ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០២៤

សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា ប្រកាសគម្រោងរៀបចំការប្រកួតធំ២ ក្នុងឆ្នាំ ២០២០

០២ មិថុនា ២០២០ | កីឡា

អនុប្រធានទី១ សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា ឯកឧត្តម ជា ប៊ុនហេង ថ្លែងកាលចុងសប្តាហ៍នេះថា សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា កំពុងត្រៀមរៀបចំព្រឹត្តិការណ៍ប្រកួតធំៗចំនួន ២ ក្នុងឆ្នាំ ២០២០នេះ នៅពេលដែលមេរោគកូវីដ -១៩ លែងបន្តរាលដាលនៅកម្ពុជា។

 


ឯកឧត្តមសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍ទី១ សហព័ន្ធនឹងរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២០ នៅពាក់កណ្តាលខែមិថុនា និងជើងឯកអាស៊ីអាគ្នេយ៍ ដែលជាព្រឹត្តិការណ៍ធំដំបូងរបស់កម្ពុជា ក៏គ្រោងនឹងធ្វើក្នុងឆ្នាំ ២០២០ដែរ តែត្រូវរង់ចាំវិបត្តិកូវីដ-១៩ ធូរស្រាលនៅទូទាំងតំបន់អាស៊ានជាមុនសិន។

 


«ការពិតទៅយើងបានត្រៀមរៀបចំជើងឯកថ្នាក់ជាតិសូហ្វតិន្នីស និងពានសម្តេចក្រឡាហោម ស ខេង តាមផែនការយុទ្ធសាស្ត្រគឺតាំងពីដើមខែមិនាមកម្លេះ តែដោយសារតែវិបត្តកូវីដ១៩ គឺយើងក៏បានពន្យាពេលតាមការណែនាំរបស់ក្រសួងអប់រំយុវជន និងកីឡា។ ហើយពេលនេះ យើងទទួលបានការណែនាំពីក្រសួងអប់រំ និងក្រសួងសុខាភិបាល គឺយើងក៏បានត្រៀមរៀបចំការប្រកួឡើងវិញ នៅពាក់កណ្តាលខែមិថុនាខាងមុខនេះ ។ យើងក៏នឹងត្រៀមរៀបចំការប្រកួតជើងឯកអាស៊ីអាគ្នេយ៍មួយទៀតដែរក្នុងឆ្នាំនេះ ។ យើងធ្លាប់ពន្យាពេលរៀបចំព្រឹត្តិការណ៍នេះដែរ ដោយអត់មានការកំណត់ទេ។ យើងប្រកួតក្នុងស្រុកអាចប្រកួតបាន តែដល់អ្នកក្រៅប្រទេសមក ដូចជា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងថៃអីហ្នឹង ដូចជាមិនទាន់បើកប្រទេសវិញផង។ បញ្ហាហ្នឹងអាស្រ័យដោយមានការណែនាំពីអន្តរក្រសួង ជាពិសេសក្រសួងសុខភិបាល ថា ឥឡូវអាចបើកព្រំដែនវិញបាននៅ ចឹងយើងអាចរៀបចំការប្រកួតបាន »។

 


គួរបញ្ជាក់ថា ដើម្បីរក្សាបានសុខសុវត្ថិភាព និងរួមចំណែកទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩ សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា ក៏បានត្រៀមត្រួតពិនិត្យសុខភាព កីឡាករ-ការិនី និងចែកជូនម៉ាស់ សាប៊ូ ជែល និងអាល់កុលលាងដៃដល់ពួកគេផងដែរ។ មិនតែប៉ុណ្ណោះ ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២០នេះ សហព័ន្ធក៏នឹងសុំការសហការពីនាយកដ្ឋានអប់រំកាយ និងកីឡា និងមន្ត្រីពេទ្យជំនាញ មកត្រួតពិនិត្យការប្រកួតផងដែរ៕


អត្ថបទ និងរូបភាព៖ ងិន មករា
 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024