត់ឡើងវិញបានមួយសប្តាហ៍ហើយ។ ការហ្វឹកហាត់នេះ ផ្តល់ឱកាសសម្រាប់តែក្រុមឈុតធំប៉ុណ្ណោះ ខណៈក្រុមថ្នាលសហព័ន្ធនៅពុំទាន់ប្រាកដនៅឡើយនោះទេ៕   


អត្ថបទ និងរូបភាព៖ ងិន មករា

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024