ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០២៤

សំណង់ភោជនីយដ្ឋាន តូបលក់ដូរ អាគាររដ្ឋប្រមាណ ១៥០ខ្នង នៅមុខបរិវេណខាងលិចប្រាសាទអង្គរវត្ត ត្រូវបានរុះរើរួចរាល់ទាំងស្រុង

០១ កញ្ញា ២០២០ | ព័ត៌មានជាតិ

គិតមកដល់ចុងខែសីហានេះ សំណង់ភោជនីយដ្ឋាន អាគាររដ្ឋ តូបលក់ដូរវត្ថុអនុស្សាវរីយ៍ លក់ម្ហូបអាហារ សម្លៀកបំពាក់ និងគ្រឿងភេសជ្ជៈផ្សេងៗចំនួនប្រមាណ១៥០ខ្នង បរិវេណខាងលិចប្រាសាទអង្គរវត្ត ទាំងផ្នែកខាងត្បូងផ្លូវចូល និងមាត់ត្រពាំងសេស ត្រូវបានរុះរើរួចរាល់ទាំងស្រុង។ នេះបើតាមការឲ្យដឹងពីអាជ្ញាធរជាតិអប្សរា។

 


អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា ដំណើរការនៃការរុះរើសំណង់ទាំងនេះ បានដំណើរការកាលពីដើមឆ្នាំ២០២០ ដោយមានការស្ម័គ្រ និងឆន្ទៈរួមចំណែកក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ និងសម្បទាទេសចរណ៍របស់ម្ចាស់សំណង់អាជីវកម្ម ក្រោមកិច្ចសម្របសម្រួលរបស់អាជ្ញាធរជាតិអប្សរា ដើម្បីរួមគ្នាលើកតម្លៃរមណីយដ្ឋានអង្គរឲ្យសាកសមជាបេតិកភណ្ឌពិភពលោក។ 

 


បើតាមអាជ្ញាធរជាតិអប្សរា ចំពោះអាជីវករដែលបានរុះរើតូបខ្លួនរួចរាល់ហើយ នឹងចាប់ផ្តើមដំណើរការលក់ដូរឡើងវិញ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០នេះតទៅ នៅក្នុងបរិវេណនៃបណ្តុំអាគារទីលានបដិសណ្ឋារកិច្ច ដែលជាសំណង់ថ្មី ស្អាត ងាយស្រួល ហើយមានអនាម័យជាងមុន។ 

 


សូមបញ្ជាក់ថា តាមគម្រោងរបស់អាជ្ញាធរជាតិអប្សរា នឹងកែប្រែតំបន់អតីតសំណង់ដែលរុះរើនេះហើយ រៀបចំឲ្យក្លាយជាផ្លូវថ្មើជើង សួនឈើប្រណីត ឈើផ្កាព្រៃ និងរុក្ខជាតិលម្អឲ្យមានភាពស្រស់បំព្រង មានពណ៌បៃតង បរិយាកាសល្អ និងសណ្តាប់ធ្នាប់កាន់ប្រសើរឡើង គួរជាទីទាក់ទាញភ្ញៀវទេសចរ ជាពិសេសទេសចរនឹងរឹតតែពេញចិត្តចំពោះសមិទ្ធផលថ្មីៗទាំងនេះ ជាក់ជាមិនខាន៕

អត្ថបទ៖ អឿន ភារ៉ា     រូបភាព៖ ឯកសារ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024