ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

រឹតបន្ដឹងច្បាប់ ១៨ថ្ងៃ នគរបាលចរាចរណ៍ ផាកពិន័យយានយន្តល្មើសបានជាង ២ម៉ឺន ៧ពាន់គ្រឿង

២០ ឧសភា ២០២០ | ព័ត៌មានជាតិ

បន្ទាប់ពីធ្វើការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកយៈពេល១៨ថ្ងៃកន្លងមកនេះ ពោលគឺចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី១៨ ខែឧសភា នគរបាលចរាចរណ៍បានផាកពិន័យយានយន្តល្មើសបានជាង ២ម៉ឺន ៧ពាន់គ្រឿង ក្នុងនោះ ម៉ូតូមានជាង ២ម៉ឺនគ្រឿង និងរថយន្តជាង ៧ពាន់គ្រឿង។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។

 


ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបន្ថែមថា ក្នុងអំឡុងពេល១៨ថ្ងៃមកនេះ ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិ ដែលជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍ យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ។


គួរបញ្ជាក់ថា កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស បានចាប់ផ្តើមសកម្មភាពរឹតបន្ដឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅលើដងផ្លូវនានា កាលពីថ្ងៃទី១ ខែឧសភា។ រឹតបន្ដឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនោះ គឺកម្លាំងនគរបាលបានផ្តើម អនុវត្តអនុក្រឹត្យចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ស្តីពីការកែសម្រួលអនុក្រឹត្យ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដែលមានការតម្លើងកម្រិតទឹកប្រាក់ពិន័យក្នុងចំនួនពី ៣ទៅ៥ដង៕


អត្ថបទ៖ សន រដ្ឋា
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024