ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០២៤

សូហ្វតិន្នីស ចម្រាញ់យកតែអត្តពលិកឆ្នើមៗ មកចូលរួមប្រកួតថ្នាក់ជាតិ

១៦ មិថុនា ២០២០ | កីឡា

ក្រោយក្រសួងអប់រំ យុវជន និងកីឡា អនុញ្ញាតឲ្យមានសកម្មភាពកីឡា និងរៀបចំការប្រកួត ឡើងវិញបាន សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា ក៏បានរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិលើកទី ៤ និងការប្រកួតកីឡាសូហ្វតិន្នីសដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោម ស ខេង លើកទី៧ នៅក្នុងបរិវេណទីលានសូហ្វតិន្នីសកម្ពុជា នាពហុកីឡដ្ឋានជាតិ ដោយសហព័ន្ធចម្រាញ់យកតែកីឡាករ កីឡាការិនី ដែលមានសមត្ថភាពខ្លាំងតែប៉ុណ្ណោះ មកចូលរួមប្រកួតប្រជែង ។

 


នៅក្នុងថ្ងៃបើកឆាកប្រកួត នាទីលានសូហ្វតិន្នីសកម្ពុជា លោក ជា សែនវិស្សុត អគ្គលេខាធិការសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានពន្យល់ពីហេតុផលមួយចំនួន ក្នុងការជ្រើសយកតែកីឡាករ កីឡាការិនី ដែលមានកម្រិតសមត្ថភាពខ្ពស់មកចូលរួមប្រកួត។

 


«ដោយសារកូវីដ ចឹងធ្វើឲ្យកីឡាករឆ្នាំនេះមានការថយចុះ ដោយសារការប្រសាសន៍របស់ក្រសួងអប់រំ និង ក្រសួង សុខាភិបាល បានចេញសេចក្ដីថ្លែងការណ៍ថា បើរៀបចំការប្រកួតគឺមិនឲ្យលើសពី១០០នាក់ ចឹងបានឆ្នាំនេះ ចំនួនកីឡាករមានការថយចុះ ដោយសារយើងចម្រាញ់យកតែកីឡាករ កីឡាការិនី ល្អៗ មកចូលរួមប្រកួត។ យើងចុចយកតែកីឡាករល្អ  តែមានសមត្ថភាពខ្ពស់ក្នុងការប្រកួតប្រជែង ដើម្បីកុំឲ្យលើសចំនួនមនុស្ស ហើយយើងត្រូវកាត់វិញ្ញាសារ U12 U13 ចោលព្រោះបើយើងដាក់ទៀត លើសចំនួនមនុស្ស និងខុសតាមការណែនាំរបស់ក្រសួង»។

 


គួរបញ្ជាក់ថា ព្រឹត្តិការណ៍នេះ ប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិលើកទី ៤ និងការប្រកួតកីឡាសូហ្វតិន្នីសដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោម ស ខេង លើកទី៧  ធ្វើឡើងរយៈពេល៥ថ្ងៃ ពោលចាប់ពីថ្ងៃទី១៥ ដល់ ១៩ ខែមិថុនា ឆ្នាំ២០២០ ។ ដោយមានកីឡាករ-កីឡាការិនីចំនួន ៦៩នាក់ មកពីសមាគម-ក្លិបកីឡាសូហ្វតិន្នីសចំនួន ៦រួមមាន ក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ ក្រសួងការពារជាតិ អង្គការមិត្តសម្លាញ់ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង៕
 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024