ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

តំបន់ចំនួន៩នៅប្រទេសឥណ្ឌាកំពុងផ្ទុះជំងឺផ្តាសាយបក្សី

 

រដ្ឋាភិបាលឥណ្ឌានៅថ្ងៃច័ន្ទបានប្រកាសថា​ តំបន់ចំនួន៩នៅប្រទេសឥណ្ឌារួមមាន រដ្ឋម៉ាហារ៉ាស្ត្រា(Maharashtra) រដ្ឋកឺរ៉ាឡា(Kerala) និងទីក្រុងញូវដេលី(New Delhi) កំពុងទទួលរងគ្រោះជំងឺផ្តាសាយបក្សី ដែលបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ឧស្សាហកម្មចិញ្ចឹមសត្វមាន់ទារបស់ប្រទេសឥណ្ឌាក្នុងអំឡុងពេលមានជំងឺឆ្លងរាលដាលកូវីដ១៩ផងនោះ។

 

 

 

 

 

ជំងឺឆ្លងកូវីដ១៩ផង និងជំងឺផ្តាសាយបក្សីផង ធ្វើអោយហាងលក់សាច់សត្វមួយកន្លែងនៅក្នុងទីក្រុងញូវដេលី ធ្លាក់ចុះចំនួនអតិថិជន។ ជាច្រើនថ្ងៃមកហើយហាងគ្មានសត្វមាន់រស់លក់ឡើយ។ បុគ្គលិកហាងលក់សាច់មាន់ម្នាក់បានលើកឡើងថា ក្នុងមួយថ្ងៃហាងរបស់ខ្លួនអាចលក់បានមាន់ធ្វើហើយពី៦០ទៅ៦៥ក្បាល ប៉ុន្តែឥឡូវនេះក្នុងរយៈពេល៣ថ្ងៃលក់មាន់មិនបាន១០ក្បាលផងទេ។

 

 

ងាកមកអតិថិជនវិញ បានលើកឡើងថា ពួកគេបារម្ភពីជំងឹផ្តាសាយបក្សី។ ដូច្នេះពួកគេក៏ឈប់ទិញមាន់ហើយ សូម្បីតែស៊ុតមាន់ក៏លេងទិញដែរ។ ពួកគេមិននាំយករបស់អាចនាំចម្លងរោគចូលផ្ទះឡើយ។ អតិថិជនងាកទៅទិញសាច់ចៀមជំនួសវិញ ហើយតម្លៃក៏ឡើងថ្លៃតាមហ្នឹងដែរ។  

 


តំបន់ជាច្រើននៅប្រទេសឥណ្ឌាបញ្ឈប់ការធ្វើអាជីវកម្មផលិតផលសត្វមាន់ទារវាងរដ្ឋនិងរដ្ឋ។ សមាគមន៍ឧស្សាហកម្មសត្វមាន់ទារបស់ប្រទេសឥណ្ឌា បានបង្ហាញថា ការលក់សាច់មាន់ នៅទូទាំងប្រទេសឥណ្ឌា បានធ្លាក់ចុះ៧០ទៅ៨០ភាគរយកាលពីសប្តាហ៍កន្លងទៅដោយសារការផ្ទុះជំងឺផ្តាសាយបក្សី។ ជាមួយគ្នាតម្លៃសត្វមាន់ធ្លាក់ចុះ៥០ភាគរយ។ ចំណែកតម្លៃស៊ុតមាន់ទា ធ្លាក់ចុះប្រហែល១៥ ទៅ២០ភាគរយ។

 


តាមការព្រមានពីរដ្ឋាភិបាលឥណ្ឌាអោយដឹងថា ផ្តាសាយបក្សីអាចចម្លងតាមលាមកបក្សីឈឺ។ ដោយសារជារដូវកាលបក្សីចំណាកស្រុកផង អាជ្ញាធរឥណ្ឌា បានស្នើអោយបណ្តារដ្ឋនៅឥណ្ឌារក្សាការប្រុងប្រយ័ត្ន និងជួយទប់ស្កាត់ការចម្លងជំងឺ។

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024