ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៤

សមាគមន៍ទីភ្នាក់ងារទេសចរណ៍កម្ពុជាអំពាវនាវឲ្យរដ្ឋាភិបាលពិចារណាលើកលែងការប្រមូលបំណុលពន្ធឆ្នាំចាស់ៗពីវិស័យទេសចរណ៍

១៤ ធ្នូ ២០២០ | សេដ្ឋកិច្ច

សមាគមន៍ទីភ្នាក់ងារទេសចរណ៍កម្ពុជាបានឲ្យដឹងថា ស្ថិតនៅក្នុងដំណាក់កាលជួបវិបត្តិធ្ងន់ធ្ងរដែលបង្ករឡើងដោយមេរោគកូវីដ ១៩ នេះខាង សមាគមន៍ទីភ្នាក់ងារទេសចរណ៍កម្ពុជាសូមបន្តធ្វើការអំពាវនាវទៅរាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិចារណាលើកលែងនូវការប្រមូលបំណុលពន្ធឆ្នាំចាស់ៗ ចំពោះប្រតិបត្តករវិស័យឯកជនក្នុងវិស័យទេសចរណ៍ ខណៈវិស័យនេះ នៅតែបន្តរងផលប៉ះពាល់ខ្លាំងពីជំងឺកូវីដ ១៩។

 

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេចរណ៍កម្ពុជាបានប្រាប់ភីអិនអិន នៅថ្ងៃនេះថា ស្ថិតនៅក្នុងដំណាក់កាលនៃវិបត្តិធ្ងន់ធ្ងរនេះ សមាគមន៍ទីភ្នាក់ងារ ទេសចរណ៍ កម្ពុជា នៅតែទទូច ស្នើសុំ ការអន្តរាគមន៍ ពីរាជរដ្ឋាភិបាល ក្នុងការ ពិចារណា លើកលែង បំណុល ពន្ធ ចាស់ៗ ដែលជាប្រតិបត្តិករ ឯកជនក្នុងវិស័យទេចរណ៍បានខកខានមិនបានបង់នាឆ្នាំកន្លងមក ខណៈអាជីវកម្មរបស់ពួកគាត់កំពុងតែប្រឈមខ្លាំងដោយសារជំងឺកូវីដ ១៩។


លោកស្រីបញ្ជាក់ថា រដ្ឋាភិបាលបានលើកលែងរួចមកហើយអំពីការបង់ពន្ធប្រចាំខែសម្រាប់ឆ្នាំ២០២០នេះ ប៉ុន្តែ បញ្ហាចំបងធំមួយទៀតនោះគឺបំណុលពន្ធចាស់ៗ ខណៈពួកគាត់កំពុងស្ថិតនៅក្នុងវិបត្តិដ៏ធ្ងន់ធ្ងរ។ លោកស្រីបន្ថែមថា ត្បិតតែនេះវាគ្រាន់តែជាបំណុលពន្ធចាស់ក៏ពិតមែន តែវាជាបន្ទុកចំណាយ ខណៈដែលពួកគាត់រកបានក្នុង១ឆ្នាំនេះ គឺមិនអាចឆ្លើយតបរាល់ការចំណាយបានឡើយ ដោយអ្នកខ្លះក៏បានប្រកាសលក់ទ្រព្យសម្បត្តិរបស់ខ្លួនខ្លះដើម្បីយកមកបន្តដង្ហើមអាជីវកម្ម។


លោកស្រីបានគូសបញ្ជាក់ទៀតថា វិស័យទេសចរណ៍កំពុងជួបផលប៉ះពាល់ធ្ងន់ធ្ងរ ដែលរួមមានអាជីវកម្មសណ្ឋាគារ ភោជនីយដ្ឋាន និងជាពិសេសគឺក្រុមហ៊ុនទេសចរណ៍បានបិទអាជីវកម្មស្ទើតែទាំងស្រុង បើទោះបីជាមិនមានតួលេខជាក់លាក់អំពីការស្នើសុំការព្យួរការងារនៅក្រសួងការងារក៏ដោយ ប៉ុន្តែអាជីវកម្មទាំងអស់នោះគឺ បានបិទទ្វារដោយខ្លួនឯងអស់ទៅហើយព្រោះគ្មានភ្ញៀវ។


លោកស្រីបន្តថា ក្នុងនាមជាប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រីចង់ឃើញពួកគាត់នៅអាចបន្តអាជីវកម្មតទៅទៀតបានដោយមិនការផ្លាស់ប្តូរអាជីពនោះទេ ព្រោះកាលណាពួកគាត់ផ្លាស់ប្តូរអាជីពនៅពេលដែលស្ថានភាពវិលត្រឡប់មកប្រសើរឡើងវិញធនធានមនុស្សនៅក្នុងវិស័យនេះនឹងអាចខ្វះខាតវិញ ដូច្នេះសូមឲ្យរដ្ឋាភិបាលពិចារណាលើកលែងដោយលុបបំណុលចាស់ៗចោល ដើម្បីជួយដល់វិស័យនេះផង។

 


យ៉ាងណាក៏ដោយចុះ បើទោះបីមិនទាន់មានការឆ្លើយតបភ្លាមៗពីរាជរដ្ឋាភិបាលក្នុងការពិចារណាសម្រេចលុបបំណុលពន្ធចាស់ៗក៏ដោយចុះ ក៏កន្លងមករាជរដ្ឋាភិបាល បានប្រកាសលើកលែងពន្ធប្រចាំខែរួចហើយនៅឆ្នាំ២០២០នេះសម្រាប់ប្រតិបត្តិករទេសចរណ៍ ហើយថ្មីៗនេះផងដែរជាការបញ្ជាក់ជូនឡើងវិញរបស់ក្រសួងទេសចរណ៍ទៅសាលារាជធានីភ្នំពេញស្តីពីការអនុវត្តន៍វិធានការ រាជរដ្ឋាភិបាល លើកលែងការបង់ថ្លៃបន្តអជ្ញាបណ្ណទេសចរណ៍សម្រាប់ឆ្នាំ២០២១។

 


ទន្ទឹមគ្នានេះប្រតិបត្តិករក្នុងវិស័យទេសចរណ៍ក៏បានចាត់ទុកថា ការសម្រេចរបស់រដ្ឋាភិបាលក្នុងការលើកលែងការបង់ថ្លៃបន្តអាជ្ញាបណ្ណទេសចរណ៍គ្រប់ប្រភេទសម្រាប់ឆ្នាំ២០២១ ថា ជាចំណែកតួចមួយក្នុងការជួយធ្វើឱ្យវិស័យទេសចរណ៍នៅកម្ពុជាអាចបន្តនិរន្តរភាពរបស់ខ្លួនតទៅមុនទៀត ខណៈការរីករាលដាលរបស់ជំងឺកូវីដ១៩ បានធ្វើឱ្យវិស័យមួយនេះធ្លាក់ចុះយ៉ាងគំហុក៕

 

 

 

 

 

អត្ថបទ ស៊ឺន សុន និងរូបភាព ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024