ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

ព្រាប សុវត្ថិ នឹងតំណាងឲ្យកម្ពុជា ក្នុងមហោស្រពតន្ត្រីជប៉ុន-អាស៊ានតាមអនឡាញ

០៤ មិថុនា ២០២១ | កម្សាន្ដ

តារាចម្រៀងជួរមុខនៅកម្ពុជា លោក ព្រាប សុវត្ថិ ឆាប់ៗនេះនឹងក្លាយជាសិល្បករតំណាងឲ្យព្រះរាជាណាចក្រកម្ពុុជា ក្នុង «មហោស្រពតន្ត្រីជប៉ុន-អាស៊ានតាមអនឡាញ» ដែលចាប់ផ្តើមពីថ្ងៃទី៥នេះតទៅ។

 


កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ ឆាប់ៗនេះនឹងតំណាងឲ្យព្រះរាជាណាចក្រកម្ពុជាក្នុង «មហោស្រពតន្ត្រីជប៉ុន-អាស៊ានតាមអនឡាញ» « Online ASEAN Japan Music Festival» ដែលមហោស្រពនេះចាប់ចាក់ផ្សាយពីថ្ងៃសៅរ៍ ទី៥ ខែមិថុនា ដល់ថ្ងៃសុក្រ ទី១១ ខែមិថុនា តាមគេហទំព័រយូធូបផ្លូវការរបស់មហោស្រព។

 


តាមរយៈ ស្ថានទូតជប៉ុននៅកម្ពុជា កាលពីព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ម្សិលមិញ បានឲ្យដឹងថា «មហោស្រពតន្ត្រីជប៉ុន-អាស៊ានតាមអនឡាញ» នឹងចាប់ផ្ដើមពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១នេះ ដោយតារាចម្រៀងតំណាងមកពីបណ្តាប្រទេសអាស៊ាន និងជប៉ុនបានចូលរួមក្នុងមហោស្រពតន្រ្តីជប៉ុន-អាស៊ាននេះ ក្នុងនោះតំណាងប្រទេសកម្ពុជា គឺលោក ព្រាប សុវត្ថិ ដែលជាតារាចម្រៀងម្នាក់ដ៏មានប្រជាប្រិយបំផុតនៅកម្ពុជាក៏មានវត្តមានផងដែរ។ 

 


នេះគឺជាលើកទី៤ហើយដែល «មហោស្រពតន្ត្រីជប៉ុន-អាស៊ាន» បានរៀបចំឡើង ក្នុងគោលបំណង បង្កើតទំនាក់ទំនងសហប្រតិបត្តិការ ដើម្បីសន្តិភាព ស្ថិរភាពការអភិវឌ្ឍន៍ និងវិបុលភាព នៅក្នុងតំបន់អាស៊ីអស់រយៈពេលជាង ៤០ឆ្នាំ។

 


ឆ្នាំ២០១៣ និង ២០១៨ «មហោស្រពតន្ត្រីជប៉ុន-អាស៊ាន» ត្រូវរៀបចំឡើងនៅប្រទេសជប៉ុន ឯឆ្នាំ២០១៩ គឺប្រទេសវៀតណាម ជាអ្នករៀបចំ។ ចំណែក «មហោស្រពតន្ត្រីជប៉ុន-អាស៊ានតាមអនឡាញ» ឆ្នាំ២០២១នេះ ប្រទេសជប៉ុន ជាអ្នករៀបចំ។

 


គួររំលឹកថា ៤ដងនៃ «មហោស្រពតន្ត្រីជប៉ុន-អាស៊ាន» កម្ពុជាចូលរួមបានចំនួន៣ដង ដោយខកខានការរៀបចំលើកទី៣។ ទើបឆ្នាំនេះជាឆ្នាំទី៤ ដែលកម្ពុជាត្រឡប់មកចូលរួម «មហោស្រពតន្ត្រីជប៉ុន-អាស៊ាន» វិញម្តងទៀត។ ក្នុងនោះ មានតែកំពូលតារាចម្រៀង ព្រាប សុវត្ថិ ម្នាក់ប៉ុណ្ណោះ បានក្លាយជាបុគ្គលតំណាងឲ្យកម្ពុជាក្នុង «មហោស្រពតន្ត្រីជប៉ុន-អាស៊ាន» ច្រើនឆ្នាំមកនេះ៕

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ភីអិនអិន និងហ្វេសប៊ុក 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024