ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០២៤

ព្រឹទ្ធសភា ចុះអនុស្សរណៈយោគយល់គ្នា ជាមួយក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ដើម្បីការពារសិទ្ធិ និងប្រយោជន៍ដល់ពលរដ្ឋកម្ពុជា ដោយឥតគិតថ្លៃ

១៦ កុម្ភៈ ២០២១ | ព័ត៌មានជាតិ

ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន និងគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេតនៃព្រឹទ្ធសភា ជាគណៈកម្មការទី១ បានចុះអនុស្សរណៈ នៃការយោគយោល់គ្នា ដើម្បីអនុវត្តច្បាប់ ការពារសិទ្ធិ និងផលប្រយោជន៍ជូនប្រជាពលរដ្ឋកម្ពុជា ដោយឥតគិតថ្លៃ។ ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងភាគីទាំងពីរ ក្រោមអធិបតីភាព ឯកឧត្ដមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ នៃព្រឹទ្ធសភា។

 


អនុស្សរណៈនៃការយោគយល់គ្នារវាងភាគីទាំងពីរ គឺដើម្បីគាំទ្រ លើកស្ទួយ និងការពារសិទ្ធិជនគ្រប់រូប ជាពិសេសស្ត្រីងាយរងគ្រោះ ឲ្យមានសិទ្ធិសេរីភាពស្មើគ្នាចំពោះមុខច្បាប់ និងមានសេចក្តីថ្លៃថ្នូរ យុត្តិធម៌ ដើម្បីអាចរស់នៅដោយ និងសន្តិភាពក្នុងសង្គមជាតិ ក្នុងតំបន់ និងក្នុងសកលលោក។ នេះបើតាមឯកឧត្ដម យ៉ង់ សែម ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា។

 


លោកបន្តថា ផ្អែកតាមអនុស្សរណៈនៃការយោគយល់គ្នានេះ ភាគីយើងទាំងពីរ និងធ្វើជាស្ពានតភ្ជាប់ទំនាក់ទំនងរវាងគូភាគី ក្រុមប្រឹក្សាឃុំសង្កាត់ និងប្រជាពលរដ្ឋនៅមូលដ្ឋាន ផ្តល់ព័ត៌មានពាក់ព័ន្ធឲ្យគ្នាទៅវិញទៅមក ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹង អំពីសិទ្ធិបុគ្គល ដែលត្រូវការពារដោយច្បាប់ និងពិគ្រោះយោបល់ ការពារសិទ្ធិតាមផ្លូវច្បាប់ និងផ្តល់មេធាវីការពាររឿងក្តី នៅសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ និងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។

 


ឯកឧត្ដម គី តិច បានសម្តែងក្តីសោមនស្សរីករាយ ដែលក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន សហការជាមួយគណៈកម្មការទី១ នៃព្រឹទ្ធសភា ដើម្បីអនុវត្តច្បាប់ ការពារសិទ្ធិ និងផលប្រយោជន៍ជូនប្រជាពលរដ្ឋកម្ពុជា ដោយឥតគិតថ្លៃ។


លោកបញ្ជាក់បន្ថែមថា បច្ចុប្បន្ន ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន មានចំនួនសរុប ១៧៣រូប និងមានវត្តមាន នៅគ្រប់បណ្តារាជធានីខេត្ត នៃព្រះរាជាណាចក្រកម្ពុជាហើយ។

 


សូមរំលឹកថា ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ត្រូវបានបង្កើតឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៩ ដោយគោរពតាមការចង្អុរបង្ហាញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតី នៃកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៩ របស់ក្រុមប្រឹក្សាជាតិដើម្បីស្ត្រី។ គោលដៅនៃការបង្កើតក្រុមមេធាវីស្ម័គ្រចិត្តនេះ ដើម្បីជួយការពារស្ត្រីទន់ខ្សោយ ងាយរងគ្រោះ និងពុំមានលទ្ធភាពទទួលបានការការពារសិទ្ធិតាមផ្លូវច្បាប់៕


អត្ថបទ៖ សំ ជំនាញ     រូបភាព៖ និន សុខលី
 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024