ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

អ្នកនាំពាក្យបញ្ជាក់ថា ច្បាប់ចរាចរណ៍ផ្លូវគោកកែជិតពាក់កណ្តាលហើយ ទើបគ្រោងស្នើធ្វើច្បាប់ថ្មីតែម្តង

០៥ សីហា ២០២១ | ព័ត៌មានជាតិ

ក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្ត្រីជំនាញពាក់ព័ន្ធ បានជួបប្រជុំគ្នារយៈពេលពីរថ្ងៃ ដើម្បីពិនិត្យ និងពិភាក្សាលើវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោក។ 
អង្គប្រជុំដែលដឹកនាំដោយឯកឧត្តមរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងគោលបំណងដើម្បីប្រមូលធាតុចូល ក៏ដូចជាកែសម្រួលអត្ថន័យ ពាក្យពេចន៍ ឃ្លាប្រយោគ អក្ខរាវិរុទ្ធនៃសេចក្តីព្រាងវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោកឲ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ។

 

 

លោក  ហ៊ាង សុធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ភីអិនអិននៅថ្ងៃទី៥ ខែសីហានេះថា ដោយយល់ឃើញថាវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោក បានធ្វើឡើងជាច្រើនលើកច្រើនសារ ដែលកែរហូតដល់ជិតពាក់កណ្តាល ពោលគឺមានមាត្រាចំនួន៤៨ ក្នុងចំណោម៩២មាត្រា ត្រូវបានធ្វើវិសោធនកម្ម 
ទើបក្រសួងគ្រោងស្នើសុំគោលការណ៍ឯកភាពធ្វើច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលមានខ្លឹមសារ ១០០ភាគរយ។

 

 

លោកបានបញ្ជាក់ថា ច្បាប់ចរាចរណ៍ផ្លូវគោកនៅតែរក្សាដដែល ដោយគ្រាន់តែក្រសួងចង់បានឯកសារច្បាប់មួយដែលមានលក្ខណៈពេញលេញ និងខ្លឹមសារតែមួយ ខណៈកន្លងទៅ ច្បាប់ដែលបានធ្វើវិសោធនកម្មនេះ មានការឡាយព្រះហស្ថលេខាពីព្រះមហាក្សត្រទៅលើកន្លែងណាដែលបានកែសម្រួល។ តែចំពោះច្បាប់ថ្មីនេះ គឺយកខ្លឹមសារទាំងស្រុង ចាស់ថ្មី ដាក់បញ្ជូលតែមួយ ដែលមិនស៊ាំញ៉ាំ និងងាយស្រួលយល់។ អ្នកនាំពាក្យក្រសួងសាធារណការរូបនេះ បានបន្ថែមថា នៅក្នុងច្បាប់នេះ ត្រង់ជំពូកចុងក្រោយបានចង្អុលច្បាស់ថា នៅពេលដាក់ដំណើការច្បាប់ថ្មី ច្បាប់ចាស់ដែលចេញនៅក្នុងឆ្នាំ២០០៧ នឹងត្រូវនិរាករណ៍ទាំងស្រុង។

 

 

សូមបញ្ជាក់ថា វិសោធនកម្មច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនេះ បានឆ្លងកាត់ការសិក្សា និងប្រជុំពិភាក្សាពីសំណាក់ក្រុមការងារជំនាញសរុបចំនួន ១៧លើក គិតចាប់ពីខែឧសភា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ និងកិច្ចប្រជុំពិភាក្សា ២លើកបន្ថែមទៀត ដែលដឹកនាំដោយឯកឧត្តម ស៊ុន ចាន់ថុល នាពេលនេះ។ ក្នុងអង្គប្រជុំនេះ ក៏បានឯកភាពបញ្ចូលការកំណត់ល្បឿនបើកបរនៅលើផ្លូវល្បឿនលឿនផងដែរ។ 

 

យ៉ាងណាមិញ ចំពោះការស្នើធ្វើច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ នឹងត្រូវរងចាំការសម្រេចជាមុនសិនពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក៕

 

អត្ថបទ៖ អឿន ភារ៉ា រូបភាព៖ ផ្តល់ដោយជំនាញ និងឯកសារ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024