ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

ក្រសួងសុខាភិបាល សម្រេចបង្កើតអនុគណៈកម្មការ គ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់ នៅតាមគោលដៅ និងតំបន់ចត្តាឡីស័ក ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩

២៧ កុម្ភៈ ២០២១ | ព័ត៌មានជាតិ

ក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែកុម្ភៈ បានសម្រេចបង្កើតអនុគណៈកម្មការ គ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់ នៅតាមគោលដៅ និងតំបន់ចត្តាឡីស័ក ដើម្បីប្រយុទ្ធនឹង​ជំងឺ កូវីដ-១៩ ដែលមាន ឯកឧត្តម ឧត្តមសេនីយឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃ​កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ជាប្រធាន​។

អនុគណៈកម្មការដែលមានប្រធាន អនុប្រធាន និងសមាជិក ចំនួន១៤រូបនេះ មានតួនាទីនិងភារកិច្ច ដឹកនាំសម្របសម្រួលការងារ ត្រួតពិនិត្យវាយតម្លៃ និងលើកយោបល់​អំពីការគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធា្នប់ សហការជាមួយស្ថាប័នពាក់ព័ន្ធ កសាងផែនការហ្វឹកហ្វឺន និងបំពាក់ដល់កងកម្លាំង និងមន្ត្រីសុខាភិបាល​ដែលទទួលបន្ទុកការងារគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធា្នប់ កសាងបទដ្ឋានប្រតិបត្តិការ ក្នុងការគ្រប់គ្រងការងារ​សន្តិសុខ និងសណ្តាប់ធា្នប់ ដើម្បីស្នើសុំការសុំការសម្រេចពីប្រធានគណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺ កូវីដ១៩ ផ្សព្វផ្សាយ ដាក់ឲ្យអនុវត្ត និងតាមដានការអនុវត្តបទដ្ឋានប្រតិបត្តិការ អនុគណៈកម្មការនេះ មានតួនាទីនិងភារកិច្ច កសាងផែនការត្រៀមបម្រុងកម្លាំងអន្តរាគមន៍ មន្ត្រីសុខាភិបាល សម្ភាៈ និងមធ្យោបាយ ដើម្បីធានាដល់​ការងារគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធា្នប់ ក្នុងករណីមានតម្រូវការចាំបាច់ ចាត់តាំងប្រើប្រាស់ និងគ្រប់គ្រងកម្លាំងអន្តរាគមន៍នៅតាម​គោលដៅនិងតំបន់ចត្តាឡីស័កដែលបានកំណត់ សហការជាមួយអាជ្ញាធរ​មូលដ្ឋាន ស្ថាប័ន និងអង្គភាពពាក់ព័ន្ធក្នុងការអនុវត្តភារកិច្ច។ 

ក្នុងសេចក្តីសម្រេច អនុគណៈកម្មការ ក៏មានតួនាទីនិងភារកិច្ចគ្រប់​គ្រងទិន្នន័យអ្នកធ្វើចត្តាឡីស័កនៅតាមគោលដៅនិងតំបន់ចត្តាឡីស័កស្ថិតក្នុងការគ្រប់គ្រង់ កសាងផែនការធានា ផ្គត់ផ្គង់ដល់ដំណើរការគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់ បូកសរុបរបាយការណ៍ប្រចាំថ្ងៃ ស្តីពីលទ្ធផល និងសកម្មភាពការងារសន្តិសុខ និងសណ្តាប់ធ្នាប់ នៅតាមគោលដៅ និងតំបន់ចត្តាឡីស័កក្នុងអំឡុងពេល​ប្រតិបត្តិការ បំពេញភារកិច្ចផ្សេងៗ តាមការប្រគល់ជូនពីប្រធានគណៈកម្មការអន្តរ​ក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺ កូវីដ១៩។

គួរបញ្ជាក់បន្ថែមថា ក្រៅពីតួនាទីនិងភារកិច្ចសំខាន់ៗ ខាងលើនេះ អនុគណៈកម្មការ គ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់ នៅតាមគោលដៅ និងតំបន់ចត្តាឡីស័ក ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ អាចស្នើសុំសម្របសម្រួល និងសហប្រតិបត្តិការពីគ្រប់គ្រងក្រសួង​-​ស្ថាប័នពាក់ព័ន្ធរាប់រាជរដ្ឋាភិបាល អាជ្ញាធរដែនដីគ្រប់លំដាប់ និងផ្នែកឯកជននៅក្នុងការបំពេញការងាររបស់ខ្លួន។ ដោយឡែក តួនាទីនិងភារកិច្ច របស់អនុគណៈកម្មការ មានសុពលភាពរហូតដល់ការ​ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ត្រូវបានបញ្ចប់​ជាស្ថាពរ៕

 

 

 

 

 

អត្ថបទ៖ សន រដ្ឋា

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024