ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០២៤

អាជ្ញាធរជាតិអប្សរា កំពុងបង្កើនសកម្មភាពថែទាំសម្រស់ប្រាសាទ និងគម្របបៃតង ក្នុងតំបន់រមណីយដ្ឋានអង្គរ

១១ ឧសភា ២០២១ | ព័ត៌មានជាតិ

ក្នុងន័យ ដើម្បីទាក់ទាញ់ទេសចរឡើងវិញ ជាបណ្តើរៗ ក្នុងអំឡុងវិបតិ្តជំងឺកូវីដនេះ ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា កំពុងបង្កើនសកម្មភាពថែទាំសម្រស់ប្រាសាទ និងបង្កើនគម្របបៃតង ក្នុងតំបន់រមណីយដ្ឋានអង្គរ។ សកម្មភាពជាប្រចាំនេះហើយ ដែលធ្វើឲ្យរមណីយដ្ឋានអង្គរ នៅតែរក្សាបានភាពស្រស់ស្អាត។

 


ដើម្បីត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរសាជាថ្មីម្ដងទៀត ក្រុមការងារភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា កំពុងតែមមាញឹកក្នុងការរៀបចំសណ្តាប់ធ្នាប់ ការស្តារហេដ្ឋារចនាសម្ពន្ធ ធ្វើសួន ដាំកូនឈើ ការសម្អាតបរិស្ថាន ដែលទាំងនេះ គឺជាសកម្មភាពជាប្រចាំនៅអង្គរ។ 

 


អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ក្រៅពីភារកិច្ចប្រចាំការតាមប្រាសាទក្នុងការណែនាំភ្ញៀវ សម្របសម្រួលបញ្ហាផ្សេងៗ ភ្នាក់ងារទេសចរណ៍ ក៏បានចូលរួមយ៉ាងសកម្មជាមួយផ្នែកពាក់ព័ន្ធដទៃទៀតក្នុងតំបន់អង្គរ ដូចជា ការចូលរួមសម្អាតបរិស្ថាន ការតាមដានស្ថានភាពហានិភ័យនៃថ្មប្រាសាទ រនាំងថ្មបាំងទ្រូងផ្លូវ និងស្លាកសញ្ញាផ្សេងៗជាច្រើនកន្លែងទៀតក្នុងតំបន់អង្គរ ក្នុងគោលបំណង ដើម្បីលើកកម្ពស់សោភ័ណភាព អនាម័យ បរិស្ថាន និងសុខុមាលភាពរបស់ភ្ញៀវទេសចរដែលមកកម្សាន្ត។ 


ជាមួយគ្នានេះ ក្រុមការងារនាយកដ្ឋានសណ្ដាប់ធ្នាប់ សហការជាមួយភ្នាក់ងារទេសចរណ៍ កម្លាំងនគរបាលបេតិកភណ្ឌ និងក្រុមការងារព្រៃឈើរបស់អាជ្ញាធរជាតិអប្សរា បានដាំកូនឈើឡើងវិញ ក៏ដូចជាបំពេញចន្លោះខ្វះខាតនៅតាមតំបន់ប្រាសាទមួយចំនួនក្នុងតំបន់រមណីយដ្ឋានអង្គរផងដែរ។

 


បើតាមអាជ្ញាធរជាតិអប្សរា ដើមឈើដែលក្រុមការងារបានរៀបចំដាំឡើងវិញកាលពីពេលថ្មីៗនេះ រួមមាន នៅមុខប្រាសាទភ្នំបាខែង បានដាំកូនឈើចំនួន ៣១០ដើម មានដើមច្រេស១០០ដើម ដើមបេង៨០ដើម ដើមធ្នង់៨០ដើម និងដើមរំដួល៥០ដើម។ បន្ថែមពីនេះ ក្រុមការងារក៏បានសហការជីករណ្ដៅដាំកូនឈើនៅចំណុចកសិន្ធុខាងត្បូងអង្គរវត្ត និងបានដាំកូនឈើសរុប ២៦០ដើម មានដើមយាង ១០០ដើម ដើមគគីរ១០០ដើម និងដើមរំដួល៦០ដើម។

 


អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ក្រុមការងារនឹងនៅតែបន្តដាំដើមឈើដើម្បីបំពេញនៅទីកន្លែងមួយចំនួនទៀតនៅរមណីយដ្ឋានអង្គរ ក្នុងន័យដើម្បីបង្កើនគម្របព្រៃឈើ និងសោភ័ណភាពក្នុងតំបន់កាន់តែល្អប្រសើរ។ សកម្មភាពជាប្រចាំនេះហើយ ដែលធ្វើឲ្យរមណីយដ្ឋានអង្គរ នៅតែរក្សាបាននូវភាពស្រស់ស្អាត និងគង់វង្សយូរអង្វែង៕


អត្ថបទ៖ អឿន ភារ៉ា     រូបភាព៖ ក្រុមការងារអាជ្ញាធរជាតិអប្សរា
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024