ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០២៤

សេចក្តីព្រាងច្បាប់ចំនួន ៤ ត្រូវបានព្រឹទ្ធសភាអនុម័តទាំងស្រុង

២១ ធ្នូ ២០២០ | ព័ត៌មានជាតិ

សេចក្តីព្រាងច្បាប់សំខាន់ៗ ចំនួន៤ ត្រូវបានព្រឹទ្ធសភាអនុម័តទាំងស្រុង នៅក្នុងសម័យប្រជុំលើកទី០៦ នីតិកាលទី៤ នៃព្រឹទ្ធសភា ដែលធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ។ សម័យប្រជុំនេះ បានធ្វើឡើងក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា។

 


សេចក្តីព្រាងច្បាប់ទាំង៤នោះមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរួមមាន៖ សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១, សេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩, សេចក្តីព្រាងច្បាប់ ស្តីពីមូលបត្ររដ្ឋ និង សេចក្តីព្រាងច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដែលត្រូវបានលើកយកមកពិភាក្សា និងអោយយោបល់ ពេញមួយព្រឹកថ្ងៃទី២១ខែធ្នូនេះ បន្ទាប់ពីបានឆ្លងផុតដំណាក់កាលរដ្ឋសភាកាលពីថ្ងៃទី២៥ខែវិច្ឆិកាកន្លងទៅ។

 


ក្នុងនោះដែរ តំណាងអោយរាជរដ្ឋាភិបាល ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ បានចូលរួមការពារសេចក្ដីព្រាងច្បាប់ទាំងនេះ ដោយបានលើកឡើងពីសារៈសំខាន់ និងអត្ថប្រយោជន៍ ក៏ដូចជាតម្រូវការចាំបាច់ស្របតាមការរីកចម្រើនរបស់ប្រទេស។ អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងអោយយោបល់ឯកភាពទាំងស្រុងលើសេចក្ដីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែ និងចាត់ទុកជាការប្រញាប់ចំនួន៥៧សំឡេង នៃសមាជិកព្រឹទ្ធសភាទាំងមូល។

 


បើតាមអ្នកនាំពាក្យព្រឹទ្ធសភា ឯកឧត្ដម ម៉ម ប៊ុននាង សេចក្ដីព្រាងច្បាប់ទាំងអស់នេះមានសារៈសំខាន់ ដែលសុទ្ធសឹងតែឧបករណ៍សម្រាប់ប្រើការ ក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា អោយកាន់តែមានការរីកចម្រើន ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន។ ឯកឧត្ដមបន្តថា បន្ទាប់ពីបានអនុម័តលើសេចក្តីព្រាងច្បាប់ចំនួន៤នេះ ព្រឹទ្ធសភានឹងបន្តសម័យប្រជុំលើកទី៦ នីតិកាលទី៤ថ្ងៃទី២២ខែធ្នូ ឆ្នាំ២០២០ស្អែកនេះ ដើម្បីពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់មួយចំនួនទៀត។

 

អត្ថបទ៖ សំ ជំនាញ រូបភាព៖ និន សុខលី
 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024