ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០២៤

កម្ពុជាដាក់គោលដៅបន្ថយអត្រាអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ មកនៅត្រឹម ៤នាក់ ក្នុងមួយថ្ងៃ នៅឆ្នាំ២០២១នេះ

០៨ កុម្ភៈ ២០២១ | ព័ត៌មានជាតិ

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានដាក់គោលដៅកាត់បន្ថយអត្រាអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ពីចន្លោះ ៤ចុច៥នាក់ ក្នុង១ថ្ងៃ ឱ្យមកនៅត្រឹម  ៤នាក់ក្នុងមួយ១ថ្ងៃ នៅក្នុងឆ្នាំ២០២១នេះ។ ការប្ដេជ្ញានេះ ត្រូវបានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ ប្រកាសក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារចរាចរណ៍ កាលពីរសៀលថ្ងៃទី៤កុម្ភៈម្សិលមិញនេះ។

 


បន្ទាប់ពីអាចកាត់បន្ថយអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍បានចំនួន៣៣៥នាក់ក្នុងឆ្នាំ២០២០ធៀបនឹងអត្រាអ្នកស្លាប់សរុបកាលពីឆ្នាំ២០១៩ នៅឆ្នាំ២០២១នេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានដាក់គោលដៅឈានទៅកាត់បន្ថយអត្រាអ្នកស្លាប់ប្រចាំថ្ងៃយ៉ាងហោចណាស់ឱ្យបាន០.៥។

 


យោងតាមរបាយការណ៍ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារចរាចរណ៍ថ្លែងដោយលោកជំទាវ មិន មាណាវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិ នៅឆ្នាំ២០២០មានអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍សរុបចំនួន១៦៤៦នាក់ ត្រូវជាអត្រាប្រមាណ៤.៥នាក់ក្នុងមួយថ្ងៃ។

 


ផ្អែកលើមូលដ្ឋាននេះហើយ ទើបបានសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ បានប្រកាសសុំការឯកភាពពីគ្រប់ភាគីដែលបានចូលរួមក្នុងកិច្ចប្រជុំដើម្បីរួមគ្នាឈានទៅសម្រេចឱ្យបានគោលដៅកាត់បន្ថយចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ឱ្យមកនៅត្រឹម៤នាក់ក្នុង១ថ្ងៃនៅឆ្នាំ២០២១នេះ។

 


សូមបញ្ជាក់ថានៅឆ្នាំ២០២០មានគ្រោះថ្នាក់កើតឡើង៣១៧៩លើក បណ្ដាលឱ្យស្លាប់១៦៤៦នាក់ របួស៤៦៨៦នាក់ ក្នុងនោះធ្ងន់២៩០៨នាក់ និងអ្នកស្លាប់ភាគច្រើនៅភ្នំពេញ កណ្ដាល និងកំពង់ធំ ហើយមូលហេតុនៃគ្រោះថ្នាក់ គឺការបើកបរល្មើសល្បឿនជាង៣៣ភាគរយ មិនគោរពសិទ្ធិអាទិភាព មិនប្រកាន់ស្ដាំ វ៉ាជែង និងកត្តាមួយចំនួនទៀត។

 


ចំនួនគ្រោះថ្នាក់ឆ្នាំ២០២០ បើធៀបនឹងឆ្នាំ២០១៩ បានថយចុះ៩៤២លើក ស្មើនឹង២៣ភាគរយ ចំនួនអ្នកស្លាប់បានថយចុះ៣៣៥នាក់ អ្នករងរបួសថយចុះជាង១ពាន់នាក់ ហើយក្នុងចំណោមជនរងគ្រោះដែលជិះម៉ូតូជួបគ្រោះថ្នាក់ជាង៤ពាន់នាក់ មានជាង៣ពាន់នាក់ហើយដែលមិនពាក់មួកសុវត្ថភាព ជាពិសេសគឺនៅពេលយប់៕

 

អត្ថបទ៖ រ៉េន រតនៈ     រូបភាព៖ សែត ប៊ុនថាន់  
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024