ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៤

ឆ្នាំ ២០២០ ចំណូលពីសំបុត្រទស្សនារមណីយដ្ឋានអង្គរ សម្រេចបាន ១៨លានដុល្លារ ធ្លាក់ចុះ ៨១%

០៥ មករា ២០២១ | សេដ្ឋកិច្ច

ដោយសារតែ វិបត្តិកូវីដ១៩ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ វិស័យទេសចរណ៍ទូទាំងសកលលោក រួមទាំងប្រទេសកម្ពុជាផងដែរនោះ រមណីយដ្ឋានអង្គរ ដែលធ្លាប់តែទទួលបានភ្ញៀវទេសចរអន្តរជាតិ រាប់លាននាក់ និងប្រាក់ចំណូលជាច្រើនលានដុល្លារដែរនោះ នៅក្នុងឆ្នាំ ២០២០កន្លងទៅថ្មីៗនេះ គឺសម្រេចបានប្រាក់ចំណូលត្រឹមតែ ១៨លានដុល្លារអាមេរិកប៉ុណ្ណោះ ដែលធ្លាក់ចុះដល់ទៅ ៨១% ធៀបនឹងឆ្នាំ ២០១៩។

 

 

នេះបើយោងតាមរបាយការណ៍ចុងក្រោយបង្អស់មួយ របស់គ្រឹះស្ថានអង្គរ ចេញផ្សាយកាលពីពេលថ្មីនេះ។

 


នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ គ្រឹះស្ថានអង្គរ បានបង្ហាញថា នៅក្នុងឆ្នាំ ២០២០ សំបុត្រលក់ទៅឲ្យភ្ញៀវទេសចរបរទេស មានត្រឹម ៤សែនសំបុត្រ សម្រេចបាន ១៨លានដុល្លារអាមេរិក ធ្លាក់ចុះប្រមាណ ៨១% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ហើយក្នុងនោះទឹកប្រាក់ជាង ៨សែនដុល្លារ ត្រូវបរិច្ចាគជូន មន្ទីរពេទ្យគន្ធបុប្ផា។

 


កាលពីខែធ្នូ ឆ្នាំ ២០២០ ការលក់សំបុត្រចូលទស្សនា រមណីយដ្ឋានអង្គរ សម្រេចបានត្រឹមតែជាង ១ពាន់នាក់ប៉ុណ្ណោះ ដោយផ្តល់ចំណូលជាង ៥ម៉ឺនដុល្លារអាមេរិក។

 


វិស័យទេសចរណ៍ ដែលជាឆ្អឹងខ្នងដ៏សំខាន់មួយរបស់ ប្រទេសកម្ពុជា ទទួលបានរងផលប៉ះពាល់ពី វិបត្តិកូវីដ១៩ តាំងពី ត្រីមាសទី ១ ឆ្នាំ ២០២០មកម្ល៉េះ ដោយក្នុងរយៈពេល ៣ខែដំបូង ឆ្នាំ ២០២០ ប្រាក់ចំណូលពីការលក់សំបុត្រ សម្រេចបានជាង ១៧លាន ៩សែនដុល្លារអាមេរិកទៅហើយ ពោលគឺ នៅពេលដែលរលកនៃវិបត្តិកូវីដ១៩ ជះឥទ្ធិពលខ្លាំង នៅក្នុង ៣ត្រីមាសចុងក្រោយ ការលក់សំបុត្រ សម្រេចបានក្នុងចំនួនតិចបំផុត។

 


គួរជម្រាបដែរថា មិនមែនមានតែ វិស័យទេសចរណ៍នៅកម្ពុជា ប៉ុណ្ណោះទេ ដែលរងគ្រោះដោយសារមេរោគកូវីដ១៩នោះ គឺថា វិស័យទេសចរណ៍នៅទូទាំងសកលលោក សុទ្ធតែត្រូវរងគ្រោះ ហើយបើតាមការសិក្សាមួយរបស់ អង្គការសហប្រជាជាតិ បានបង្ហាញថា វិស័យទេសចរណ៍របស់ពិភពលោក អាចនឹងខាតបង់ប្រាក់ចំណូលរហូតដល់ទៅ ៣.៣ទ្រីលានដុល្លារអាមេរិក ដោយសារតែវិបត្តិជម្ងឺនេះ៕
 

 

 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024