ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

របាយការណ៍៖ ប្រជាពលរដ្ឋនៅតែមិនព្រមពាក់មួកសុវត្ថិភាព រហូតដល់ជិត ៨០ភាគរយ ក្នុងអំឡុងពេលនៃការរឹតបន្តឹងច្បាប់ចរាចរណ៍

១៣ ឧសភា ២០២០ | ព័ត៌មានជាតិ

មន្ត្រីអនុវត្តច្បាប់ចរាចរណ៍នៅតែបង្ហាញពីក្តីកង្វល់ ដែលប្រជាពលរដ្ឋជាច្រើននៅតែមិនទាន់ចូលរួមសហការគោរពច្បាប់នៅឡើយទេ ជាពិសេសករណីអ្នកបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព។


ក្នុងសន្និសីទសារព័ត៌មានស្តីពីការអនុវត្តរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក កាលពីរសៀលថ្ងៃទី១២ ខែឧសភា ឯកឧត្តម ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកផ្នែកចរាចរណ៍ផ្លូវគោក បានលើកឡើងថា បញ្ហាអ្នកធ្វើដំណើរតាមម៉ូតូមិនព្រមពាក់មួកសុវត្ថិភាព នៅតែជារឿងសំខាន់ ក្នុងនោះ មានអ្នកមិនពាក់មួករហូតដល់ ៧៩ភាគរយ ក្នុងចំណោមអ្នកជិះម៉ូតូល្មើសច្បាប់ចរាចរណ៍ជាង ១,៤ម៉ឺនគ្រឿង។

 


បើតាមឯកឧត្តម ហ៊ឹម យ៉ាន រយៈពេល១១ថ្ងៃនៃការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវ នគរបាលចរាចរណ៍បានឃាត់យានយន្តប្រមាណជិត ២ម៉ឺនគ្រឿង ដោយក្នុងនោះ ទោចក្រយានយន្ត និងត្រីចក្រយានយន្ត មានជាង១,៤ម៉ឺនគ្រឿង និងរថយន្តមានជាង៤ពាន់គ្រឿង។ ឯកឧត្តមបានបន្ថែមទៀតថា ចាប់តាំងពីអនុវត្តវិធានការរឹតបន្តឹងចរាចរណ៍មក ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ ក៏បានថយចុះជិត៦០ភាគរយ ខណៈអត្រាអ្នកស្លាប់ថយចុះ៩០ភាគរយ  និងអ្នករបួសថយចុះជាង៥០ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។


គួរបញ្ជាក់ថា ក្នុងប្រតិបតិ្តការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស នគរបាលចរាចរណ៍បានកំណត់យកបទល្មើសអាទិភាព រួមមាន៖ ល្បឿន, មិនពាក់មួកសុវត្ថិភាព, ស្រវឹង, មិនគោរពភ្លើង និងស្លាកសញ្ញា, ល្មើសការបត់ និងវ៉ាជែង, ដឹកលើចំណុះ, គ្មានស្លាកលេខ, គ្មានបណ្ណបើកបរ, មិនពាក់ខ្សែក្រវ៉ាត់ និងនិយាយទូរស័ព្ទដោយគ្មានឧករណ៍ភ្ជាប់សំឡេង។ រីឯទំហំនៃការផាកពិន័យមានការកើនឡើងពី៣ ទៅ៥ដងឯណោះ។

 


ចំពោះការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងការបង្កើនប្រាក់ផាកពិន័យនេះ មន្ត្រីអនុវត្តច្បាប់បានបកស្រាយថា គឺមិនមែនមានបំណងរកប្រាក់ចំណេញទេ ប៉ុន្ដែចង់ឃើញអ្នកប្រើប្រាស់ផ្លូវទាំងឡាយទទួលបានសុខសុវត្ថិភាព គ្មានគ្រោះថ្នាក់ របួសនិងស្លាប់ ដោយហេតុថាគ្រោះចរាចរណ៍បានបន្សល់ទុកពិការភាព ស្ត្រីមេម៉ាយ ពោះម៉ាយ និងកុមារកំព្រា ដែលធ្វើឲ្យងាយធ្លាក់ក្នុងភាពក្រីក្រ៕


អត្ថបទ៖ អឿន ភារ៉ា
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024