ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ថ្នាក់​ដឹកនាំខ្មែរឥស្លាម និងគ្រីស្ទបរិស័ទ ណែនាំឱ្យផ្អាក​ការជួបជុំថ្វាយបង្គំ និង​អធិដ្ឋាន 

២៧ កុម្ភៈ ២០២១ | ព័ត៌មានជាតិ

គណៈដឹកនាំជាន់ខ្ពស់នៃសាសនាអ៊ិស្លាមកម្ពុជា បានជូនដំណឹងទៅកាន់សាសនិក​អ៊ិស្លាមទាំងអស់នៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និង ខេត្តព្រះសីហនុ ឱ្យផ្អាក​ជួបជុំថ្វាយបង្គំនៅរាល់វេលាធម្មតា និងថ្ងៃសុក្ររ់យៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី​២៦​កុម្ភៈ រហូតដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១។ 

 

 

ការផ្អាកនេះត្រូវបានលោក សុះ កំរី ចាងហ្វាង គណៈដឹកនាំជាន់ខ្ពស់ឥស្លាមកម្ពុជាអះអាងថាដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍​សហគមន៍២០កុម្ភៈ និងយោងតាមការណែនាំពីប្រមុខរាជរដ្ឋាភិបាល។ 

សូមបញ្ជាក់ថានៅរាជធានីភ្នំពេញមានសហគមន៍អ៊ិស្លាមរស់នៅចំនួន១៤​ភូមិ ជាង៧ពាន់គ្រួសារ ខេត្តកណ្ដាល មាន១៨ភូមិ ជាង៥ពាន់គ្រួសារនៅខេត្ត និងព្រះសីហនុ មាន១៧ភូមិ មានសាសនិកឥស្លាមជាង៣ពាន់គ្រួសារ។ 

ដោយឡែកក្រុមគ្រីស្ទបរិស័ទកម្ពុជា ក៏បានចេញសេចក្តីណែនាំ ឲ្យធ្វើការថ្វាយ​បង្គំព្រះ ជាក្រុមតូចៗ ឬតាមអនឡាញ ឬនៅតាមផ្ទះរៀងៗខ្លួនជាអាទិភាព រយៈពេល ២សប្តាហ៍ ដោយអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ 

គ្រីស្ទបរិស័ទកម្ពុជា បានអំពាវនាវដល់ ព្រឹទ្ធបូជាចារ្យ លោកអភិបាល បូជាចារ្យ ព្រឹទ្ធាចារ្យ គ្រូគង្វាល និងថ្នាក់ដឹកនាំគ្រីស្ទបរិស័ទគ្រប់គណៈនិកាយ ចូលរួម​អនុវត្តការពារ និងទប់ស្កាត់ឲ្យបានខ្ជាប់ខ្លួន​តាមវិធានរបស់ក្រសួងសុខាភិបាល និងសូមផ្អាករាល់ការជួបជុំគ្រប់ប្រភេទជាបណ្តោះអាសន្ន នៅតាមព្រះវិហារ ស្នាក់ការថ្វាយបង្គំគ្រឹស្ទបរិស័ទ រយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ចំពោះរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ៕
 


 

 

អត្ថបទ៖ រ៉េន រតនៈ, រូបភាព៖ គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024