ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ប្រទេសវៀតណាមបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី និងប្រធានាធិបតីថ្មី សម្រាប់កាន់អំណាចរយៈពេល៥ឆ្នាំទៅមុខទៀត

 

រដ្ឋសភាវៀតណាមបានបោះឆ្នោតជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំរដ្ឋនៅអាណត្តិថ្មីរយៈពេលប្រាំឆ្នាំទៅមុខទៀត។ នៅក្នុងនោះ លោកង្វៀនសួនហ្វុកបានជាប់ឆ្នោតជាប្រធានាធិបតីថ្មី ជំនួសលោកង្វៀនហ្វ៊ូជុង។ ចំណែកលោកផាំមិញឈីញ(Pham Minh Chinh)ជាប់ឆ្នោតជានាយករដ្ឋមន្ត្រីថ្មី។ អ្នកទាំង២ត្រូវបានជ្រើសរើសតាមរយៈមហាសន្និបាតបក្សកាលពីខែមករា។

 

 

 

 

 

 

ថ្នាក់ដឹកនាំថ្មីទាំងនេះនឹងបន្តអនុវត្តតាមកម្មវិធីនយោបាយរបស់បក្ស ដើម្បីរក្សាកំណើនសេដ្ឋកិច្ចឲ្យបានល្អនៅក្នុងគ្រាដ៏លំបាក ដែលពិភពលោកកំពុងតែជួបប្រទះនឹងវិបត្តិខូវីដ១៩។ តាមពិត មុខតំណែងប្រធានាធិបតីទំនងជាសំខាន់ពេកទេ ព្រោះជាតំណែងនិមិត្តរូប ដែលបំពេញការងារនៅក្នុងពិធីការ។

 

 

ចំណែកនាយករដ្ឋមន្ត្រីជាអ្នករ៉ាប់រងធ្វើកិច្ចការច្រើននៅក្នុងការអភិវឌ្ឍជាតិ។ លោកផាំមិញឈីញសព្វថ្ងៃមានអាយុ៦២ឆ្នាំ ធ្លាប់មានតួនាទីជាសមាជិកគណៈមជ្ឈិមបក្ស ទទួលបន្ទុកខាងគ្រប់គ្រងបុគ្គលិក និងចាត់ការទូទៅ។ លោកក៏មាននាទីច្រើនសម្បូរបែបផងដែរនៅក្នុងបក្ស និងនៅក្នុងវិស័យសន្តិសុខជាតិ។

 

 

លោកធ្លាប់កាន់តំណែងនៅក្នុងក្រសួងសន្តិសុខជាតិ, មុននឹងផ្លាស់ទៅកាន់តំណែងជាអភិបាលខេត្ត។ លោកធ្លាប់មានស្នាដៃនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខេត្ត តាមរយៈការធ្វើកំណែទម្រង់នៅក្នុងប្រព័ន្ធរដ្ឋបាល។ អ្នកស្រាវជ្រាវម្នាក់នៅសាកលវិទ្យាល័យវីកថូរៀ ប្រទេសនូវែលហ្សេឡង់ យល់ថាការបោះឆ្នោតជ្រើសរើសលោកផាំមិញឈីញជានាយករដ្ឋមន្ត្រី ជាការបង្ហាញថាបក្សកុម្មុយនិស្តមានជំនឿទុកចិត្តទៅលើរូបលោកនៅក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចជាតិឲ្យរីកចម្រើនជាបន្តទៀត ព្រោះវៀតណាមនៅក្នុងសម័យទំនើបនេះផ្ដោតសំខាន់លើអ្នកដឹកនាំដែលមានជំនាញច្បាស់លាស់ខាងវិស័យសេដ្ឋកិច្ច។

 

 

លោកផាំមិញឈីញក៏ធ្លាប់មានស្នាដៃក្នុងនាមជាសមាជិកគណៈកម្មការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយផងដែរ។ ដោយឡែក លោកង្វៀនសួនហ្វុកដែលបានផុតអាណត្តិជានាយករដ្ឋមន្ត្រី ក៏ធ្លាប់មានស្នាដៃល្អគ្រាន់បើដែរ។ លោកធ្លាប់ជួយធ្វើឲ្យប្រទេសវៀតណាមមានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំនៅក្នុងរង្វង់៧%។ ប៉ុន្តែដោយសារអាយុរបស់លោក៦៦ឆ្នាំដែលហួសកាលកំណត់ត្រូវកាន់តំណែងជានាយករដ្ឋមន្ត្រី។ ដូច្នេះ ជម្រើសដែលល្អគឺកាន់តំណែងជាប្រធានាធិបតីវិញម្ដង៕

 

 

 

 

 

ប្រែសម្រួល៖អនសំអាង

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024