ថ្ងៃអាទិត្យ ទី២៦ ខែកញ្ញា ឆ្នាំ២០២១

អគ្គស្នងការដ្ឋាននគរបាលជាតិ ណែនាំ អោយបន្តរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងឆ្នាំ២០២១

១៧ មីនា ២០២១ | ព័ត៌មានជាតិ

អគ្គស្នងការដ្ឋាននគរបាលជាតិ បានណែនាំដល់នាយកដ្ឋានជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ត្រូវបន្តរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកតាមស្មារតី អនុក្រឹត្យលេខ៣៩ ដោយផ្អែកលើបទពិសោធន៍ល្អដែលសម្រេចបានក្នុងឆ្នាំ២០២០។ ការណែនាំនេះធ្វើឡើងក្នុងគោលដៅ ដើម្បីសម្រេចអោយបានតាមផែនការរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២១សំដៅកាត់បន្ថយចំនួនគ្រោះថ្នាក់ ចំនួនអ្នកស្លាប់ អ្នករបួស និងការខូចខាតទ្រព្យសម្បត្តិអោយបានជាអតិបរមា។ 

 


ក្នុងសេចក្តីណែនាំនោះ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលតម្រូវអោយបន្តធ្វើការត្រួតពិនិត្យរឹតបន្តឹងប្រភេទបទល្មើស ចំពោះទោចក្រយានយន្ត និងត្រីចក្រយានយន្តចំនួន៧និងប្រភេទបទល្មើសចំពោះរថយន្តគ្រប់ប្រភេទចំនួន៩ ដូចបានណែនាំអនុវត្តកាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០។ 

 


ឯកឧត្តម នាយឧត្តមសេនីយ៍ បានតម្រូវអោយត្រួតពិនិត្យនិងចាត់ការបន្ថែមតាមអនុក្រឹត្យលេខ៣៩ ចំពោះរថយន្តគ្រប់ប្រភេទដែលបានឃាត់ត្រួតពិនិត្យក្នុងករណីប្រព្រឹត្តល្មើសណាមួយ ក្នុងចំណោម៩បទល្មើស តាមករណីល្មើស រួមមាន បើកបរយានយន្តដោយគ្មាន ឬប្រើហួសសុពលភាពវិញ្ញាបនបត្រត្រួតពិនិត្យបច្ចេកទេស  បើកបរយានយន្តផ្ទាល់ខ្លួន ឬនីតិបុគ្គល មិនបានស្នើសុំ ឬប្រើលិខិតអនុញ្ញាតធ្វើអាជីវកម្មហួសសុពលភាព និងបើកបរយានយន្តធុនធ្ងន់ យានយន្តុបករណ៍ យានយន្តសណ្តោងរ៉ឺម៉ក់ ឬសឺមីរ៉ឹម៉កបិទស្លាកសញ្ញាចាំងពន្លឺខុសបទដ្ឋានកំណត់ ឬមិនមានបិទស្លាកសញ្ញាចាំងពន្លឺ។

 


ជាមួយគ្នានោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏តម្រូវអោយបង្កើនថែមទៀតក្នុងការរឹតបន្តឹងអនុវត្តន៍ច្បាប់ចំពោះរថយន្តដឹកកម្មករ រថយន្តដឹកអ្នកដំណើរ រថយន្តដឹកដី ថ្ម ខ្សាច់ និងរថយន្តដឹកទំនិញគ្រប់ប្រភេទ ដើម្បីធានាថា អ្នកបើកបរគ្រប់រូបមានបណ្ណបើកបរត្រឹមត្រូវ រថយន្តមានឯកសារអនុញ្ញាតតាមច្បាប់គ្រប់គ្រាន់  មានលក្ខណៈបច្ចេកទេសត្រឹមត្រូវ និងការផ្ទុកឬដឹកជញ្ជូនធានាសុវត្ថិភាពតាមច្បាប់កំណត់។

 


គួរបញ្ជាក់ថា ក្នុងរយៈពេលពេញមួយឆ្នាំ២០២០នេះ ពោលគឺចាប់ពីខែមករាដល់ខែធ្នូ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេសបានថយចុះគួរឱ្យកត់សំគាល់ បើប្រៀបធៀបនឹងឆ្នាំ២០១៩។ នៅឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍បានថយចុះចំនួនជាង៩០០លើក ស្មើនឹងជាង២០ភាគរយ ពោលគឺនៅឆ្នាំ២០២០មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងតែចំនួនជាង៣០០០លើក ខណៈកាលពីឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុបចំនួនជាង៤០០០លើក។ 

ការថយចុះជាង២០ភាគរយនៃចំនួនគ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០២០នេះ បានធ្វើឱ្យចំនួនអ្នកស្លាប់ថយចុះដល់ទៅ ៣៣៥នាក់ ស្មើ១៧ភាគរយ៕


អត្ថបទ៖ សន រដ្ឋា ,រូបភាព៖ ឯកសារ
 

ព័ត៌មានដែលទាក់ទង

Copyright © 2016 PNN NEWS. All Rights Reserved.