ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៤

ម៉េត ម៉ារីយ៉ាន ចិញ្ចឹមចិត្តយកមេដាយមាស និងប្រាក់សូហ្វតិន្នីស នៅស៊ីហ្គេម២០២៣

២២ ឧសភា ២០២០ | កីឡា

​ថ្វីត្បិតជាជោគជ័យក្រោយប្រជែងបានមេដាយសំរឹទ្ធមួយពីស៊ីហ្គេមនៅហ្វីលីពីន  តែកីឡាការិនីជម្រើសជាតិសូហ្វតិន្នីសកម្ពុជា ម៉េត ម៉ារីយ៉ាន នៅតែតាំងចិត្តហ្វឹកហាត់បន្ថែមទៀត ដើម្បីត្រៀមខ្លួនប្រជែងមេដាយប្រាក់ និងមាសនៅស៊ីហ្គេម២០២០៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

 

 

ថ្លែងប្រាប់ PNN SPORTS នៅព្រឹកថ្ងៃទី ២០ ឧសភា កីឡាការិនីវ័យ១៦ឆ្នាំរូបនេះ បានគូសបញ្ជាក់ដូច្នេះថា៖ "ខ្ញុំគិតថា មេដាយសំរឹទ្ធនេះ វាក៏ជាជោគជ័យមួយរបស់ខ្ញុំដែរ តែខ្ញុំនឹងបន្តហ្វឹកហាត់បន្ថែមទៀត ដើម្បីយកមេដាយខ្ពស់ជាងនេះ។ ជាពិសេសស៊ីហ្គេម ២០២៣ ខ្ញុំនឹងរៀបចំខ្លួនខ្ញុំ ឱ្យកាន់តែល្អជាងនេះ បន្ថែមទៀត​ ព្រោះយើងជាម្ចាស់ផ្ទះ ចឹងយើងត្រូវតែខ្លាំង នឹងយកមេដាយឱ្យបានល្អជាងហ្នឹង ក្នុងនាមយើងម្ចាស់ផ្ទះ"។ 


​ម៉ារីយ៉ាន បានអះអាងទៀតថា មុនឈ្នះមេដាយស៊ីហ្គេមនេះ រូបគេបានត្រៀមខ្លួនហ្វឹកហាត់មួយឆ្នាំ​ពេញ ទើបអាចឆក់ឱកាសប្រជែងបានមេដាយសំរឹទ្ធមួយយគ្រឿង លើប្រភេទវីញ្ញាសាវាយទោលនារី។ ​កីឡាការិនីវ័យក្មេងរូបនេះ បានបង្ហាញក្តីរីរាយចំពោះមេដាយមួយនេះ ដ្បិតវាជាមេដាយលើកដំបូងដែលគេប្រជែងបានពីស៊ីហ្គេម។

 

 


"ការរចូលរួមស៊ីហ្គេមលើកនេះ ខ្ញុំប្រជែងបានចំណាត់លេខ៣ គឺមេដាយសំរឹទ្ធ។ ខ្ញុំពិតជារីករាយខ្លាំងណាស់ព្រោះមេដាយនេះ ជាមេដាយស៊ីហ្គេម លើកដំបូងរបស់ខ្ញុំដែលអាចធ្វើបាន។ មុនឈ្នះមេដាយនេះ ខ្ញុំបានត្រៀមខ្លួននិងហ្វឹកហាត់មុនមួយឆ្នាំ។ លោកគ្រូគាត់ឱ្យខ្ញុំហ្វឹកហាត់ដល់ទៅ២ពេលក្នុងមួយថ្ងៃ ចឹងខ្ញុំហាត់អត់សំរាកទេ រហូតដល់ខ្ញុំចេញទៅចូលរួម"។ 

 

​គួរបញ្ជាក់ថា ស៊ីហ្គេមលើកទី៣០ ដែលហ្វីលីពីនធ្វើម្ចាស់ផ្ទះ ម៉េត ម៉ារីយ៉ាន ជាកីឡាការិនីតែម្នាក់ របស់សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជាដែលប្រជែងបានមេដាយ១គ្រឿងវិញ្ញាសាវាយទោលនារី៕


អត្ថបទ និងរូបភាព៖ ងិន មករា​

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024