ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៤

សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា អះអាងថា ភ្ញៀវទេសចរក្នុងស្រុកលុបចោលនៅផែនការដំណើរកម្សាន្តនៅបំណាច់ឆ្នាំ២០២០នេះ

១៥ ធ្នូ ២០២០ | សេដ្ឋកិច្ច

សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានឲ្យដឹងថា ស្ថិតនៅក្នុងដំណាក់កាលជួបវិបត្តិធ្ងន់ធ្ងរដែលបង្កឡើងដោយមេរោគកូវីដ ១៩ ពិសេសគឺក្រោយព្រឹត្តិការណ៍២៨ វិច្ឆិកា ភ្ញៀវទេសចរក្នុងស្រុកចាប់ផ្តើម រារែកចំពោះការធ្វើដំណើរកំសាន្តនៅតាមតំបន់ទេសចរណ៍នានាក្នុងប្រទេស ដោយភាគច្រើនត្រូវបានលុបចោលនៅផែនការដំណើរកំសាន្តនៅបំណាច់ឆ្នាំ២០២០នេះ។

 

 

 


លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេចរណ៍កម្ពុជាបានប្រាប់ភីអិនអិន នៅថ្ងៃនេះថា ស្ថិតនៅក្នុងដំណាក់កាលនៃវិបត្តិធ្ងន់ធ្ងរនេះ សង្កេតឃើញថា ភ្ញៀវទេសចរក្នុងស្រុកបានសម្រេចលុបចោលនៅផែនការដំណើរកំសាន្តរបស់ខ្លួននាបំណាច់ឆ្នាំនេះ ខណៈភ្ញៀវបរទេសក៏កំពុងត្រូវបានរិតបន្តឹង ចំពោះការតម្រូវឲ្យធ្វើចត្តាលីស័ក្តពេញលេញរយៈពេល១៤ ថ្ងៃតាមការណែនាំរបស់ក្រសួងសុខាភិបាល។

 

 

 


លោកបញ្ជាក់ថា វិស័យទេសចរណ៍កម្ពុជាត្រូវការពេលវេលាយូរក្នុងការងើបឡើងវិញ ដោយយ៉ាងហោចណាស់ក៏ប្រើរយៈពេលពី ៥ទៅ៧ឆ្នាំផងដែរ ទើបត្រឡប់ទៅរកសភាពដើមវិញបាន។ លោកស្រីអះអាងទៀតថា ភ្ញៀវទេសចរមានការធ្លាក់ចុះខ្លាំងជាងគេគឺចាប់តាំងពីព្រឹត្តិការណ៍ថ្ងៃទី២៨ វិច្ឆិកាមកម្លះ ទាំងនៅក្នុងរាជធានី និងនៅតាមតំបន់ទេសចរណ៍នានាគឺមានភាពស្ងប់ស្ងត់ជាងពេលធម្មតា។

 

 

 


លោកស្រីបន្តទៀតថា យ៉ាងណាប្រសិនមិនមានការរីករាលដាលជំងឺកូវីដ ១៩ ក្នុងរយៈពេល២ សប្តាហ៍ក្រោយនេះអាចសង្ឃឹមថា មានសកម្មភាពទេសចរណ៍ធ្វើដំណើរកំសាន្តខ្លះៗឡើងវិញ ប៉ុន្តែបើជំងឺនេះនៅបន្តរីករាលដាលឆ្លងកើនតទៅទៀត ច្បាស់ណាស់ពលរដ្ឋនឹងមិនធ្វើដំណើរកំសាន្តណានោះឡើយ។

 

 

 


របាយការណ៍របស់ក្រសួងទេសចរណ៍បង្ហាញថា  ចំនួនភ្ញៀវទេសចរបរទេសដែលធ្វើដំណើរមកកម្ពុជានៅក្នុងរយៈពេល ១០ខែដើមឆ្នាំ២០២០ មានចំនួនសរុបជាង ១ លាន២ សែននាក់ ធ្លាក់ចុះជាង ៧៦ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។


តាមការព្យាករណ៍របស់ក្រសួងទេចរណ៍ ឆ្នាំ២០២០ កម្ពុជានឹងទទួលទេសចរផ្ទៃក្នុងបានប្រមាណ ៩លាននាក់ ថយចុះ ២០ភាគរយ ធៀបនឹងឆ្នាំ២០១៩ ខណៈទេសចរផ្ទៃក្នុងនឹងវិលមកប្រក្រតីភាពឡើងវិញក្នុងរយៈពេល ៣ឆ្នាំ ពោលគីឆ្នាំ២០២៣ កម្ពុជានឹងទទួលបាន ១១លាននាក់៕
 

 

 

 

 

 

អត្ថបទ៖ ស៊ឺន សុន និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024