ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៤

២ខែដើមឆ្នាំ រមណីយដ្ឋានអង្គរ ទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ៤ពាន់នាក់

០២ មីនា ២០២១ | សេដ្ឋកិច្ច


 

វិបត្តិមេរោគកូវីដ១៩ មិនទាន់ផុតរលត់នៅឡើយទេ ដែលធ្វើឲ្យជើងហោះហើរអន្តរជាតិត្រូវបានបិទអស់ជាច្រើន ហើយភ្ញៀវទេសចរណ៍អន្តរជាតិ ក៏ពុំអាចចេញដើរកម្សាន្តបានផងដែរ ជាក់ស្តែង នៅ ២ខែដើមឆ្នាំ ២០២១នេះ រមណីយដ្ឋានអង្គរ ទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៤១០០នាក់ប៉ុណ្ណោះ ដែលបានទិញបណ្ណចូលទស្សនា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ គ្រឹះស្ថានអង្គរ ចេញផ្សាយកាលពីពេលថ្មីៗនេះ។

 

 

រយៈពេល ២ខែដំបូង ឆ្នាំ ២០២១ រមណីយដ្ឋានអង្គរ ទទួលបានភ្ញៀវអន្តរជាតិតែ ៤១៩៤នាក់ ដែលរកប្រាក់ចំណូលបានត្រឹមតែ ១៧ម៉ឺនដុល្លារអាមេរិកប៉ុណ្ណោះ ដែលតួលេខនេះ មានការធ្លាក់ចុះដល់ទៅ ៩៨% បើប្រៀបធៀបនឹងពេលដូចគ្នា កាលពីឆ្នាំ២០២០កន្លងទៅ ហើយក្នុងនោះទឹកប្រាក់ជាង ៨ពាន់ដុល្លារ ត្រូវបរិច្ចាគជូន មន្ទីរពេទ្យគន្ធបុប្ផា។

 


កាលពីខែកុម្ភៈ ឆ្នាំ ២០២១ ការលក់សំបុត្រចូលទស្សនា រមណីយដ្ឋានអង្គរ សម្រេចបានត្រឹមតែជាង ២ពាន់ ៩រយនាក់ប៉ុណ្ណោះ ដោយផ្តល់ចំណូលជាង ១២ម៉ឺនដុល្លារអាមេរិក ធ្លាក់ចុះ ៩៧%។

 


រមណីយដ្ឋានអង្គរ ដែលធ្លាប់តែទទួលបានភ្ញៀវទេសចរអន្តរជាតិ រាប់លាននាក់ និងប្រាក់ចំណូលជាច្រើនលានដុល្លារដែរនោះ នៅក្នុងឆ្នាំ ២០២០កន្លងទៅថ្មីៗនេះ គឺសម្រេចបានប្រាក់ចំណូលត្រឹមតែ ១៨លានដុល្លារអាមេរិកប៉ុណ្ណោះ ដែលធ្លាក់ចុះដល់ទៅ ៨១% ធៀបនឹងឆ្នាំ ២០១៩។

 


សូមជម្រាបដែរថា មិនមែនមានតែ កម្ពុជា ដែលរងគ្រោះដោយសារតែវិបត្តិមេរោគកូវីដ១៩ តំបន់អាស៊ានទាំងមូល ទទួលបានភ្ញៀវទេសចរអន្តរជាតិ ត្រឹមតែ ២៦លាននាក់ប៉ុណ្ណោះ កាលពីឆ្នាំ ២០២០កន្លងទៅ ដែលតួលេខនេះ មានការធ្លាក់ចុះដល់ទៅ ៨០% ធៀបនឹងឆ្នាំ២០១៩៕
 

 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024