ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

តំបន់បេតិកភណ្ឌធម្មជាតិចំនួនពីរបន្ថែមទៀត ត្រូវបានបង្កើតឡើង នៅដើមឆ្នាំ២០២១នេះ

២៨ មករា ២០២១ | ព័ត៌មានជាតិ

រាជរដ្ឋាភិបាលកម្ពុជា នាពេលថ្មីៗនេះ បានចេញអនុក្រឹត្យពីរដាច់ដោយឡែកពីគ្នា ស្តីពី ការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំព្រះគុហារហ្លួង និងការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំទទុង-ភ្នំតូច ដែលតំបន់ទាំងពីរនេះស្ថិតនៅក្នុងខេត្តកំពត។ ការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិថ្មីចំនួនពីរកន្លែងទៀតនេះ បានធ្វើឲ្យប្រទេសកម្ពុជា មកពេលនេះ មានតំបន់បេតិកភណ្ឌធម្មជាតិសរុបចំនួន ១៣កន្លែង នៅទូទាំងប្រទេស។

 


ភ្នំព្រះគុហារហ្លួង ដែលមានផ្ទៃដី ២៥ហិចតា ស្ថិតក្នុងភូមិសាស្ត្រ ឃុំទូកមាសខាងលិច ស្រុកបន្ទាយ​មាស ខេត្តកំពត និងភ្នំទទុង-ភ្នំតូច ដែលមានផ្ទៃដីទំហំជាង ៨៣ហិកតា ស្ថិតក្នុងស្រុកដងទង់ និងស្រុកបន្ទាយមាស ខេត្តកំពត ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចេញអនុក្រឹក្យចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ បង្កើតជាតំបន់បេតិកភណ្ឌធម្មជាតិ។

 


ការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិថ្មីចំនួនពីរកន្លែងទៀតនេះ បានធ្វើឲ្យប្រទេសកម្ពុជា មកពេលនេះ មានតំបន់បេតិកភណ្ឌធម្មជាតិសរុបចំនួន ១៣កន្លែង នៅទូទាំងប្រទេស។ នេះបើតាមការឲ្យដឹងពីលោក លឿង កេសរោ ​ប្រធាន​នាយកដ្ឋាន​តំបន់​បេតិកភណ្ឌ​នៃ​ក្រសួង​បរិស្ថាន។

 


លោកបានបញ្ជាក់ប្រាប់ភីអិនអិននៅថ្ងៃទី២៧ ខែមករានេះថា កន្លងមក នៅក្នុងការគ្រប់គ្រងលើអភិរក្ស និងអភិវឌ្ឍតំបន់ការពារធម្មជាតិកន្លងមកក្រសួងបរិស្ថាន បានបែងចែកជាប្រភេទ ៨ប្រភេទ ដូចជា៖តំបន់ឧទ្យានជាតិ តំបន់ដែនជម្រកសត្វព្រៃ តំបន់ការពារទេសភាព តំបន់ប្រើប្រាស់ច្រើនយ៉ាង តំបន់រ៉ាមសារ តំបន់ស្នូលនៃឋបនីយជីវមណ្ឌល តំបន់ឧទ្យានជាតិសមុទ្រ និងតំបន់បេតិកភណ្ឌធម្មជាតិ។

 


លោកថា ចំពោះការបង្កើតជាតំបន់បេតិកភណ្ឌធម្មជាតិ គឺជាការឲ្យតម្លៃទៅលើប្រវត្តិសាស្ត្រ វប្បធម៌ ការអភិរក្សជីវៈចម្រុះ លើកស្ទួយជីវភាពប្រជាពលរដ្ឋ និងវិស័យទេសចរណ៍នៅតំបន់ទាំងនោះ។


ប្រធាន​នាយកដ្ឋាន​តំបន់​បេតិកភណ្ឌ​នៃ​ក្រសួង​បរិស្ថាន បានឲ្យដឹងដែរថា ដែនដីសុវណ្ណភូមិដ៏តូចមួយនេះមានតំបន់ដ៏មានសក្កានុពលជាច្រើនទៀត ដែលក្រុមការងារជំនាញកំពុងសិក្សាស្រាវជ្រាវ និងចក្រឯកសារ ដើម្បីដាក់ជូនថ្នាក់ដឹកនាំក្រសួងពិនិត្យ និងស្នើរាជរដ្ឋាភិបាល ដាក់បញ្ជូលជាតំបន់បេតិកភណ្ឌ​ធម្មជាតិបន្ថែមទៀត។

 


សូមជម្រាបផងដែរថា បើតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិឆ្នាំ២០០៨ តំបន់បេតិកភណ្ឌធម្មជាតិ សំដៅ​តំបន់ក្នុងដែនដីគោក និង/ឬ ដែនទឹក ដែនតំបន់នោះមានលក្ខណៈពិសេសពីតំបន់ធម្មជាតិ ឬពាក់កណ្តាលកែច្នៃធម្មជាតិ និងមានតម្លៃលេចធ្លោ ឬប្លែកពីគេ។ ម្យ៉ាងទៀត ដោយសារតំបន់នោះ ជាភូមិសាស្ត្រមានដោយកម្រ មានគុណភាព ជាតំណាងឱ្យប្រព័ន្ធធម្មជាតិនានា ឬមានគុណភាពខាងផ្នែកសោភ័​ណ​ភាព ឬសារៈសំខាន់ខាងផ្នែកវប្បធម៌៕

 

អត្ថបទ៖ អឿន ភារ៉ា រូបភាព៖ ឯកសារ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024