ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៤

ខែដំបូង ឆ្នាំ២០២១ រមណីយដ្ឋានអង្គរ ទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ១២០០នាក់

០៩ កុម្ភៈ ២០២១ | សេដ្ឋកិច្ច

ទោះបីជា វ៉ាក់សាំងប្រឆាំងកូវីដ១៩ ត្រូវបានរកឃើញ និងដាក់ឲ្យប្រើប្រាស់ជាបន្តបន្ទាប់ក្តី វិបត្តិមេរោគកូវីដ១៩ មិនទាន់ថមថយឥទ្ធិពលនៅឡើយទេ ហើយនៅតែបន្តអូសបន្លាយរហូតដល់ ដើមឆ្នាំ២០២១ ជាក់ស្តែង នៅខែមករានេះ រមណីយដ្ឋានអង្គរ ទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ១២០០នាក់ប៉ុណ្ណោះ ដែលបានទិញបណ្ណចូលទស្សនា។ នេះ

 

 

បើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ គ្រឹះស្ថានអង្គរ ចេញផ្សាយកាលពីពេលថ្មីៗនេះ។

 


បើកឆ្នាំ ១ខែដំបូង ឆ្នាំ ២០២១ រមណីយដ្ឋានអង្គរ ទទួលបានភ្ញៀវអន្តរជាតិតែ ១២០០នាក់ ដែលរកប្រាក់ចំណូលបានត្រឹមតែ ៥ម៉ឺនដុល្លារអាមេរិកប៉ុណ្ណោះ ដែលតួលេខនេះ មានការធ្លាក់ចុះដល់ទៅ ៩៩% បើប្រៀបធៀបនឹងពេលដូចគ្នា កាលពីឆ្នាំ២០២០កន្លងទៅ។

 


យ៉ាងណាក៏ដោយ ក្រុមភ្ញៀវទេសចរចិន នៅតែជាអ្នកចូលមកកម្សាន្តនៅរមណីយដ្ឋានអង្គរ ច្រើនជាងគេ មានចំនួន ៤៨០នាក់ ខណៈភ្ញៀវទេសចរមកពីជប៉ុន និងកូរ៉េខាងត្បូង មាន ៨៣នាក់ដូចគ្នា។

 


រមណីយដ្ឋានអង្គរ ដែលធ្លាប់តែទទួលបានភ្ញៀវទេសចរអន្តរជាតិ រាប់លាននាក់ និងប្រាក់ចំណូលជាច្រើនលានដុល្លារដែរនោះ នៅក្នុងឆ្នាំ ២០២០កន្លងទៅថ្មីៗនេះ គឺសម្រេចបានប្រាក់ចំណូលត្រឹមតែ ១៨លានដុល្លារអាមេរិកប៉ុណ្ណោះ ដែលធ្លាក់ចុះដល់ទៅ ៨១% ធៀបនឹងឆ្នាំ ២០១៩។

 


សូមជម្រាបដែរថា មិនមែនមានតែ កម្ពុជា ដែលរងគ្រោះដោយសារតែវិបត្តិមេរោគកូវីដ១៩ តំបន់អាស៊ានទាំងមូល ទទួលបានភ្ញៀវទេសចរអន្តរជាតិ ត្រឹមតែ ២៦លាននាក់ប៉ុណ្ណោះ កាលពីឆ្នាំ ២០២០កន្លងទៅ ដែលតួលេខនេះ មានការធ្លាក់ចុះដល់ទៅ ៨០% ធៀបនឹងឆ្នាំ២០១៩៕
 

 

 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024