ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

រដ្ឋមន្ត្រីក្រសួងកសិកម្មបង្ហាញពីបទពិសោធន៍របស់កសិករ ដែលទទួលបានប្រាក់ចំណូលល្អប្រសើរ ក្នុងការចិញ្ចឹមមាន់ និងភ្ញាស់មាន់ ផ្សារភ្ជាប់ទីផ្សារ 

០២ មេសា ២០២១ | ព័ត៌មានជាតិ

 

តាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៣១ ខែមីនា បានសង្ខេបប្រវត្តិរបស់គាត់យ៉ាងដូច្នេះថា ដើមឡើយ កសិករដែលមានឈ្មោះថា ប៉ាន់ គឹមហ៊ាន (លេខទំនាក់ ទំនង ០៨១ ៨៥៧ ៦៩៨) បច្ចុប្បន្នគាត់រស់នៅក្នុងភូមិក្រាំងស្រម៉ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។ កសិកររូបនេះកន្លងមកបានប្រកបរបរធ្វើស្រែ ចំការ និងចិញ្ចឹមមេមាន់ ៥០ក្បាល សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។

 

 

របរកសិកម្មទាំងអស់នេះ មិនបានជួយកែប្រែជីវភាពរបស់គាត់ឲ្យបានធូធារ ចម្រុងចម្រើនដូចដែលគាត់ប៉ងប្រាថ្នាឡើយ ទើបនៅខែកញ្ញា ឆ្នាំ២០២០ កសិកររូបនេះ ត្រូវបានជ្រើសរើសដោយអង្គការពន្លឺកុមារ ធ្វើជាសមាជិកក្នុងគម្រោងស្តីពី "ចង្វាក់ផលិតកម្មមាន់ស្រុក" ដែលគម្រោងនេះសហការអនុវត្តជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក្រោមការគាំទ្រហិរញ្ញវត្ថុពីមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍កសិកម្ម ហៅកាត់ថា IFAD និងរាជរដ្ឋាភិបាលកម្ពុជា។ 

 


គម្រោងបានធ្វើការបណ្តុះបណ្តាលសមាជិកអំពីបច្ចេកទេសចិញ្ចឹមមាន់ ភ្ញាស់ស៊ុតមាន់ សកម្មភាពទីផ្សារមាន់ ស្រុក និងភ្ជាប់ផលិតផលមាន់ទៅនឹងទីផ្សារ។ល។
ក្រោយពីទទួលបានចំណេះដឹងបច្ចេកទេសពីវគ្គបណ្តុះបណ្តាល រួមផ្សំជាមួយបទពិសោធន៍ដែលកសិករ រូបនេះធ្លាប់បានអនុវត្តផ្ទាល់ផង គម្រោងបានសម្រេចជ្រើសរើសយកគាត់ធ្វើជាអ្នកបង្ហាញ ឬគ្រូបង្រៀនបច្ចេកទេសអំពីការចិញ្ចឹមមាន់ ការភ្ញាស់ស៊ុតមាន់ ដល់សមាជិកផ្សេងៗទៀតក្នុងគម្រោង។ 

 


យល់ឃើញពីគុណសម្បត្តិរបស់គាត់ គម្រោងបានជួយឧបត្ថម្ភគាត់បន្ថែមនូវទូភ្ញាស់ស្វ័យប្រវត្តិមួយ មេ-បាមាន់ ៧០ក្បាល និងទ្រុងមាន់ទំហំ ៥x១៦ម៉។ 
ចំណេះដឹង និងបទពិសោធន៍ រួមជាមួយការគាំទ្រ ធ្វើឲ្យអាជីវកម្មចិញ្ចឹមមាន់របស់គាត់មានការរីក ចម្រើនឥតឈប់ឈរ ជាក់ស្តែងគិតត្រឹមត្រីមាសទី១ នេះគាត់អាចរកចំណូលបាន ៨ ៤០០ ០០០រៀល ពីការលក់មាន់សាច់។ 

 


បច្ចុប្បន្ន កសិកររូបនេះនៅសល់កូនមាន់ជំទង់ ១៧០ក្បាល មេ-បាពូជ ១៧០ក្បាល និងស៊ុតកំពុងភ្ញាស់ក្នុងទូ ៥០០ គ្រាប់ទៀត ទុកត្រៀមចិញ្ចឹមនៅវគ្គបន្ត។ 
គាត់បានប្រើប្រាស់ប្រាក់ចំណូលនេះយកទៅពង្រីកអាជីវកម្ម ចិញ្ចឹមមាន់យកស៊ុត ភ្ញាស់យកកូនលក់ចែកចាយជូនសមាជិកក្នុងគម្រោង និងធ្វើទ្រុងចិញ្ចឹមមាន់សាច់បន្ថែម។ 


ដោយសារចំណូលនេះ ធ្វើឲ្យជីវភាពគ្រួសារមានការរីកចម្រើន ធានាបានរាល់ការចំណាយសម្រាប់សកម្មភាពផ្សេងៗក្នុងសង្គម កូនៗមានមធ្យោបាយទៅសាលា រៀនសូត្របានខ្ពង់ខ្ពស់ និងមានសមត្ថភាពជួយមើលការខុសត្រូវអាជីវកម្មរបស់ឱពុកបានទៀតផង ។
នាពេលបច្ចុប្បន្ន លោក ប៉ាន់ គីមហ៊ាន បានក្លាយជាកសិករគំរូ និងគ្រូបង្គោល ដែលមានចំណេះដឹងបច្ចេកទេសភ្ញាស់ស៊ុតមាន់ និងចិញ្ចឹមមាន់ច្បាស់លាស់ និងចេះធ្វើទំនាក់ទំនងទីផ្សារ ក្លាយទៅជាកសិ-ពាណិជ្ជករ ៕ 

 


ប្រភព និងរូបភាព៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024