ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០២៤

អាជ្ញាធរ និងសង្គមស៊ីវិល ជំរុញអោយប្រជាសហគមន៍នេសាទ បន្តចូលរួមអភិរក្សធនធានជលផល

១៨ ធ្នូ ២០២០ | ព័ត៌មានជាតិ

អាជ្ញាធរ និងសង្គមស៊ីវិល ជំរុញដល់ប្រជាពលរដ្ឋទាំងអស់ក្នុងសហគមន៍នេសាទឃុំផាត់សណ្តាយ បន្តចូលរួមអភិរក្សធនធានជលផលបន្តទៀត ដើម្បីបង្កើនផលស្តុកធនធានជលផល ក្នុងប្រទេសកម្ពុជា។ ក្នុងនោះ អាជ្ញាធរ និងសង្គមស៊ីវិល ក៏ជំរុញដល់ប្រជាពលរដ្ឋ ដែលជាអ្នកនេសាទទាំងអស់ ត្រូវបញ្ឈប់រាល់សកម្មភាពឈួសឆាយតំបន់ព្រៃលិចទឹកដែលជាជម្រកត្រីពង និងជាតំបន់ទេសចរណ៍ផងដែរ។ 

 


អាជ្ញាធរខេត្តកំពង់ធំ និងអង្គការសង្គមស៊ីវិល បានជំរុញដល់ប្រជាពលរដ្ឋទាំងអស់ក្នុងសហគមន៍នេសាទឃុំផាត់សណ្តាយ ក្នុងស្រុកកំពង់ស្វាយ អោយបន្តចូលរួមអភិរក្សធនធានជលផលបន្តទៀត ដើម្បីបង្កើនផលស្តុកធនធានជលផលក្នុងប្រទេសកម្ពុជា។

 


លោក យុក សេងឡុង នាយកប្រតិបត្តិរងនៃអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល (FACT) បានបញ្ជាក់ថា ប្រជាពលរដ្ឋនៅក្នុងសហគមន៍ផ្ទាល់ ជាតួអង្គសំខាន់ក្នុងការគ្រប់គ្រងធនធានជលផលប្រកបដោយនិរន្តរភាព តាមរយៈសកម្មភាពការពារអភិរក្ស ដោយមិនប្រព្រឹត្តបទល្មើសនេសាទជាដើម។

 


ជាមួយគ្នានេះ ក្នុងពិធីបើកកិច្ចប្រជុំកសាងផែនការយុទ្ធសាស្ត្រ ការពង្រឹងការងារផ្ទៃក្នុង និងទស្សនកិច្ចសិក្សា ផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមក របស់អង្គការស្តីពីជលផល ផ្តោតលើការចូលរួមគ្រប់គ្រងធនធានជលផលប្រកបដោយនិរន្តរភាព កាលពីថ្ងៃទី១៦ ខែធ្នូ ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ ក៏បានអំពាវនាវដល់ប្រជានេសាទក្នុងសហគមន៍ កុំអោយមានការកាប់ទន្ទ្រានព្រៃលិចទឹក ជាពិសេសបញ្ឈប់រាល់សកម្មភាពឈួសឆាយតំបន់ព្រៃលិចទឹក យកធ្វើជាកម្មសិទ្ធិបន្តទៀត  ដើម្បីទុកជាជម្រកត្រីពង និងជាតំបន់ទេសចរណ៍ដ៏សំខាន់ ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។

 


គួរបញ្ជាក់ថា ឃុំផាត់សណ្តាយ ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានភូមិចំនួន៥ មានប្រជាពលរដ្ឋរស់នៅចំនួនជាង១ពាន់គ្រួសារ ហើយប្រជាពលរដ្ឋប្រមាណ ៩០ភាគរយជាអ្នកប្រកបរបរនេសាទត្រី។ 

 

 


ក្រោមជំនួយពីអង្គការហ្វេកាលដើមឆ្នាំ២០១៩ មកដល់ចុងឆ្នាំ២០២០នេះ សហគមន៍នេសាទឃុំផាត់សណ្តាយ បានផ្តោតជាសំខាន់ជាច្រើនរួមមានការងារអភិរក្ស សេវាកម្មអេកូរទេសចរណ៍ ការបង្កើនជីវភាពរបស់ប្រជានេសាទ តាមរយៈការបង្កើតប្រភពមុខរបរចម្រុះ ដូចជា ក្រុមកែឆ្នៃកាបូបនិងវត្ថុអនុស្សាវររីយ៍  ក្រុមសន្សំ ក្រុមកែច្នៃផលិតកម្មត្រី  ការលើកកម្ពស់សុខុមាលភាពនិងបរិស្ថាន ដោយរៀបចំអោយមានស្ថានីយផលិតទឹកបរិសុទ្ធ និងឡសម្រាប់ដុតសំរាមជាដើម។ បច្ចុប្បន្នសហគមន៍នេសាទមួយនេះ ក៏កំពុងវិវត្តខ្លួន ក្លាយជាទីតាំងទេសចរណ៍ដ៏ទាក់ទាញថ្មីមួយ របស់ខេត្តកំពង់ធំផងដែរ៕

 

អត្ថបទ៖សន រដ្ឋា រូបភាព៖ ញិល សុជា
 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024