ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

លោក​ចូបៃដឹន​ និង​ព្រះ​មហាក្សត្រ​អារ៉ាប៊ី​សាអូឌីត​សន្ទនាគ្នា​តាម​ទូរស័ព្ទ​ មុន​ពេល​​សហរដ្ឋ​អាមេរិក​បញ្ចេញ​របាយការណ៍​​សម្ងាត់​ពាក់​ព័ន្ធ​នឹង​ការ​ស្លាប់​លោក​កាសូជី​​

២៧ កុម្ភៈ ២០២១ | ព័ត៌មានអន្តរជាតិ

 

លោក​ចូ​បៃដឹន​បាន​​សន្ទនា​​​ជាមួយ​​ព្រះ​មហាក្សត្រ​​អារ៉ាប៊ីសាអូឌីត​តាម​ទូរស័ព្ទ​​​, នៅ​ពេល​ដែល​សហរដ្ឋ​អាមេរិក​ត្រៀម​ចេញ​​របាយការណ៍​សម្ងាត់​ពាក់​ព័ន្ធ​នឹង​ការ​សម្លាប់​​អ្នក​កាសែត​ឈ្មោះ​កាសូជី​ ដែល​មាន​និន្នាការ​ប្រឆាំង​នឹង​រដ្ឋាភិបាល​អារ៉ាប៊ីសាអូឌីត​​។ ​​អ្នក​វិភាគ​យល់​ថា​​របាយការណ៍​​នោះ​អាច​បន្ថែម​​​​​​​​ភាព​ស្មុគស្មាញ​ និង​ធ្វើ​​ឲ្យ​ទំនាក់ទំនង​​​ប្រទេស​ទាំង​២​​​​មាន​បញ្ហា​។​

 

 

 

 

 

 

សេតវិមាន​អះអាង​ថា​នៅ​ក្នុង​សន្ទនាគ្នា​នោះ, លោក​ចូបៃដឹន​មិន​បាន​និយាយ​ពី​ឈ្មោះ​លោក​កាសូជីទេ លោក​គ្រាន់​តែ​គូស​បញ្ជាក់​ពី​​តួនាទី​​សំខាន់​របស់​សហរដ្ឋអាមេរិក​នៅ​ក្នុង​ការ​ធានា​សិទ្ធិ​មនុស្ស​ជា​សាកល និង​ការ​គោរព​តាម​គោលការណ៍​នីតិ​រដ្ឋ​​​​។ លោក​ចូបៃដឹន និង​ប្រភព​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​អារ៉ាប៊ីសាអូឌីត​ សុទ្ធ​តែ​និយាយ​ដូចៗ​​គ្នា​ថា​ការ​សន្ទនាគ្នា​​​នោះ​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​បរិយាកាស​ល្អ​។​ ​

 

 

លោក​ចូបៃដឹន​បាន​សង្កត់​ធ្ងន់​ថា​លោក​ពិត​ជាយក​ចិត្ត​ទុកដាក់​ខ្ពស់​ចំពោះ​បញ្ហា​សន្តិសុខ​ជាតិ​របស់​ប្រទេស​អារ៉ាប៊ីសាអូឌីត​។ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ លោក​​លែង​គាំទ្រ​សង្គ្រាម​នៅ​យេមែន​​, កាត់​បន្ថយ​ការ​លក់​អាវុធ​ទៅ​ឲ្យ​អារ៉ាប៊ីសាអូឌីត​ និង​ចុង​ក្រោយ​គេ​ចេញ​របាយការណ៍​សម្ងាត់​ស្ដីពី​ការ​សម្លាប់​លោក​កាសូជី​​។​​

 

 

សំណុំ​រឿង​នេះ​ជា​វិញ្ញាសា​ដ៏​រសើប​១​​សម្រាប់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២ ព្រោះ​​​ស្រួល​មិន​ស្រួល វា​អាច​​ធ្វើ​ឲ្យ​​មើល​មុខ​គ្នា​លែង​ចំ​ ស្រប​ពេល​ដែល​ប្រទេស​ទាំង​២​ត្រូវ​​​សហការ​គ្នា​ដើម្បី​ទប់​ទល់​នឹង​ប្រទេស​អ៊ីរ៉ង់​។​ គេ​ទទួល​ដំណឹង​ថា​របាយការណ៍​​​​​សម្ងាត់​នោះ​និយាយ​ច្បាស់​ៗ​ពី​ការ​ចូល​រួម​ចំណែក​របស់​​​ព្រះ​អង្គម្ចាស់​​ប៊ីនសាលម៉ាន់ (Bin Salman) ​នៅ​ក្នុង​ការ​សម្លាប់​​លោក​កាសូជី​​​។​ ​​​

 

 

 

 

 

 

នេះ​​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ និង​ប៉ះពាល់​យ៉ាង​ខ្លាំង​ចំពោះ​ព្រះ​កិត្តិនាម​របស់​ព្រះ​អង្គ​។ ​​សូម​រំឭក​ថា​លោក​កាសូជី​បាន​ចាញ់​ការ​បោក​បញ្ឆោត​របស់​មន្ត្រី​ស្ថានកុងស៊ុល​អារ៉ាប៊ីសាអូឌីត​ប្រចាំ​ប្រទេស​តួកគី ដែល​រៀប​ចំ​ផែនការ​ចាប់​ខ្លួន​គាត់​បញ្ជូន​ទៅ​ប្រទេស​អារ៉ាប៊ីសាអូឌីតវិញ។​

 

 

 

ប៉ុន្តែ​គាត់​ក្រាញ​មិន​ព្រម​ទៅ​ ទើប​ឈាន​ដល់​ការ​សម្លាប់ និង​កាត់​ជា​បំណែក​តូ​ចៗ ដើម្បី​ងាយស្រួល​ដឹក​សាកសព​យក​ចេញ​ទៅ​ក្រៅ​ស្ថានកុងស៊ុល​​បំបាត់​ភស្តុតាង​។ កាល​នោះ លោក​កាសូជី​បាន​ស្នើ​សុំ​ការ​បញ្ជាក់​ពី​ភាព​នៅ​លីវ​របស់​លោក ដើម្បី​បាន​រៀប​ការ​ជា​មួយ​ស្ត្រី​ជនជាតិ​តួកគី​។​ ជន​ដៃដល់​នៅ​ក្នុង​រឿង​នេះ​ជា​មនុស្ស​១​​ក្រុម​​ដែល​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ស្ដេច​អារ៉ាប៊ីសាអូឌីត​។ អារ៉ាប៊ី​សាអូឌីតតែង​តែ​បដិសេធ​​រហូត​ថា​ព្រះ​អង្គម្ចាស់​ប៊ីសាលម៉ាន់​មិន​ដឹង​រឿង​នេះ​ទេ​៕

 

 

 

 

 

ប្រែសម្រួល៖អនសំអាង

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024