ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០២៤

អាជ្ញាធរជាតិអប្សរាសែនព្រេន បើកការដ្ឋានជួសជុលប្រាសាទបាយ័ន ដែលមានសភាពទ្រុឌទ្រោម

០៧ មករា ២០២១ | ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី៦ ខែមករានេះ បានរៀបចំសែនព្រេន ដើម្បីបើកការដ្ឋានជួសជុលប្រាសាទបាយ័ន នៅជាន់ទី៣ ដែលមានសភាពទ្រុឌទ្រោម។ អាជ្ញាធរអប្សរា ឲ្យដឹងថា ការជួសជុលនេះ នឹងប្រើរយៈពេល ១ឆ្នាំ មុននឹងបើកដំណើរការឲ្យភ្ញៀវចូលទស្សនាជាថ្មី។

 


ប្រាសាទបាយ័ននៅរួតទី៣ បានទ្រុឌទ្រោមដោយសាររចនាសម្ព័ន្ធថ្មប្រាសាទក្រៀកចេញពីគ្នា ព្រោះតែអាកាសធាតុ អាយុកាលសំណង់ ការចុះខ្សោយនៃគុណភាពនៃរចនាសម្ពន្ធសំណង់ ដែលអាចនាំឲ្យមានគ្រោះថ្នាក់ដល់សំណង់ប្រាសាទទាំងមូល រួមទាំងទេសចរផង បើជួសជុលមិនទាន់ពេលវេលា។ នេះបើតាមការឲ្យដឹងពីឯកឧត្តម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា។

 


ការបើកការដ្ឋានជួសជុលឡើងវិញនេះ ធ្វើឡើងដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរា ដែលនឹងចំណាយរយៈពេលមួយឆ្នាំ ដើម្បីជួសជុលប្រាសាទបាយ័ន្តនៅរួតទី៣នេះ ឲ្យរួចរាល់ជាស្ថាពរបើពុំមានបញ្ហារាំងស្ទះអ្វីកើតឡើង ទាំងការរៀបចំគូសប្លង់ សិក្សាស្រាវជ្រាវ ចងក្រងឯកសារ និងឆ្លងយោបល់ពីអ្នកជំនាញការអាដហុក។

 

 

ចំពោះដំណើរការជួសជុល អ្នកជំនាញអាជ្ញាធរជាតិអប្សរា នឹងធ្វើការការរើថ្មចេញ ហើយរុញចូលវិញនៅជ្រុងទី៣ ទិសខាងត្បូង ការទល់ទ្រកន្លែងដែលមានហានិភ័យរកកលនឹងរលំដួលចំនួន ៥៦ចំណុចផ្សេងៗគ្នា។ ក្នុងនោះ ក៏នឹងមានការរៀបចំបិទភ្ជិតលើថ្នេរថ្មដែលវាប្រេះកុំឲ្យជ្រាបទឹកចូល និងសម្រួលថ្មរដិបរដុបមិនរាបស្មើ ដើម្បីកុំឲ្យបង្កគ្រោះថ្នាក់ដល់ភ្ញៀវពេលដើរទស្សនាប្រាសាទ។

 


សូមជម្រាបថា ប្រាសាទបាយ័ន្តមានទីតាំងស្ថិតនៅចំកណ្តាលនៃក្រុងអង្គរធំ។ ប្រាសាទនេះកសាងឡើងនៅចុងសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី ១៣ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧។ ដោយភាពមហិមានៃសំណង់ ទឹកមុខញញឹមនៃចម្លាក់មុខព្រហ្មនៃប្រាង្គប្រាសាទបាយ័ន្ត រួមនឹងក្បូរក្បាច់រចនា និងចម្លាក់ពិពណ៌នានូវជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុងសម័យនោះផង ប្រាសាទនេះបានក្លាយជាទីចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរគ្រប់ជាតិសាសន៍ដែលមកទស្សនាអង្គរ។


ដោយសារអាយុកាលដ៏យូរលង់ ផ្នែកខ្លះនៃប្រាសាទនេះបានជ្រុះធ្លាក់ ហើយផ្នែកខ្លះទៀតក៏ពុកផុយ ចម្លាក់មួយចំនួនក៏សឹករេចរឹលស្ទើរមើលលែងយល់ទៀតផង។ តាមឯកសារដែលនៅសេសសល់ បានឲ្យដឹងថា ប្រាសាទបាយ័ន្តត្រូវបានធ្វើការសិក្សាស្រាវជ្រាវ និងអភិរក្សជួសជុលជាបន្តបន្ទាប់ តាំងពីជំនាន់បារាំងនៅគ្រប់គ្រងមកម្ល៉េះ៕

 

អត្ថបទ៖ អឿន ភារ៉ា​ រូបភាព៖ ផ្តល់ដោយក្រុមការងារអាជ្ញាធរជាតិអប្សរា

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024