ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

ត្រឹមតែប៉ុន្មានខែសោះ អុីណូ កើបលុយជាមួយការងារ BA ឱ្យក្រុមហ៊ុនតូចធំជាច្រើន ! 

០៥ ធ្នូ ២០២២ | កម្សាន្ដ

 

លោក អុីណូ កំពុងតែមមាញឹកកើបលុយជាមួយការងារតូចធំជាច្រើន ជាពិសេសថ្មីៗនេះលោកបានក្លាយទៅជា BA ប្រចាំនៅក្នុងក្រុមហ៊ុនធំរបស់ ថៃ ថែមទៀតផង។តារាចម្រៀងល្បីឈ្មោះរបស់ផលិតកម្ម សាន់ដេ លោក អ៊ីណូ មិនត្រឹមតែកំពុងកើបលុយជាមួយការងារសិល្បៈ និងការងាររកស៊ីផ្ទាល់ខ្លួនប៉ុណ្ណោះទេ ។ លោកថែមទាំងកំពុងមមាញឹកនៅក្នុងការធ្វើជា BA ឱ្យក្រុមហ៊ុនតូចធំជាច្រើន ជាក់ស្តែងកាលពីថ្ងៃទី ០១ ខែ ធ្នូ កន្លងមកនេះ លោកទើបចុះកុងត្រាថ្មីធ្វើជា BA  ឱ្យក្រុមហ៊ុនធំមួយរបស់ប្រទេស ថៃ ថែមទៀតផង ។ 

 

ចាត់ទុកថាគឺជាដំណឹងដ៏ល្អថ្មីមួយទៀត សម្រាប់តារាចម្រៀងរូបនេះ ត្រូវបានជនជាតិ ថៃ តែងតាំងជា BA ឱ្យក្រុមហ៊ុនធំមួយដែលនាំចូលនូវផលិតផលទឹកអប់ និង ឡេទឹកអប់ដ៏ល្បីល្បាញ យីហោ អៃឌូ ត្រូវបាននាំចូលមកកម្ពុជា។ លោក ថាន់ណាត់ អគ្គនាយកក្រុមហ៊ុន ជាជនជាតិថៃ បានលើកឡើងថា ដោយសារតែផលិតផល អៃឌូ ទទួលបានការគាំទ្រខ្លាំងនៅក្នុងប្រទេស ថៃ ហើយស្របពេលទីផ្សារនៅក្នុងប្រទេសកម្ពុជា ក៏មានការរីកចំរើនលើវិស័យគ្រឿងសម្អាងផង ទើបលោកសម្រេចចិត្តនាំផលិតផលមួយនេះ នៅកម្ពុជា។ 

 


ដោយឡែកសម្រាប់តារាចម្រៀងលោក អ៊ីណូ ថ្វីដ្បិតតែលោកទើបតែបានជួបមែន តែលោកយល់ថា លោកគឺជាតារាចម្រៀងមួយរូប ដែលមានការទទួលខុសត្រូវខ្ពស់ មានចរិតរួសរាយរាក់ទាក់ ហើយក្រោយពេលតាមដាននៅលើបណ្ដាញសង្គមក៏កត់សម្គាល់ថាលោកគឺជាតារាល្បីម្នាក់នៅកម្ពុជា ដូច្នេះទើបលោកសម្រេចចិត្តជ្រើសរើសយកលោក អ៊ីណូ ធ្វើជា BA ដើម្បីផ្សព្វផ្សាយពីផលិតផលរបស់លោក ។

 

 

លោក អ៊ីណូ បានបញ្ជាក់ប្រាប់ថា លោកបានទទួលធ្វើជា BA ឱ្យផលិតផលម៉ាក់ អៃឌូ ពេញរយៈពេល១ឆ្នាំនិងទទួលបានតម្លៃខ្លួនខ្ពស់គួរសម ។  បន្ទាប់ពីតែងតាំងធ្វើជា BA  មកលោកនឹងបំពេញការងារនៅទីនោះទៅតាមគម្រោងដែលបានគ្រោងទុក តែមុននឹងទទួលការងារនេះលោកបានសាកល្បងប្រើប្រាស់ផលិតផលម៉ាក អៃឌូ រយៈពេលជិតមួយខែ ដោយមើលឃើញលទ្ធផលនេះពិតជាល្អដូចអ្វីដែលក្រុមហ៊ុននិយាយ លោកក៏សម្រេចចិត្តទទួលធ្វើការងារនេះតែម្តង  ។

 

 

លោក បានព្យាយាមសង្វាតការងារតូចធំជាច្រើនដោយមិនព្រលែងដៃនោះទេ សំខាន់ឱ្យតែនិយាយត្រូវថ្លៃគ្នា គឺលោកទទួលធ្វើទាំងអស់ ជាក់ស្តែងគ្រាន់តែប៉ុន្មានខែចុងក្រោយនេះ លោកមិនត្រឹមតែក្លាយជា BA ឱ្យក្រុមហ៊ុនអចលទ្រព្យ និងក្រុមហ៊ុនធុងបាស់ប៉ុណ្ណោះទេ ពេលនេះថែមទាំងក្លាយទៅជា BA ឱ្យផលិតផល អៃឌូ ផងដែរ ។  លោកពិតជាសប្បាយចិត្តជាមួយការងារដែលជាញើសឈាមរបស់ខ្លួន ហើយនៅឆ្នាំ ២០២៣ ខាងមុខលោកមានគម្រោងការងារថ្មីៗជាច្រើនទៀតដែលត្រៀមនឹងបង្ហាញអ្នកគាំទ្រ ៕  

 

 

អត្ថបទ ម៉ា រីសា រូបភាព ៖ ផ្តល់ឱ្យ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024