ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ព្រឹទ្ធសភា នឹងកាត់ប្រាក់ខែចំពោះសមាជិក ដែលមិនបានគោរពបទបញ្ជាផ្ទៃក្នុងថ្មី

២២ សីហា ២០១៧ | ព័ត៌មានជាតិ

ប្រធាន និងសមាជិកព្រឹទ្ធសភា ៤៣ រូប បានលើកដៃអនុម័តលើសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា​ ដើម្បីពង្រឹងលទ្ធិប្រជា​ធិបតេយ្យ នីតិរដ្ឋ និងក្រមសីលធម៌ ក្នុងព្រឹទ្ធសភា ឲ្យ​កាន់តែល្អប្រសើរឡើង អនុលោមច្បាប់ស្តីពី ការប្រឆាំងអំពើពុករលួយ ដែលតម្រូវឲ្យក្រសួង ស្ថាប័ន និង អង្គភាពសាធារណៈ​  កសាងក្រមសីលធម៌ផ្ទៃក្នុង ព្រមទាំងបង្កើនទំនុក​ចិត្តរបស់សាធារណជន មកលើសមាជិកព្រឹទ្ធសភា។

 

 

ឯកឧត្តម ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា បានគូសបញ្ជាក់ ក្រោយកិច្ចប្រជុំវិសាមញ្ញ ព្រឹទ្ធសភា នីតិកាល ទី៣ កាលពីព្រឹកថ្ងៃទី២១សីហា ឆ្នាំ ២០១៧​​ថា ក្រោយការសម្រេចឯកភាពវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភារួចរាល់ហើយនោះ ព្រឹទ្ធសភា​គ្រោងកាត់ប្រាក់បៀវត្សរ៍​ ចំពោះសមាជិកព្រឹទ្ធសភាណាម្នាក់ ដែលមិន​បំពេញកាតព្វកិច្ច និងមិន​គោរពបទបញ្ជាផ្ទៃក្នុង តាមរយៈការ​បង្កើតគណៈកម្មការក្រមសីលធម៌ត្រួតពិនិត្យ និងស្រាវជ្រាវវាយតម្លៃលទ្ធផលការងារ​របស់សមាជិកព្រឹទ្ធសភា​។

 

ឯកឧត្តម​ ពន្យល់ទៀតថា មូលហេតុដែលអនុវត្តលក្ខខណ្ឌកំណត់បែបនេះ គឺដោយសារតែ​កន្លងទៅ សមាជិក សមាជិកាព្រឹទ្ធសភាមួយចំនួន ពុំបានបំពេញកាតព្វកិច្ចតួនាទីរបស់ខ្លួនជាអ្នកតំណាងឱ្យប្រជាពលរដ្ឋម្ចាស់ឆ្នោតនោះ​ទេ ដោយសមាជិកព្រឹទ្ធសភាខ្លះ មិនចូលរួមពិភាក្សាក្នុងប្រជុំវិសាមញ្ញនានា ក្រោមហេតុផលមិនត្រឹមត្រូវ ដែល​ផ្ទុយនឹងបទបញ្ជាផ្ទៃក្នុង​។

 

 

សូមរម្លឹកថា ព្រឹទ្ធសភា នីតិកាលទី៣ មានសមាជិក ៦​១ រូប ដែល​មកពីគណបក្សប្រជាជនកម្ពុជា ៤៦ រូប គណបក្សសមរង្ស៊ី ១១ រូប ជ្រើសតាំងដោយរដ្ឋសភា ២ រូប និងជ្រើសតាំងដោយ​ព្រះមហាក្សត្រ ២ រូប​៕

 

សូមទស្សនាព័ត៌មានជាវីដេអូ៖

 

 

ប្រភព៖ PNN News

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024