ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

នាយករដ្ឋមន្ត្រីជប៉ុនសុំទោសក្រោយសមាជិកសភាគណបក្សកាន់អំណាចទៅក្លឹបកំសាន្តអំឡុងពេលឆ្លងរាលដាលជំងឺកូវីដ១៩

 

 

លោកនាយករដ្ឋមន្ត្រីជប៉ុន Yoshihide Suga នៅថ្ងៃពុធនេះបានសុំទោស បន្ទាប់ពីសមាជិកសភាមកពីគណបក្សកាន់អំណាចរបស់លោកបានទៅកំសាន្តនៅតាមក្លឹបកំសាន្តជាច្រើន បើទោះជារដ្ឋាភិ​បាលជប៉ុន បានអំពាវនាវអោយពលរដ្ឋជៀសវាងចេញទៅខាងក្រៅមិនចាំបាច់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ក៏ដោយ។

 

 

 

 

 

 

ដំណឹងពីការទៅកាន់ក្លឹបកំសាន្តរបស់សមាជិកសភាគណបក្សកាន់អំណាចរបស់ប្រទេសជប៉ុន បានក្លាយជារឿងដ៏គួរអោយឈឺក្បាលមួយបន្ថែមទៀតសម្រាប់លោក Suga ដែលប្រជាប្រិយភាពរបស់លោកបានធ្លាក់ចុះរួចជាស្រេចទៅហើយដោយសារសាធារណៈជនមិនមានការពេញចិត្តនឹងលទ្ធផលដោះស្រាយបញ្ហាឆ្លងរាលដាលជំងឺកូវីដ១៩ ដែលក្រុមអ្នករិះគន់បានហៅថា ការដោះស្រាយបញ្ហាឆ្លងរាលដាលជំងឺកូវីដ១៩របស់រដ្ឋាភិបាលធ្វើឡើងយឺតយ៉ាវ និងម្ដងដូច្នេះម្ដងដូច្នោះ។

 

 


លោកSuga បានថ្លែងទៅកាន់សភាថា «ខ្ញុំ សុំទោសជាខ្លាំងដែលបញ្ហានេះបានកើតឡើង នៅពេលដែលយើងស្នើសុំពលរដ្ឋមិនអោយចេញទៅក្រៅទទួលទានអាហារនៅក្រោយម៉ោង៨យប់ ហើយជៀសវាងចេញទៅខាងក្រៅក្នុងកិច្ចការមិនចាំបាច់ និងកិច្ចការមិនបន្ទាន់»។ នាយករដ្ឋមន្ត្រីជប៉ុនរូបនេះបន្ថែមថា«សមាជិកសភាម្នាក់ៗគួរមានអាកប្បកិរិយាដើម្បីទទួលបានការយោគយល់ ពីសារធារណៈជន»។

 

 

 

 

 

 

លោក Jun Matsumoto សមាជិកសភាជាន់ខ្ពស់មកពីគណបក្សកាន់អំណាច Liberal Democratic Party បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានថា «អាកប្បករិយារបស់ខ្ញុំគ្មានការប្រុងប្រយ័ត្ននៅពេលដែលយើងស្នើអោយពលរដ្ឋអត់ធ្មត់»។ លោកMatsumoto បានថ្លែងខាងលើនេះ បន្ទាប់ពីសារព័ត៌មានជប៉ុនរាយការណ៍ថា លោកបានទៅកាន់ក្លឹបកំសាន្ត២កន្លែងនៅក្នុងទីក្រុងTokyo បន្ទាប់ពីទទួលទានអាហារនៅភោជនីយដ្ឋានអ៊ីតាលីកាលពីថ្ងៃច័ន្ទកន្លងទៅ។

 

 

លោក Kiyohiko Toyama មកពីគណបក្សKomeito ដែលជាគណបក្សដៃគូរបស់គណបក្សកាន់អំណាចនៅក្នុងរដ្ឋាភិបាលចម្រុះគណបក្សរបស់ប្រទេសជប៉ុន ក៏បានសុំទោសផងដែរ បន្ទាប់ពីសារព័ត៌មានជប៉ុន ថាលោកបានទៅកាន់ក្លឹបកំសាន្តនៅពេលយប់។

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024