ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ផុន ផានិត ត្រួសត្រាយផ្លូវពីកម្មករសំណង់ដើម្បីក្លាយជាតារាចម្រៀង Original  ប្រចាំផលិតកម្មថ្មីមួយ

២០ មករា ២០២១ | កម្សាន្ដ

ដោយសារមានទេពកោសល្យខាងចម្រៀងពីកំណើតបានធ្វើឱ្យ ផុន ផានិត អភិវឌ្ឍន៍ខ្លួនពីកម្មករសំណង់ រហូតបានក្លាយទៅជាតារាចម្រៀង Original Song ប្រចាំក្នុងផលិតកម្មថ្មីមួយ ។ 
 

 

ទោះមិនមានឈ្មោះល្បីល្បាញក្នុងពិភពចម្រៀង តែចាប់តាំងពីបានក្លាយទៅជាអ្នកចម្រៀង ប្រចាំនៅក្នុងផលិតកម្ម ដាវីត្រា មកបានធ្វើឱ្យ ផុន ផានិត មានជីវភាពល្អប្រសើរ និងទទួលបានតម្លៃខ្លួនខ្ពស់ជាងមុន ហើយលោកក៏ឈប់ប្រកបការងារជាកម្មករសំណង់។ 

 

 

ផុន ផានិត មានស្រុកកំណើតនៅខេត្ត ព្រៃវែង ដោយសារជីវភាពគ្រួសារមានភាពខ្វះខាត លោកក៏សម្រេចចិត្តឈប់រៀនទាំងនៅក្មេងវ័យ ហើយលោកបានបន្សាត់ខ្លួនទៅធ្វើការជាកម្មករសំណង់នៅខេត្ត កំពង់ចាម ដោយទទួលបានប្រាក់កម្រៃត្រឹមតែ ៥ ០០០ រៀលប៉ុណ្ណោះក្នុងមួយថ្ងៃ ។

 

 

ដោយមាននិស្ស័យខាងចម្រៀងយុវជនរូបនេះបានចូលទៅច្រៀងនៅក្នុងតាម បៀរហ្គាឌិន នៅខេត្ត កំពង់ចាម។

 

ធ្វើការមិនបានប៉ុន្មានលោកក៏បានមកសាងជីវិតនៅលើទឹកដីទីក្រុង ភ្នំពេញ វិញម្តង ដោយនៅឆ្នាំ ២០១៦ ផុន ផានិត បានច្រៀង Cover ចម្រៀងពីដើមដាក់ក្នុង Youtube  និងមានអ្នកស្គាល់ជាហូរហែ ។ 

 


ផុន ផានិត បានរៀបរាប់ពីជីវិតរបស់ខ្លួនថា តាមពិតគ្រួសារលោកក៏មានឈាមជ័រជាអ្នកសិល្បៈដែរ ដោយសារក្តីស្រឡាញ់ទើបលោកប្រឹងប្រែងតស៊ូក្នុងអាជីពនេះ រហូតមកដល់សព្វថ្ងៃនេះ ។ 

 



ពេលនេះ ផុន ដានិត បានក្លាយទៅជាតារាចម្រៀងប្រចាំក្នុងផលិតកម្ម ដាវីត្រា ហើយ ចាប់តាំងពីបានចូលច្រៀងក្នុងផលិតកម្មនេះមក តារាចម្រៀងវ័យក្មេងខាងលើ ត្រូវបានទស្សនិកជនដាក់រហ័ស្សនាម ថា តារាចម្រៀងសម្លេងផ្អែម ដោយសារតែសម្លេងរបស់លោកត្រូវតែខាងមនោរសញ្ចេតនាច្រើនជាង ញាក់កន្រ្តាក់អារម្មណ៍ ។

 

 

បទចម្រៀងដែលធ្វើឱ្យ ផុន ផានិត ល្បីល្បាញដំបូងគឺបទចម្រៀងដែលមានចំណងជើងថា « ផ្ញើរលុយចងដៃ ៨២០០០ រៀល » ដែលជាស្នាដៃនិពន្ធរបស់លោក គិន កក្កដា ។ 

 


ផុន ផានិត បានបន្តទៀតថា មូលហេតុដែលធ្វើឱ្យលោកសម្រេចចិត្តចូលផលិតកម្ម ដាវីត្រា ដោយសារលោកមើលឃើញអំពីទិសដៅនិងឆន្ទះរបស់ថ្នាក់ដឹកនាំក្នុងផលិតកម្មនេះ ដោយគាត់ចង់បណ្តុះបណ្តាលតារាចម្រៀងក្មេងៗ និងផលិតនូវបទ Original ដើម្បីលើកស្ទួយវិស័យសិល្ប: អោយមានភាពល្បីរន្ទឺដូចបណ្តាប្រទេសនានាក្នុងតំបន់។

 

លើសពីនោះទៅទៀត ផលិតកម្ម Davitra មានអ្នកនិពន្ធ ល្បីៗ និងមានបទពិសោធន៍តែងនិពន្ធ និងក្រុមការងារដ៏មានវិជ្ជាជីវះខ្ពស់ ក្នុងការផលិតបទ Original ដែលស្របទៅនឹងក្តីស្រម៉ៃរបស់លោក ។


រយៈពេលជិត ៣ ខែនៅផលិតកម្ម ដាវីត្រា ផុន ផានិត បានចេញបទចម្រៀងថ្មីមិនចំលងបរទេសបាន ចំនួន ៧ បទ ឆាប់ៗខាងមុខលោកត្រៀមនឹងចេញបទចម្រៀងនេះជាបន្តបន្ទាប់ដើម្បីតម្រូវចិត្តអ្នកគាំ ទ្រ ។

 

ពេលនេះជីវភាព ផុន ផានិត ក៏មានភាពល្អប្រសើរច្រើន ព្រោះពេលចេញច្រៀងម្តងៗលោកទទួលបានប្រាក់កម្រៃច្រើនជាងមុន ៕ 

 

 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024