ថ្ងៃអាទិត្យ ទី២៦ ខែកញ្ញា ឆ្នាំ២០២១

អ្នកជំនាញជំរុញឲ្យការដឹកជញ្ជូនកម្មករនិយោជិតក្នុង «តំបន់លឿង» ត្រូវធានាសុវត្ថិភាពចរាចរណ៍ និងការពារជំងឺឆ្លងកូវីដ-១៩

០១ ឧសភា ២០២១ | ព័ត៌មានជាតិ

កម្មករនិយោជិតក្នុង «តំបន់លឿង» នៅភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរទៅកន្លែងធ្វើការងារ និងត្រឡប់មកផ្ទះវិញ ប៉ុន្តែត្រូវមានប័ណ្ណសម្គាល់ ដែលចេញដោយក្រសួងការងារ។ ការដឹកជញ្ជូន និងការធ្វើដំណើរឡើងវិញ ត្រូវបានអ្នកជំនាញ ជំរុញឲ្យមានការយកចិត្តទុកដាក់លើសុវត្ថិភាពចរាចរណ៍ និងពង្រឹងវិធានការការពារជំងឺឆ្លងកូវីដ១៩។

 


ការឲ្យអនុញ្ញាតឲ្យមានការដឹកជញ្ជូនកម្មករនិយោជិត និងបុគ្គលិក សម្រាប់រោងចក្រ សហគ្រាស និងសិប្បកម្ម ដែលស្ថិតក្នុង «តំបន់លឿង» ជាសញ្ញាវិជ្ជមានមួយដែលកើតចេញពីការខិតខំក្នុងការឆ្លើយតបដោះស្រាយបញ្ហាប្រឈមការរីករាលដាលនៃជំងឺកូវីដ១៩។ ប៉ុន្តែ អ្នកជំនាញក៏បារម្ភផងដែរពីសុវត្ថិភាពចរាចរណ៍ និងជំងឺឆ្លងកូវីដ១៩។

 


លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ី ប្រចាំនៅកម្ពុជា បានប្រាប់ភីអិនអិនតាមបណ្តាញសង្គមពីការចាប់អារម្មណ៍របស់លោកថា វិធានការបន្ថូរបន្ថយការធ្វើដំណើរដោយអនុញ្ញាតឲ្យមានការធ្វើចរាចរណ៍នៅតាមតំបន់លឿង ដែលរួមទាំងអនុញ្ញាតឲ្យមានការដឹកជញ្ជូនកម្មករនិយោជិក ដើម្បីបានបំពេញការងារនៅតាមរោងចក្រសហគ្រាសឡើងវិញ ប្រជាពលរដ្ឋគួរយកឱកាសនេះប្រើឲ្យចំទិសដៅ ពោលគឺធ្វើដំណើរណាដែលចាំបាច់បំផុត។
លោកបញ្ជាក់ថា បញ្ហាសុវត្ថិភាពចរាចរណ៍ ក៏ដូចជាការចំលងនៃវីរុសកូវីដ១៩ក្នុងសហគមន៍ នៅតែជាក្តីបារម្ភ។ តួយ៉ាង នៅពេលអុវត្តវិធានការបិទខ្ទប់ តាមរយៈការរឹតបន្តឹងការធ្វើដំណើរ ឃើញថា គ្រោះថ្នាក់ចរាចរណ៍នៅភ្នំពេញ និងកណ្តាលមានការល្អប្រសើរជាខ្លាំង ពោលគឺថ្ងៃខ្លះសឹងតែគ្មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង និងអ្នកស្លាប់ និងរបួសថយចុះច្រើន។

 


ផ្តើមពីចំណុចនេះ លោកលើកទឹកចិត្តដល់ស្ថាប័នរាជរដ្ឋាភិបាល បន្តពង្រឹងការអនុវត្តច្បាប់ទាំងនៅភ្នំពេញ ខេត្តកណ្តាល និងបណ្តាខេត្តផ្សេងៗទៀតឲ្យបានម៉ឺងម៉ាត់ កាន់តែជាប់លាប់ ក្នុងគោលដៅដើម្បីរក្សាការពារអាយុជីវិតប្រជាពលរដ្ឋ ហើយទន្ទឹមនឹងនេះ ត្រូវពង្រឹង និងបង្កើនវិធានការអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍បន្ថែមទៀត។ ស្របជាមួយគ្នានេះ សមត្ថកិច្ចគួររឹតបន្តឹងចំពោះការធ្វើដំណើរណាដែលមិនចាំបាច់ ពិសេសរថយន្តដឹកកម្មករនិយោជិក ដែលមិនគោរពតាមវិធានសុវត្ថិភាពសុខាភិបាល។


ជាមួយគ្នានេះ ចំពោះអ្នកបើកបររថយន្តដឹកកម្មរ ត្រូវពិនិត្យពីលក្ខណៈបច្ចេកទេសរថយន្តរបស់ខ្លូនឡើងវិញ ដើម្បីប្រាកដថា នៅពេលដឹកជញ្ជូនកម្មករមានសុវត្ថិភាព, ត្រូវពង្រឹងវិធានការការពារជំងឺកូវីដ នៅពេលធ្វើដំណើរដឹកជញ្ជូនកម្មកររួមលើរថយន្ត, ចៀសវាងការឈរបញ្ជៀតគ្នា ណែនណាន់តាន់តាម លើសចំណុះ ដែលអាចជាហានិភ័យឆ្លងជំងឺ។ 

 


ចំពោះវិស័យឯកជន ឬភាគីរោងចក្រសហគ្រាស អ្នកជំនាញរូបនេះ លើកទឹកចិត្តឲ្យមានការវិនិយោគផ្តល់ឲ្យនូវរថយន្តដឹកកម្មករ មានឧបករណ៍វាស់កម្តៅ ម៉ាស់ រក្សាគម្លាត អាល់កុលឬជែល និងបាញ់សម្លាប់មេរោគ មុនពេលអនុញ្ញាតឲ្យកម្មករនិយោជិតឡើងជិះរថយន្ត៕


អត្ថបទ៖ អឿន ភារ៉ា     រូបភាព៖ ឯកសារ
 

ព័ត៌មានដែលទាក់ទង

Copyright © 2016 PNN NEWS. All Rights Reserved.